បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា វៀតណាម បានជូនដំណឹងទៅកម្មវិធីលក់ទំនិញតាមអនឡាញរបស់ចិន Shein និង Temu ចាំបាច់ត្រូវចុះអាជ្ញាប័ណ្ណជាមួយរដ្ឋាភិបាលមុនដាច់ខែវិច្ឆិកានេះ ដើម្បីចៀសវាងពីការបិទកម្មវិធី ឬ រារាំងពីប្រព័ន្ធអ៊ីនធើណេតមិនឱ្យប្រើប្រាស់នៅក្នុងប្រទេស។
ថ្មីៗនេះ រដ្ឋាភិបាលវៀតណាម និងម្ចាស់អាជីវកម្មក្នុងស្រុកបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់លើទីផ្សារក្នុងស្រុក ដោយសារការបញ្ចុះតម្លៃដ៏ច្រើនរបស់កម្មវិធីលក់ទំនិញតាមអនឡាញរបស់ចិន។ រដ្ឋាភិបាលបានអះអាងថា គោលនយោបាយបញ្ចុះតម្លៃដ៏ខ្លាំងក្លាគឺជាការផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនរបស់ពួកគេ ដែលធ្វើឱ្យមានការប្រកួតប្រជែងអយុត្តិធម៌សម្រាប់អាជីវកម្មក្នុងស្រុក។ លើសពីនេះ ក្រសួងពាណិជ្ជកម្មវៀតណាមបានលើកឡើងពីការព្រួយបារម្ភអំពីសក្តានុពលនៃការលក់ទំនិញក្លែងក្លាយ។
លោក Nguyen Hoang Long អនុរដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាម បានលើកឡើងថា ក្រសួងកំពុងធ្វើការជាមួយ Shein និង Temu លើបញ្ហាអាជ្ញាប័ណ្ណ ដោយបានជូនដំណឹងអំពីបញ្ហានេះទៅកាន់ពួកគេ។ ប្រសិនបើវេទិកាលក់ទំនិញតាមអនឡាញទាំងនេះមិនអនុវត្តតាមនោះទេ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនឹងសម្របសម្រួលជាមួយភ្នាក់ងារពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការបច្ចេកទេសដូចជាការបិទកម្មវិធីជាដើម។
គួរឲ្យបញ្ជាក់ថា Shein ដែលសម្បូរទៅដោយសម្លៀកបំពាក់បានលក់នៅក្នុងទីផ្សារប្រទេសវៀតណាមប្រហែល ២ ឆ្នាំមកហើយ ខណៈពេលដែលក្រុមហ៊ុន Temu ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន e-commerce យក្សរបស់ចិន PDD Holdings (PDD.O) បានចាប់ផ្តើមអនុញ្ញាតឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសវៀតណាមទិញទំនិញបានកាលពីខែមុន។
គួរបញញជាក់ថា វៀតណាម បានលើកលែងពន្ធលើទំនិញនាំចូលដែលមានតម្លៃរហូតដល់ ១ លានដុង (៤០ ដុល្លារ)។ ក្រសួងហិរញ្ញវត្ថុវៀតណាម លើកឡើងថា ទំនិញភាគច្រើនដែលទទួលបានអត្ថប្រយោជន៍ពីការផ្ដាច់ពន្ធនេះត្រូវបាននាំចូលតាមរយៈវេទិកាលក់ទំនិញតាមអនឡាញ ហើយវៀតណាមកំពុងពិចារណាបញ្ចប់ការផ្ដាច់ពន្ធនេះ។ ដូច្នោះហើយ ទាំង Temu និង Shein អាចប្រឈមមុខនឹងការបង្កើនការត្រួតពិនិត្យ និងការប្រឈមផ្នែកច្បាប់។
កាលពីខែមុន ឥណ្ឌូណេស៊ី បានស្នើសុំ Apple និង Google បិទកម្មវិធី Temu ពីកម្មវិធីដោនឡូន Playstore និង Appstore របស់ពួកគេ ដើម្បីការពារអ្នកលក់ខ្នាតតូចពីការប្រកួតប្រជែងជាមួយទំនិញដែលមានតម្លៃថោកបំផុត។ យ៉ាងណាក៏ដោយ ថ្វីត្បិតតែវៀតណាមកំពុងប្រឈមនឹងបញ្ហានេះពិតមែន ប៉ុន្តែទីផ្សារពាណិជ្ជកម្មអនឡាញនៅវៀតណាមបានកើនឡើង ១៨ ភាគរយក្នុងឆ្នាំនេះ ដែលមានតម្លៃ ២២ ពាន់លានដុល្លារ ជាទំហំធំទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ៕