ភ្នំពេញ៖ អភិបាលខេត្តតាកែវបានឱ្យដឹងថា មន្រ្តីជំនាញកំពុងសិក្សាលក្ខណៈបច្ចេកទេសក្នុងការកំណត់អត្ដសញ្ញាណរវាងបង្កងធម្មជាតិ និងបង្កងចិញ្ចឹម ខណៈក្រសួងពាណិជ្ជកម្ម គ្រោងរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ដ្រ «បង្កងទឹកសាបខេត្តតាកែវ» នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តតាកែវ» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានថ្លែងថា ភាពលំបាកក្នុងការកំណត់អត្ដសញ្ញាណបង្កងគឺដោយសារតែបង្កងធម្មជាតិ និងបង្កងចិញ្ចឹម មានលក្ខណៈមិនសូវខុសគ្នាប៉ុន្មាននោះទេ ហើយរសជាតិវិញក៏ប្រហាក់ប្រហែលគ្នាដែរ ខុសត្រង់តែបង្កងធម្មជាតិមានខួរច្រើនជាងបង្កងចិញ្ចឹម ទើបធ្វើឱ្យអ្នកទទួលទានចូលចិត្តបង្កងធម្មជាតិជាង។
ឯកឧត្តម បានមានប្រសាសន៍ថា ៖
“ការចុះបញ្ជីជាម៉ាកទំនិញសម្គាល់ភូមិសាស្ត្រនេះ គឺធ្វើឡើងដើម្បីកំណត់ថា មួយណាជាបង្កងធម្មជាតិ និងមួយណាជាបង្កងចិញ្ចឹម តែក៏មិនមានភាពលំបាកពេកក្នុងការចំណាំនោះដែរ។ ដូច្នេះ មន្ត្រីជំនាញកំពុងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីងាយស្រួលក្នុងការកត់សម្គាល់ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ដ្រឱ្យបានត្រឹមត្រូវ”
លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីសម្គាល់ម៉ាកភូមិសាស្ត្រនូវផលិតផលមួយចំនួនហើយ ដោយឡែកចំពោះ«បង្កងតាកែវ» ក្រសួងក៏គ្រោងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៣ ខាងមុខនេះដែរ ប៉ុន្តែត្រូវរង់ចាំការបោះឆ្នោតជ្រើសរើសប្រធាន, អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសមាគមនេះសិន និងការរៀបចំមហាសន្និបាតរបស់សមាគមអាជីវករបង្កងទឹកសាបខេត្តតាកែវ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ។
បន្ទាប់ពីមហាសន្និបាតសមាគមនេះ ក៏ត្រូវបំពេញបែបបទពាក្យស្នើសុំចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ និងបន្ទាប់មកត្រូវបំពេញពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៅក្រសួងពាណិជ្ជកម្ម ដោយភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រ ចុះបញ្ជីសមាគម និងសៀវភៅលក្ខន្តិកៈសមាគមនៅក្រសួងមហាផ្ទៃ សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងឯកសារតម្រូវផ្សេងៗទៀត។
លោកបានឱ្យដឹងថា បន្ទាប់ពីបង្កងទឹកសាបខេត្តតាកែវ បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនឹងផ្តល់នូវអត្ថប្រយោជន៍ ដូចជា ទប់ស្កាត់ការក្លែងបន្លំកេរ្តិ៍ឈ្មោះ និងលើកកម្ពស់គុណភាពទំនិញ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាក់ទាញភ្ញៀវទេសចរផងដែរ។
យោងតាមការការលើកឡើងរបស់អភិបាលខេត្តតាកែវ បច្ចុប្បន្ននេះ នៅខេត្តតាកែវមានកសិដ្ឋានចិញ្ចឹមបង្កងចំនួន ១០កន្លែងប្រសិនបើទឹកជំនន់ឡើងរយៈពេលកាន់តែយូរ នឹងធ្វើឱ្យបង្កងកាន់តែសម្បូរ។ បង្កងខេត្តតាកែវក្នុងមួយឆ្នាំៗ ផ្តល់ទិន្នផលបានប្រមាណ ៦៧តោន ហើយក្នុងរយៈពេល៥ឆ្នាំកន្លងមក ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ការប្រមូលផលបង្កងតាកែវមានចំនួន ៣៣៥តោន៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content