យោងតាមទិន្នន័យដែលចេញដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជាបាននាំចេញទំនិញចម្រុះទៅកាន់ទីផ្សារសហរដ្ឋអាមេរិកគិតជាទឹកប្រាក់សរុបប្រមាណជា ៤.២ ពាន់លានដុល្លារ។ ដែលចំនួននេះបានថយចុះជិត ៩% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២កន្លងទៅ។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក ក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ មានចំនួនទឹកប្រាក់ជាង ៤.៣៥ពាន់លានដុល្លារ ថយចុះ ៩.៦ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២។ ក្នុងនោះ សម្រាប់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញទំនិញទៅអាមេរិកក្នុងទឹកប្រាក់ជាង ១ពាន់លានដុល្លារ កើនឡើង ១៣ភាគរយ បើធៀបនឹងឆ្នាំ២០២២។ រីឯការនាំចូលពីអាមេរិកមកវិញមានចំនួនទឹកប្រាក់ចំនួន ២៥លានដុល្លារ ធ្លាក់ចុះជាង ២៥ភាគរយ។
ទំនិញសំខាន់ៗដែលកម្ពុជានាំទៅអាមេរិក មានដូចជា សម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងអគ្គិសនី និងកង់ ខណៈទំនិញអាមេរិកនាំមកកម្ពុជា មានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថជាដើម។
គួរកត់សម្គាល់ថា បន្ទាប់ពីទីផ្សារអាមេរិក កម្ពុជាបាននាំចេញទំនិញចម្រុះទៅកាន់ទីផ្សារប្រទេសចិន ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៧១៣លានដុល្លារ កើនឡើង ១៦.៦ភាគរយ បើធៀបនឹងឆ្នាំ២០២២ កន្លងទៅ។
កាលពីឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជាង ៩ ២៨១ ពាន់លានដុល្លារ កើនឡើង ១៨,៦ ភាគរយបើធៀបឆ្នាំ២០២១ ដែលមានចំនួន ៧ ៨២៦ ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជិត ៨ ៩៦៩ លានដុល្លារ កើនឡើង ១៩,៧ ភាគរយ និងនាំចូលមានចំនួនជាង ៣១២ លានដុល្លារ ធ្លាក់ចុះ ៧,១ ភាគរយ៕