បរទេស៖ វៀតណាម និង សហភាពអឺរ៉ុប បានក្លាយជាដៃគូយុទ្ធសាស្ត្រជាផ្លូវការ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងរយៈពេល ៣៥ ឆ្នាំ នៃកិច្ចទំនាក់ទំនងការទូតទ្វេភាគីត្រូវបានបង្កើតឡើង នេះបើយោងតាមសេចក្ដីរាយការណ៍ពី Vietnam Net ។
កាលពីសប្តាហ៍មុន សេចក្តីប្រកាសជាប្រវត្តិសាស្ត្រនេះបានកើតឡើងនៅក្នុងពិធីស្វាគមន៍ជាផ្លូវការ និងកិច្ចពិភាក្សាកម្រិតខ្ពស់រវាងប្រធានាធិបតីវៀតណាម លោក Luong Cuong និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa ដែលបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅទីក្រុងហាណូយ។ លោក Luong Cuong បានកោតសរសើរចំពោះដំណើរទស្សនកិច្ចនេះថាមានអត្ថន័យជាពិសេស និង ជាលើកទីមួយដែលប្រធានក្រុមប្រឹក្សាអឺរ៉ុបបានមកបំពេញទស្សនកិច្ចចាប់តាំងពីឆ្នាំ ២០១២។ មេដឹកនាំទាំងពីរបានឯកភាពថា ការប្រែក្លាយជាដៃគូយុទ្ធសាស្ត្រ គឺជាជំពូកថ្មីក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។

វៀតណាម បានប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងជាមួយសហភាពអឺរ៉ុបដែលមានសមាជិកចំនួន ២៧ប្រទេស ឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាងពេលបច្ចុប្បន្ន។
ប្រធានាធិបតីវៀតណាម លោក Luong Cuong បានគូសបញ្ជាក់អំពីគោលដៅសហស្សវត្សរ៍ចំនួន ២ របស់ប្រទេស គឺការក្លាយជាប្រទេសឧស្សាហកម្មទំនើបដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ដូច្នោះហើយ វៀតណាម បានប្តេជ្ញាបន្តអនុវត្តនូវគំរូថ្មីៗដែលជំរុញដោយវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍន៍បៃតង ជាមួយនឹងការត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប។
មិនត្រឹមតែប៉ុណ្ណោះ លោក Cuong ក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការដែនសមុទ្រ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកសាងវិស័យជលផលប្រកបដោយនិរន្តរភាព និងលុបចោលជាបន្ទាន់នូវកាតលឿង ឬ IUU លើការនាំចេញអាហារសមុទ្ររបស់វៀតណាម។ ប្រធានាធិបតីរូបនេះក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបផងដែរ និងបង្ហាញពីការត្រៀមខ្លួនក្នុងការធ្វើជាស្ពានតភ្ជាប់រវាងតំបន់ទាំងពីរ។

ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Antonio Costa បានកោតសរសើរចំពោះសមិទ្ធផលរបស់វៀតណាម និងការចែករំលែកតម្លៃសំខាន់ៗជាមួយសហភាពអឺរ៉ុបរួមមាន ការគោរពច្បាប់អន្តរជាតិ ពាណិជ្ជកម្មសេរី និងសេរីភាពនៃការធ្វើនាវាចរណ៍។ ទំនាក់ទំនងរវាងអឺរ៉ុប និងវៀតណាម នាពេលនេះគឺជាចំណុចកំពូលនៃទំនាក់ទំនងការទូតរយៈពេល ៣៥ ឆ្នាំ ដែលជាភស្តុតាងនៃទស្សនៈវិស័យយូរអង្វែង និងការជឿទុកចិត្តរួមគ្នានៅក្នុងពិភពលោកដែលងាយរងគ្រោះ។ លោកគូសបញ្ជាក់ថា សហភាពអឺរ៉ុបមើលឃើញពីសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅក្នុងវិស័យពាណិជ្ជកម្ម ការអភិវឌ្ឍន៍ប្រកបដោយចីរភាព នវានុវត្តន៍ សេដ្ឋកិច្ចមហាសមុទ្រ អភិបាលកិច្ច សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content