មិនដែលនឹកស្មានដល់ កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ។
លោក ណែម វុទ្ធី អ្នកគ្រប់គ្រងបច្ចេកទេសក្រុមហ៊ុនពិជ័យ ១៧ មានទីតាំងនៅខេត្តសៀមរាប បានឱ្យដឹងថា នៅប្រទេសកម្ពុជា មិនសូវមានកសិករដាំដុះផ្សិតត្រចៀកកណ្តុរនេះឡើយ ហើយផ្សិតត្រចៀកកណ្តុរក្រៀមដែលចរាចរលក់នៅលើទីផ្សារបច្ចុប្បន្ន ភាគច្រើនជាប្រភេទផ្សិតក្រៀមនាំចូលពីក្រៅប្រទេស ពិសេសនាំចូលពីប្រទេសចិនតែម្តង។
ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក ក្រុមហ៊ុនពិជ័យ ១៧ បានបង្កើតកសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរនៅលើផ្ទៃដី ៣ ហិកតា ស្ថិតនៅក្នុងភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ចាប់តាំងពីឆ្នាំ ២០២២ ដែលអាចប្រមូលផលលក់ជាមធ្យម ១ តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ជាប្រភេទផ្សិតកណ្តុរស្រស់ដោយលក់ក្នុងតម្លៃ ២ ម៉ឺនរៀលក្នុងមួយគីឡូក្រាម ថែមទាំងមានការគាំទ្រទូទាំងប្រទេសទៀតផង។
លោក ណែម វុទ្ធី បានថ្លែអថា៖
“ឥឡូវនេះមានការគាំទ្រពីសំណាក់បងប្អូនយើង តាមទីផ្សារគ្រប់ខេត្តគ្រប់ក្រុងទាំងអស់ ជាពិសេសនៅក្នុងក្រុងភ្នំពេញតែម្តង ហើយនៅក្រុងភ្នំពេញយើងមានលក់គ្រប់ផ្សារទាំងអស់។”
ទោះជាការផ្គត់ផ្គង់ផ្សិតត្រចៀកកណ្តុរស្រស់ មាននៅគ្រប់ខេត្តក្រុងក៍ដោយ ប៉ុន្តែទំហំនៃការប្រមូលផលខាងលើ មានសមត្ថភាពអាចផ្គត់ផ្គង់ រួមចំណែកនៅលើទីផ្សារបានប្រមាណជា ៥ ភាគរយប៉ុណ្ណោះ សម្រាប់តម្រូវការប្រើប្រាស់ត្រចៀកកណ្តុរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។ ករណីនេះ លោក ណែម វុទ្ធី នឹងពង្រីកការដាំដុះបន្ថែមទៀត តាមរយៈការសហការជាមួយកសិករនៅតាមទីជនបទ និងតាមបណ្តារខេត្តផ្សេងៗ ដាំដុះឱ្យបានកាន់តែច្រើនថែមទៀត ក្នុងគោលដៅកាត់បន្ថយការនាំចូលពីបរទេសឱ្យបានចំនួនកាន់តែច្រើននៅថ្ងៃអនាគត។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានលើកទឹកចិត្តដល់កសិករខ្មែរឱ្យបង្កើនការដាំដុះផ្សិតត្រចៀកកណ្តុរនេះឱ្យបានកាន់តែច្រើនថែមទៀត ដោយសារផ្សិតប្រភេទនេះ មានតម្រូវការខ្ពស់នៅលើទីផ្សារ មិនថារដូវបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ ពោលនៅគ្រប់រដូវបុណ្យទានប្រពៃណីខ្មែរទាំងអស់ ពិសេសនៅតាមផ្សារប្រពៃណីនៅក្បែរផ្ទះពលរដ្ឋ ផ្សារទំនើប និងភោជនីយដ្ឋានជាដើម។
លោក បានឱ្យដឹងថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរមានចលនាជាតិនិយម គាំទ្រផលិតផលក្នុងស្រុកជាជាងប្រើប្រាស់ផលិតផលនាំចូលពីក្រៅប្រទេស ដែលជាឱកាសសម្រាប់កសិករក្នុងការដាំដុះដំណាំកសិកម្ម ផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុកផង និងសម្រាប់នាំចេញផង។ លោកឱ្យដឹងទៀតថា៖
“ខ្ញុំអំពាវនាវឱ្យពលរដ្ឋពិចារណាក្នុងការពិនិត្យនិងបង្កើនការដាំដុះ ដើម្បីធានាដល់ការផ្គត់ផ្គង់ក្នុងប្រទេស ឬក៏សម្រាប់នាំចេញផងដែរ។”
អ្នកជំនាញកសិកម្មបានប្រាប់ពីបច្ចេកទេសខ្លះៗ ក្នុងការបណ្ដុះផ្សិតត្រចៀកកណ្តុរនេះ ដោយដំបូងកសិករត្រូវលាយល្បាយបញ្ចូលគ្នាជាមុន មានដូចជាអាចម៌រណារ កន្ទក់ កំបោរស ម្សៅដំណើប ឬកាកស្ករ និងបន្ថែមអាហារបំប៉នផ្សិត ដើម្បីឱ្យផ្សិតមានសុខភាពល្អ និងមានអាយុវែង បន្ទាប់មកយកល្បាយទាំងអស់មកលាយបញ្ចូលគ្នាជាមួយទឹក ច្រកចូលថង់រួចដាក់អង្ករពីលើទើបយកទៅចំហុយ ៤ ម៉ោង បន្ទាប់មកទុកឱ្យត្រជាក់រយៈពេលមួយយប់ រួចយកមកលាយជាមួយមេ និងយកទៅដាក់លើធ្នើតំរៀបជាជួរតៗគ្នា នៅក្នុងរោងដាំផ្សិតតែម្តង។
ផ្សិតត្រចៀកកណ្តុរមានភាពងាយស្រួល ប្រហាក់ប្រហែលនឹងការបណ្តុះផ្សិតអំបោះដែរ ដោយគិតចាប់ពីថ្ងៃបណ្តុះមេផ្សិតនៅក្នុងថង់ផ្លាស្ទិក រក្សាទុករយៈពេល ៥០ ថ្ងៃ គេអាចប្រមូលផលបានបណ្តើរៗហើយ។
យ៉ាងណាការបណ្តុះផ្សិតប្រភេទនេះ ក៏ប្រឈមនឹងផលលំបាកមួយចំនួន ទាមទារឱ្យមានការយកចិត្តទុកដាក់ផងដែរពីសំណាក់ម្ចាស់កសិដ្ឋាន ដូចជាកត្តាអាកាសធាតុក្តៅខ្លាំង មានអុកស៊ីសែនឬខ្យល់មិនគ្រប់គ្រាន់ ធ្វើឱ្យផ្សិតលូតលាស់មិនសូវល្អ ដែលធ្វើឱ្យផ្សិតដុះស្តើង ឬមានភាពក្រិនទំហុំតូចល្អិតមិនសូវផ្តល់ផលច្រើន៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content