ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការប្រើប្រាស់សេវាធានាឥណទានសម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាខាងលើនេះបានថ្លែងថា ៖ អនុស្សរណៈយោគយល់គ្នានេះនឹងរួមគ្នាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្មឱ្យមានមូលដ្ឋានបច្ចេកទេស ផលិតតាមតម្រូវការទីផ្សារ មានគុណភាពល្អ កាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ៖
«សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ និងជាខែលដ៏រឹងមាំក្នុងការជួយប្រជាកសិករដែលខ្វះបច្ចេកទេស ប្រឈមនឹងបំរែបំរួលអាកាសធាតុ ខ្វះឥណទាន និងប្រឈមហានិភ័យទីផ្សារ។ ប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបាននូវការវិនិយោគ និងទុនគ្រប់គ្រាន់ សម្រាប់កសិផលសក្តានុពល ដូចជា ស្រូវអង្ករ ដំឡូងមី និងស្វាយចន្ទីជាដើម»។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាដៃគូដ៏ល្អ តាមរយៈការវាយតម្លៃ និងផ្តល់ធាតុចូលសំខាន់ៗក្នុងការរៀបចំផែនការអាជីវកម្មដល់សហគមន៍កសិកម្មទំនើបឱ្យជាចេញជារូបរាងពិតប្រាកដ និងទទួលបានជោគជ័យ។ ជោគជ័យនៅក្នុងវិស័យកសិកម្ម ត្រូវការកិច្ចចូលរួមពីស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដោយឆ្លងកាត់ការគិតគូរ និងចាំបាច់ត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានមានប្រសាសន៍ថា៖ អនុស្សរណៈនេះ នឹងអាចផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ដល់កសិករ ឈានទៅទទួលផលវិជ្ជមានជាផ្លែផ្កា និងលទ្ធផលល្អប្រសើរតាមការរំពឹងទុក ក្រោមម្លប់សុខសន្តិភាព។

គួរកត់សម្គាល់ថា គិតត្រឹមចុងខែសីហា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាឥណទានជូនដល់ ២៦៧៨ គណនី ក្នុងទំហំទឹកប្រាក់កម្ចីសរុបប្រហាក់ប្រហែល ២២៤.៨៩ លានដុល្លារ៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content