ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងវេទិកាជំរុញពាណិជ្ជកម្មកម្ពុជា-វៀតណាម ដោយបានគូសបញ្ជាក់ថា វេទិកានេះពិតជាមានតម្លៃ និងជាឱកាសដ៏សំខាន់ ដែលអនុញ្ញាតឱ្យភាគីកម្ពុជា និង វៀតណាម បានរួមគ្នាដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់កិច្ចសហការក្នុងវិស័យយុទ្ធសាស្ត្រនានាឱ្យបានកាន់តែល្អប្រសើរ ជាពិសេស លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ភស្តុភារកម្ម និងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានបញ្ជាក់បន្ថែមទៀតថា ៖
«ខណៈដែលបរិយាបទពិភពលោកដែលមានភាពមិនប្រាកដប្រជានាពេលបច្ចុប្បន្ន តម្រូវឱ្យយើងធ្វើការរួមគ្នា ដើម្បីកសាងបណ្តាញពាណិជ្ជកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបង្កើនតម្លៃបន្ថែមនៃផលិតកម្មកសិកម្ម ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ ពិតជាមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន»។

ឯកឧត្តម ស៊ាង ថៃ បានបញ្ជាក់ថា៖ ក្រសួងពាណិជ្ជកម្ម បាន និងកំពុងយកចិត្តទុកដាក់ណែនាំ និងចង្អុលបង្ហាញឱ្យផលិតករកម្ពុជា ខិតខំផលិតទំនិញដែលប្រកបដោយគុណភាព ធានាសុវត្ថិភាព មានស្តង់ដារខ្ពស់ ការវេចខ្ចប់បានត្រឹមត្រូវ និងតម្លៃសមរម្យ សំដៅលើកកំពស់សមត្ថភាពប្រកួតប្រជែង ជំរុញការនាំចេញទំនិញទៅកាន់ទីផ្សារក្រៅប្រទេសឱ្យបានកាន់តែច្រើន។ បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មជាសេនាធិការ មានតួនាទី និងភារកិច្ច ស្វែងរកទីផ្សារ លើកកម្ពស់ផលិតផលជាតិ ជំរុញការនាំចេញផលិតផល និងសេវាកម្ម។

សូមជម្រាបថា ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទេ្វភាគីរវាងប្រទេសទាំងពីរ កម្ពុជា -វៀតណាម មានទំហំទឹកប្រាក់ច្រើនជាង ១០ ពាន់លានដុល្លារ ខណៈដែលរដ្ឋាភិបាលនៃប្រទេសទាំង២មានគោលដៅបង្កើនទំហំពាណិជ្ជកម្មឱ្យដល់២០ពាន់លានដុល្លារនាពេលប៉ុន្មានឆ្នាំខាងមុខនេះ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content