បរទេស ៖ យោងតាមប្រភពព័ត៌មានពី Arab News រាយការណ៍ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូន និងពាណិជ្ជកម្មតួកគីចំនួន ៥ ដែលសង្ស័យថាបានជួសជុលនាវារបស់ក្រសួងការពារជាតិរុស្ស៊ី ដឹកជញ្ជូនគ្រឿងសម្ភារៈយោធារុស្ស៊ី និងជួយរុស្ស៊ីឱ្យគេចពីទណ្ឌកម្ម។
កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសពីទណ្ឌកម្មនេះ ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មដ៏ទូលំទូលាយលើអង្គភាព និងបុគ្គលជាង ១៥០នាក់ ដែលជួយរុស្ស៊ីទៅលើវិស៏យមួយចំនួនដូចជា ឧស្សាហកម្ម វិស័យសំណង់ វិស័យហិរញ្ញវត្ថុ ឧស្សាហកម្មប្រេង និងហ្គាស ការផ្គត់ផ្គង់បច្ចេកវិទ្យា និងក្រុមហ៊ុនដឹកជញ្ជូនជាដើម។ លើសពីនេះ អង្គភាពចំនួន ៣៧ ត្រូវបានបញ្ជេញនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក។ វិធានការនេះផ្តោតជាពិសេសទៅលើក្រុមហ៊ុនដឹកជញ្ជូន និងពាណិជ្ជកម្មដែលបានជួយរុស្ស៊ីគេចវេសពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច និង ផ្តល់ការគាំទ្រដល់ទីក្រុងមូស្គូក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែន។
ក្រុមហ៊ុនតួកគីទាំង ៥ នោះរួមមាន៖ Margiana Construction Foreign Trade, CTL Foreign Trade, Denkar Ship Construction, Demirci Bilişim Ticaret Sanayi និង ID Ship Agency Trade ដែលស្ថិតក្នុងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនពាណិជ្ជកម្មបរទេស Margiana Insaat Dis Ticaret ត្រូវបានចោទប្រកាន់ថាបានជួយសម្រួលអង្គភាពរបស់រុស្ស៊ីក្នុងការចែកចាយដោយសម្ងាត់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ការផលិតយន្តហោះយោធាគ្មានមនុស្សបើក។ ក្រុមហ៊ុនផ្នែកព័ត៌មានវិទ្យា និងពាណិជ្ជកម្ម Demirci Bilisim Ticaret Sanayi កំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះការចោទប្រកាន់ថា ពួកគេបានបញ្ជូនឧបករណ៍ចាប់សញ្ញា និងឧបករណ៍វាស់ស្ទង់ទៅកាន់ប្រទេសរុស្ស៊ី។
ក្រុមហ៊ុន Denkar Ship Construction ត្រូវបានចោទប្រកាន់ថា ពួកគេបានជួសជុលនៅលើកប៉ាល់ដែលភ្ជាប់ទៅនឹងក្រសួងការពារជាតិរុស្ស៊ី។ ស្រដៀងគ្នានេះដែរ ភ្នាក់ងារយានដ្ឋាន ID Ship Agency និង ម្ចាស់ក្រុមហ៊ុនឈ្មោះ Ilker Dogruyol ត្រូវបានដាក់ទណ្ឌកម្មចំពោះការសង្ស័យថាពួកគេជាប់ពាក់ព័ន្ធក្នុងសកម្មភាពស្រដៀងគ្នានេះ។ ក្រុមហ៊ុន CTL Ltd. ត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនគ្រឿងអេឡិចត្រូនិកដែលមានដើមកំណើតពីសហរដ្ឋអាមេរិក និងអឺរ៉ុបទៅកាន់ក្រុមហ៊ុនក្នុងប្រទេសរុស្ស៊ី។
ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលតួកគីមិនទាន់បានបញ្ចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយជាការឆ្លើយតបទៅនឹងទណ្ឌកម្មនេះទេ។ លើសពីនេះ ការសម្រេចចិត្តនេះបានកើតឡើងចំពេលមានចំនុចប្រសព្វដ៏រសើបនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតួកគី ដោយទីក្រុងវ៉ាស៊ីនតោនកំពុងឃ្លាំមើលទីក្រុងអង់ការ៉ាយ៉ាងដិតដល់ចំពោះការសុំចូលជាសមាជិកណាតូ៕