របាយការណ៍ស្រាវជ្រាវដែលរៀបចំ និងបង្កើតឡើងដោយ The Insider Monkey ប្រមូលបានពីទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) សម្រាប់ឆ្នាំ២០២៣នេះបានបង្ហាញថា កម្ពុជាបានជាប់ឈ្មោះនៅក្នុងបញ្ជីប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងបំផុតទាំង១៦ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងពិភពលោក។

បញ្ជីចំណាត់ថ្នាក់ដែលមានឈ្មោះថា 16 Fastest Developing Countries in 2023 បានផ្តោតសំខាន់ទៅលើប្រទេសក្នុងតំបន់អាស៊ី និងអាហ្វ្រិក។ The Insider Monkey បានសរសេរថា ៖ មិនមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេ ពីព្រោះថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយតំបន់ទាំងនេះទទួលបានកំណើនទាំងប្រជាជាតិ ទាំងកំណើននៃពលរដ្ឋរស់នៅតាមទីក្រុងផងដែរ។
អ្វីដែលគួរឲ្យកត់សំគាល់បំផុតសម្រាប់ដំណឹងដ៏គួរឲ្យរីករាយមួយនេះ យើងអាចមើលឃើញទាំងអស់គ្នាហើយថា ស្ថិតនៅក្នុងពេលដែលពិភពលោក ក៏ដូចជាកម្ពុជាផ្ទាល់បានជួបប្រទះទៅនឹងវិបត្តិសកលផ្ទួនៗនារយៈប៉ុន្មានឆ្នាំចុងក្រោយនេះ បូករួមទាំងវិបត្តិកូវីដ, សង្គ្រាមនៅអ៊ុយក្រែនដែលកំពុងធ្វើឲ្យកើតមានជាវិបត្តិស្បៀងអាហារ និងវិបត្តិថាមពលផងដែរ ហើយលើសពីនេះក៏មានវិបត្តិធំៗជាច្រើនទៀតដូចជាអតិផរណា និង បញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។

កិច្ចខិតខំទប់ស្កាត់របស់បណ្តារដ្ឋាភិបាលនានាលើពិភពលោកនៅចំពោះមុខ វិបត្តិទាំងនោះបានកើតឡើងនៅគ្រប់ទីកន្លែង ប៉ុន្តែប្រទេសដែលទទួលបានលទ្ធផល និងមានប្រសិទ្ធភាពជាងគេចំពោះកិច្ចការងារគ្រប់គ្រងវិបត្តិគឺជាអ្នកដែលនឹងអាចងើបសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។ ដោយឡែក សម្រាប់តែកម្ពុជា មិនត្រឹមតែអាចគ្រប់គ្រងស្ថានការណ៍បានល្អ ជំនះលើរាល់វិបត្តិប៉ុណ្ណោះទេ ថែមទាំងអាចទទួលបានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេលេខរៀងទី១៤ ក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំង១៥២លើពិភពលោក។
តួលេខដែល The Insider Monkey ប្រមូលបានបង្ហាញថា កម្ពុជាទទួលបានកំណើនផលិតផលក្នុងស្រុក ឬ GDP កាលពីឆ្នាំ២០២១ ចំនួន ២៦,៩៦ពាន់លានដុល្លារ ហើយបានឈានដល់ទៅ ៧៥ពាន់លានដុល្លារក្នុងលក្ខខណ្ឌស្មើគ្នានៃអំណាចទិញគិតត្រឹមចុងឆ្នាំ២០២២។

ផ្អែកតាមរយៈរបាយការណ៍ដដែលបានសរសេរលើកសរសើរទៀតថា កម្ពុជាកំពុងងើបឡើងវិញខ្លាំងនៃសេដ្ឋកិច្ចក្រោយវិបត្តិ តាមរយៈវិស័យសំខាន់ៗដែលកំពុងមានវឌ្ឍនភាព ក្នុងនោះរួមមានដូចជា វិស័យរោងចក្រ, វិស័យកសិកម្ម តាមរយៈការនាំចេញកសិផល ក៏ដូចជាវិស័យធំៗជាច្រើនទៀត ជាពិសេសវិស័យទេសចរណ៍ដែលកំពុងបង្ហាញជាសកល។ គួរឲ្យដឹងដែរថា The Insider Monkey គឺជាក្រុមហ៊ុនដែលមានជំនាញលើវិស័យហិរញ្ញវត្ថុពាណិជ្ជកម្ម និងជាអ្នកជំនាញខាងប្រមូលអ្នកវិនិយោគិនតាំងតែពីឆ្នាំ២០០៣ ដែលមានមូលដ្ឋាននៅក្នុងរដ្ឋញូវជេស៊ីសហរដ្ឋអាមេរិក៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content