ភ្នំពេញ ៖ នៅក្នុងសហគមន៍មួយ ក៏ដូចជាក្រុមគ្រួសារ សិស្សានុសិស្ស យុវជន យុវនារី ជនងាយរងគ្រោះ និងសាធារណជនត្រូវងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង។

អ្នកស្រី សុង ម៉ាច ស្ថិតនៅក្នុងស្តង់តាំងពិព័រណ៌នៃព្រឹត្តិការណ៍ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ នេះ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ដែលមានយីហោ «អាម៉ាចហូលតាកែវ» បានប្រាប់ថា ការមកតាំងបង្ហាញផលិតផលក្នុងទិវានេះគឺចង់បង្ហាញដល់អ្នកគ្រូ លោកគ្រូ សិស្ស-និស្សិត ដែលបានមកទស្សនាពិព័រណ៌បានឃើញ និងស្វែងយល់ពីផលិតផលដែលបង្ហាញពីវប្បធម៌ខ្មែរ ។
អ្នកស្រី បានមានប្រសាសន៍ថា ៖
“ក្រុមនិស្សិត អាចចាប់យកជំនាញនៃការចេះផលិត ហើយក៏ជាជំនាញមួយដែលពួកគាត់អាចរៀនសូត្រដើម្បីយកទៅធ្វើជាមុខរបរចិញ្ចឹមជីវិត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របទៅនឹងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ នេះ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ»ដោយប្រធានបទនេះ ស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន ជាពិសេសប្រជាពលរដ្ឋម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត។”

អ្នកស្រីសុង ម៉ាច បានបញ្ជាក់ថា ការតាំងពិព័រណ៌ គឺមានបំណងជួយបំផុសគំនិតឱ្យយុវជន យុវនារី អាចចាប់យកមុខជំនាញតម្បាញ ឬអាចមានអ្នកបន្តវេនទៅថ្ងៃមុខទៀត ដើម្បីកុំឱ្យបាត់បង់កេរតំណែលរបស់ឪពុក ម្តាយ ដូនតាដែលបន្សល់ទុកជាយូរណាស់មកហើយ។
ម្ចាស់សិប្បកម្ម «អាម៉ាចហូលតាកែវ» រូបនេះបានបញ្ជាក់ដែរថា ទោះបីបច្ចុប្បន្នការលក់របស់មិនសូវបានថ្លៃ ក៏ប៉ុន្តែគាត់បានកម្រៃចំណេញតិចតួច ដើម្បីផ្គត់ផ្គង់ដល់ស្រ្តីត្បាញហូលចំនួន៣០នាក់ និងស្រ្តីត្បាញក្រមាប្រមាណជាង៣០នាក់ ចៀសវាងឱ្យពួកគាត់ការធ្វើចំណាកស្រុកឆ្ងាយពីលំនៅដ្ឋាន។
មន្ត្រីក្រសួងកិច្ចការនារី លោកស្រី រ៉ានី បានប្រាប់ AMS ថា ក្រសួងកិច្ចការនារី មានការបណ្តុះបណ្តាលវិជ្ជាជីវៈ តម្បាញ ហូល ផាមួង ស៊ឹង ក្រមា ជាដើម នៅមជ្ឈមណ្ឌល តាមបណ្តាខេត្ត ចំនួន១៤ រួមមានកណ្តាល ខេត្តកំពង់ស្ពឺ ក្រចេះស្ទឹងត្រែង កំពង់ចាម ព្រះវិហារ កំពង់ឆ្នាំង សៀមរាប ។ល។ ហើយការមកតាំងពិព័រណ៌ ក្នុងទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្នុងគោលបំណង លើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវេទ (TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

ម្ចាស់សិប្បកម្ម តារាហ្វូត លោក ម៉ៅ ចាន់ តារា បានប្រាប់ AMS ថា សិប្បកម្មកម្មរបស់លោកជាសិប្បកម្មក្នុងស្រុក បានចូលរួមផ្សព្វផ្សាយផលិតផលក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ដោយមានផលិតផលចម្រុះដូចជា ប្រេងសណ្ដែកផ្កាយធម្មជាតិ ស្លឹកគ្រៃ ប្រេងដូងធម្មជាតិ ប្រេងសណ្ដែកដី ប្រេងល្ងខ្មៅតែខ្ញី ម្រុំធម្មជាតិ ដែលសុទ្ធសឹងជាផលិតផល មានអត្ថប្រយោជន៍សម្រាប់សុខភាព ដែលច្នៃចេញពីវត្ថុធាតុដើមធម្មជាតិក្នុងស្រុកទាំងអស់ និងមានលក់គ្រាប់ស្វាយចន្ទីកែច្នៃ ដែលជាវត្ថុធាតុដើមរបស់ខ្មែរ។
លោក ម៉ៅ ចាន់ តារា បានមានប្រសាសន៍ថា ៖
“ការដាក់តាំងពិព័រណ៍នេះ គឺដើម្បីបំផុសផ្ដល់យុវជនឱ្យគាត់ងាករកចាប់យកជំនាញណាមួយ ច្បាស់លាស់ ដើម្បីទៅធ្វើជាមុខរបរចិញ្ចឹមជីវិត ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចខ្លួនឯង និងក្រុមគ្រួសារផងដែរ។”
ក្រៅពីនេះ លោក ចាន់ តារា ក៏មានបំណង ចង់ឱ្យកូនខ្មែរយល់ពីតម្លៃជំនាញវិជ្ជាជីវៈមួយដែលខ្មែរបានធ្វើ និងវេចខ្ចប់ដោយកូនខ្មែរ ដើម្បីជំរុញពង្រីកទីផ្សារបន្ថែម និងជំរុញការនាំចេញ ដើម្បីអាចលើកកម្ពស់ដល់សេដ្ឋកិច្ចសហគមន៍មូលដ្ឋានតាមរយៈការបង្កើតការងារ និងបង្កើនផលិតផលឱ្យកាន់តែច្រើនឡើងថែមទៀត៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content