ភ្នំពេញ៖ ក្រុមហ៊ុន Shanghai Geoharbour Group ដែលសាងសង់គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី បានបង្ហាញពីបំណងចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
នៅក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក XU Shilong អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Group បានមានប្រសាសន៍ថា៖ ក្រុមហ៊ុនរបស់លោកមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី រួមមាន កំពង់ផែ, អាកាសយានដ្ឋាន, និងកោះសិប្បនិម្មិតជាដើម។
លោកបានបញ្ជាក់ថា៖ ចំពោះសកម្មភាពក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាន និងកំពុងចូលរួមក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនបានចាប់អារម្មណ៍ស្វែងយល់បន្ថែមទៀតលើសក្ដានុពលនៃការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានអញ្ជើញមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់អំពីឱកាសវិនិយោគបន្ថែមនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនគណៈប្រតិភូអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចមាន គម្រោងផ្លូវល្បឿនលឿន គម្រោងព្រែកជីកហ្វូណនតេជោ និងកំពង់ផែ ដែលអនុញ្ញាតជូនវិនិយោគិនក៏ដូចជាក្រុមហ៊ុន Shanghai Geoharbour Group ផ្ទាល់អាចពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុនវិនិយោគផងដែរ៕






វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content