បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា លោក Elon Musk បានរិះគន់យ៉ាងធ្ងន់លើច្បាប់ពន្ធ និងចំណាយរបស់ប្រធានាធិបតី Donald Trump ដោយពណ៌នាថា “គួរឲ្យស្អប់ខ្ពើម”។

កាលពីខែមុន សភាតំណាងរាស្រ្តបានអនុម័តសេចក្តីព្រាងច្បាប់មួយដោយរួមបញ្ចូលការផ្តាច់ពន្ធរាប់លានដុល្លា និងការចំណាយលើវិស័យការពារជាតិបន្ថែមទៀត ដែលធ្វើឱ្យរដ្ឋាភិបាលអាម៉េរិកត្រូវខ្ចីប្រាក់បន្ថែមទៀត។ នៅក្នុងទម្រង់សេចក្តីព្រាងច្បាប់នោះ ត្រូវបានគេប៉ាន់ប្រមាណថានឹងបង្កើនឱនភាពថវិកា (ការចំណាយរបស់រដ្ឋាភិបាលលើសពីប្រាក់ចំណូលដែលប្រមូលបាន) មានប្រហែល ៦០០ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធបន្ទាប់។
កាលពីថ្ងៃអង្គារ៍ លោក Elon Musk បានបង្ហោះនៅលើ X ថា ៖
«វាពិតជាមានភាពអាម៉ាស់ចំពោះអ្នកដែលបានបោះឆ្នោតឱ្យ (ដែលលោកចង់សំដៅទៅ Trump) ។ ខ្ញុំសុំទោស ប៉ុន្តែខ្ញុំមិនអាចទ្រាំបានទៀតទេ។ ច្បាប់ចំណាយមួយនេះមានភាពហួសចិត្តជាខ្លាំង និងគួរឲ្យស្អប់ខ្ពើម ដោយសារវានឹងបង្កើនឱនភាពថវិកាជាតិដ៏ធំសម្បើមដល់ទៅ ២,៥ ទ្រីលានដុល្លារ ហើយពលរដ្ឋអាម៉េរិកនឹងមានបន្ទុកជាមួយនឹងបំណុល។ សភាកំពុងធ្វើឱ្យអាមេរិកក្ស័យធន»។ នេះគឺជាការរិះគន់ជាលើកដំបូងរបស់ Elon Musk ទៅកាន់ Trump បន្ទាប់ពីលោកលាលែងពីតំណែងនៅក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE)។

ទន្ទឹមនឹងនេះ ខាងបក្សប្រជាធិបតេយ្យ បានសារទរចំពោះការរិះគន់របស់ លោក Elon Musk ទោះបីជាពួកគេធ្លាប់រិះគន់ពីតំណែង និងការងាររបស់គាត់នៅក្រសួង DOGE ក៏ដោយ។
លោក Chuck Schumer ប្រធានក្រុមសមាជិកព្រឹទ្ធសភា បាននិយាយថា ៖
«សូម្បីតែ Elon Musk ដែលធ្លាប់ជាផ្នែកមួយនៃដំណើរការទាំងមូល និងជាមិត្តភ័ក្តិម្នាក់របស់ Trump បាននិយាយថា ច្បាប់នេះគឺមិនល្អទៅហើយ។ ដូច្នោះ យើងអាចស្រមៃមើលថាតើច្បាប់នោះអាក្រក់ប៉ុណ្ណា?»




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content