ភ្នំពេញ៖ ក្នុងរយៈពេល១សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា មានភ្ញៀវទេសចរជាតិប្រមាណ ២៦១ ៧០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ៥៤ ៣០០នាក់។ នេះបើតាមការឱ្យដឹងរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែកក្កដា។ ក្នុងរយៈពេលដូចគ្នានេះ សម្រាប់បណ្ណចូលទស្សនាតំបន់រមណីយដ្ឋានអង្គរដែលបានលក់ជូនភ្ញៀវទេសចរបរទេសសរុបចំនួន ១៥ ៣១១បណ្ណ កើនឡើង ១៨,១% និងទទួលបានចំណូលសរុប ៦៨៧ ៦៧២ដុល្លារ កើនឡើង ១៧,៧%។
ទាក់ទងនឹងជើងហោះហើរ ក្រសួងទេសចរណ៍បានឱ្យដឹងថា ជើងហោះហើរអន្តរជាតិចូលមកកាន់ប្រទេសកម្ពុជាសរុបមាន ៤៧៣ ជើងហោះហើរ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន ៣៤៩ ជើងហោះហើរ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមានចំនួន ១០៩ ជើងហោះហើរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមានចំនួន ១៥ ជើងហោះហើរផងដែរ។
គួរបញ្ជាក់ដែរថា កម្ពុជា នឹងទទួលបានកំណើនទេសចរកាន់តែច្រើនបន្ថែមទៀត នៅពេលជើងហោះហើរត្រង់ថ្មីរវាងទីក្រុងហាណូយ – ទីក្រុងភ្នំពេញ ចាប់ផ្ដើមនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ តទៅ ក៏ដូចជាជើហហោះហើររបស់ Thai Airway ភ្ជាប់មកកាន់អាកាសយានដ្ឋានអន្តរជាតិ-អង្គរ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤តទៅ៕