បាត់ដំបង ៖ សហគមន៍កសិកម្ម តាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងផលិតបន្លែសុវត្ថិភាពតាមរយៈបច្ចេកទេសកសិកម្មវ័យឆ្លាត GAP ដោយផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សាររបស់ខ្លួនបានគ្រប់រដូវកាលដែលបច្ចុប្បន្នសហគមន៍មួយនេះបានខិតខំពង្រីកការងារដាំដុះក្នុងផ្ទះសំណាញ់ ដើម្បីបង្កើនសុវត្ថិភាពបន្លែ តម្រូវតាមការចង់បានរបស់ទីផ្សារ និងការបង្កើនជីវភាពកសិករក្នុងសហគមន៍។ អ្វីដែលសំខាន់ សម្រាប់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់ គឺចំណាយដើមទុនតិចបានផលច្រើនជាងការដាំនៅខាងក្រៅ ព្រោះវាអាចការពារពីសត្វល្អិតស៊ីដំណាំ និងកាត់បន្ថយជាតិគីមី ។

តាមការបញ្ជាក់របស់សមាជិកសហគមន៍ ឈ្មោះ អឿក សែម បានឱ្យដឹងថា សហគមន៍តាសីសាមគ្គី មានសមាជិកប្រមាណ ៣០០ គ្រួសារ ដែលអ្នកខ្លះបានដាំបន្លែនៅក្នុងផ្ទះសំណាញ់ និងខ្លះទៀតដាំនៅក្រៅផ្ទះសំណាញ់ ដោយបានប្រើប្រាស់ជីលាមកគោទៅតាមផែនការជាក់លាក់។
លោក អឿក សែម បានបញ្ជាក់ថា ៖
«ការដាំនៅក្នុងផ្ទះសំណាញ់ទទួលបានផលច្រើន និងអាចប្រមូលផលបានគ្រប់រដូវកាល ដោយទិន្នផលប្រមាណ ៨០% នាំទៅទីផ្សារភ្នំពេញខណៈដែលតម្រូវការទីផ្សារចេះតែកើនឡើង ហើយសហគមន៍ក៏មានគម្រោងពង្រីកបន្ថែមចំនួនផ្ទះសំណាញ់ឱ្យបានច្រើនទៀត»។

ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី លោក ណុប នុន បានឱ្យដឹងថា សហគមន៍បានដើរតាមគោលនយោបាយដែលជំរុញនូវការដាំដុះបន្លែសុវត្ថិភាពច្បាស់លាស់សម្រាប់ទីផ្សារធំៗ អនុវត្តតាមបច្ចេកទេសដាំដុះបែបទំនើប រាប់តាំងពីការជ្រើសរើសពូជ រហូតដល់ប្រមូលផល ដែលត្រូវទៅតាមមាត្រដ្ឋានស្តង់ដាររបស់ក្រសួងកសិកម្ម។

លោកបញ្ជាក់ថា បច្ចុប្បន្ន ទីផ្សារបន្លែសុវត្ថិភាពមានតម្រូវការខ្ពស់លើសពីការផ្គត់ផ្គង់ ខណៈសហគមន៍អាចផ្គត់ផ្គង់បានត្រឹមតែទីផ្សារដៃគូនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗមួយចំនួន ដូចជា បាត់ដំបង បន្ទាយមានជ័យ និងសៀមរាបជាដើម។ និយាយជារួម តម្រូវការទីផ្សារមានរហូតដល់ប្រមាណ ២តោន ប៉ុន្តែសហគមន៍មានលទ្ធភាពអាចផលិតបានត្រឹមតែប្រមាណ ៣០០-៥០០ គីឡូក្រាមប៉ុណ្ណោះ ។ ដោយឡែក សម្រាប់ចំណូលដែលទទួលបានមកពីទិន្នផលបន្លែសុវត្ថិភាពវិញមានទំហំចន្លោះពី៥ ០០០ ទៅ ៧ ០០០ ដុល្លារក្នុងមួយខែ។
សូមជម្រាបថា សហគមន៍តាសីសាមគ្គី មានបន្លែសុវត្ថិភាព ដោយប្រើផ្ទះសំណាញ់ និងមានចំណុចពិសេស ដោយមានក្រុមផលិត៤ក្រុម ផ្ដោតលើការដាំបន្លែសុវត្ថិភាព និងគុណភាព ដោយការដាំក្នុងផ្ទះសំណាញ់ចំណេញច្រើនខុសប្លែកពីការដាំដុះបែបប្រពៃណី ពោលគែអាចដាំដុះបានពេញមួយឆ្នាំ និងគ្រប់រដូវកាល ហើយអាចផ្តល់គុណប្រយោជន៍បានទាំងអ្នកដាំដុះនៅក្នុងសហគមន៍ ផ្តល់សុខភាពល្អដល់អ្នកទទួលទាន និងអាចលើកកម្ពស់គុណភាពកសិផលក្នុងស្រុកផងដែរ។


គួរបញ្ជាក់ថា បច្ចុប្បន្នសហគមន៍តាសីសាមគ្គី បាន និងកំពុងដាំដំណាំបន្លែច្រើនប្រភេទសម្រាប់ផ្គត់ផ្គង់ទីផ្សាររបស់ខ្លួន ដូចជា ស្ពៃតឿ ស្ពៃចង្កឹះ ស្ពៃក្រញាំញ់ ខាត់ណា ផ្កាខាត់ណាខៀវ លឿង និងផ្កាស ខណៈដែលបន្លែដែលបានបញ្ចេញលក់ច្រើនជាងគេ គឺ ជីររណា ដោយនៅក្នុង១ថ្ងៃសហគមន៍អាចបញ្ចេញលក់ទៅតាមទៅតាមទីផ្សារបានប្រមាណ ២ ទៅ ៣ តោនក្នុងមួយថ្ងៃ និងអាចចាក់បញ្ចូលថវិកាមកសហគមន៍ពី ៥ ទៅ ១០លានរៀល៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content