បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងបានឡើងថ្លៃជាង ៧% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីអ៊ីស្រាអែលបានគំរាម និងផ្តើមវាយប្រហារលើអ៊ីរ៉ង់ ដែលកាន់តែបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា និងបង្កើនក្ដីព្រួយបារម្ភដល់ការរំខានទៅលើការផ្គត់ផ្គង់ប្រេង។ ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៧,៦៣% ឬ ៧៤,៦៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ៧,៩១% ឬ ៧៣,៤២ ដុល្លារក្នុងមួយបារ៉ែល។
នៅថ្ងៃសុក្រសប្ដាហ៍នេះ អ៊ីស្រាអែល បានគំរាមអំពីការវាយប្រហារលើអ៊ីរ៉ង់ ខណៈដែលមានការរាយការណ៍ថា មានករណីបំផ្ទុះនៅក្នុងទីក្រុងតេអេរ៉ង់។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu លើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ គឺសំដៅធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ រោងចក្រមីស៊ីលផ្លោង និងសមត្ថភាពយោធាជាច្រើនរបស់ប្រទេសនេះ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានហៅការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ គឺជាសកម្មភាពឯកតោភាគី ហើយទីក្រុងវ៉ាស៊ីនតោនមិនជាប់ពាក់ព័ន្ធទេ។ បញ្ហានេះវាកាន់តែធ្វើឲ្យមានភាពតានតឹងជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិក ដើម្បីឈ្នះកិច្ចព្រមព្រៀងក្នុងការបញ្ឈប់អ៊ីរ៉ង់ទៅលើការផលិតសមាសធាតុសម្រាប់គ្រាប់បែកប៉ារ៉ាម៉ាណូ។
យ៉ាងណាមិញ អ៊ីរ៉ង់ បានប្រកាសភាពអាសន្ន ហើយកំពុងរៀបចំដើម្បីសងសឹក ដែលមិនគ្រាន់តែជាការរំខានប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងប៉ះពាល់ដល់ប្រទេសជិតខាងដែលផលិតប្រេងផងដែរ។ លោក Saul Kavonic អ្នកវិភាគថាមពលជាន់ខ្ពស់របស់ MST Marquee បានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើ អ៊ីរ៉ង់ បានបង្កើនហានិភ័យបន្ថែមទៀត ហើយជម្លោះនឹងជំរុញឲ្យអ៊ីរ៉ង់សងសឹកតាមរយៈហេដ្ឋារចនាសម្ព័ន្ធប្រេងនៅក្នុងតំបន់ ឬ រឹតបន្តឹងការនាំចេញប្រេង ហើយប្រសិនបើអ៊ីរ៉ង់ពិតជាធ្វើបែបនេះមែន ការផ្គត់ផ្គង់ប្រេងរហូតដល់ ២០ លានបារ៉ែលក្នុងមួយថ្ងៃនឹងត្រូវបានរារាំង៕