ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រសួងកសិកម្មត្រូវការដៃគូអភិវឌ្ឍន៍ ជាពិសេស វិស័យធនាគារ និងភាគីពាក់ព័ន្ធ ចូលរួមក្នុងវិស័យកសិកម្មផ្តល់ការជឿទុកចិត្តជាមួយគ្នា សំដៅជួយដល់ប្រជាកសិករ បង្កើនប្រាក់ចំណេញ ទទួលបានការវិនិយោគ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងជំនួបការងារជាមួយ លោក Hendrik Gezienus MULDER នាយកប្រតិបត្តិធនាគារស្ថាបនា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម បានសម្តែងការស្វាគមន៍ចំពោះធនាគារស្ថាបនា ដែលបង្ហាញពីបំណងសិក្សា និងពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យកសិកម្ម។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖
«ការផ្តល់កម្ចីការប្រាក់ទាបដល់សហគមន៍កសិកម្មទំនើបក៏ជាតម្រូវការសំខាន់ដើម្បីគាំទ្រដល់ការរៀបចំផែនការផលិត កម្ម ច្បាស់លាស់ កាត់បន្ថយថ្លៃដើមផលិតនិងការចំណាយមិនចាំបាច់ មានកិច្ចសន្យាផលិតកម្ម និងមានទីផ្សារពិតប្រាកដ »។
ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងក្ដីសោមនស្ស ដែលធនាគារស្ថាបនាឯកភាពសហការជាមួយក្រសួងកសិកម្ម តាមរយៈការឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនាពេលដ៏ឆាប់ខាងមុខ៕