ភ្នំពេញ ៖ បញ្ជាក់លើវិធានការបង្ក្រាប ទប់ស្កាត់ការធ្វើអាជីវកម្ម បញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិក ឬ VAPE របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៧ ខែតុលា នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធ មិនអនុញ្ញាតឱ្យចេញអាជ្ញាប័ណ្ណវិនិយោគលើការផលិតបារីអេឡិចត្រូនិកនៅលើទឹកដីកម្ពុជាឡើយ បើទោះបីជាក្នុងទិសដៅនាំចេញក៏ដោយ។
សម្ដេចធិបតី បានបញ្ជាក់ថា ៖ «ខ្ញុំបានណែនាំទៅក្រសួងពាក់ព័ន្ធរបស់យើង… មិនថា CDC ឬក្រសួងពាណិជ្ជកម្ម ដែលជួបជាមួយវិនិយោគិនបរទេស បើគេមកសុំផលិតបារីអេឡិចត្រូនិក ឬVAPE នៅស្រុកខ្មែរ គឺហាមមិនឱ្យទទួលទេ ទោះបីគាត់ផលិតនាំចេញក៏ដោយក៏អត់ដែរ គឺសុំកុំឱ្យមានតែម្ដង ព្រោះបើគ្រាន់តែនាំចូលនឹងយើងពិបាកគ្រប់គ្រងទៅហើយ»។
បារីអេឡិចត្រូនិក VAPE គឺជាឧបករណ៍ដែលប្រើថាមពលថ្ម បង្កើតជាកំដៅដុតអង្គធាតុរាវឱ្យក្លាយទៅជាចំហាយ អាចជក់ ឬបឺតបាន។ ចំហាយដែលចេញពីអេឡិចត្រូនិកនេះ មានសារធាតុគីមីគ្រោះថ្នាក់ជាច្រើន ដូចជា នីកូទីន បង់សែន នីកែល សំណរបាហាំង និងលោហធ្ងន់ ដែលសារធាតុទាំងនេះ ជ្រាបចូលទៅជ្រៅក្នុងភ្នាសសួត និងសរីរាង្គមនុស្ស បង្កទៅជាជំងឺសួត និងជំងឺមហារីក។
អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច បង្ហាញការគាំទ្រចំពោះប្រសាសន៍របស់សម្ដេចធិបតីដែលប្រកាសមិនអនុញ្ញាតឱ្យមានវត្ដមានក្រុមហ៊ុនផលិតបារីអេឡិចត្រូនិកនៅកម្ពុជា ដោយលោកមើលឃើញផលប៉ះពាល់សំខាន់ៗចំនួន ៣ គឺទី១ បញ្ហាសង្គមដែលធ្វើឱ្យយុវវ័យ សិស្សានុសិស្ស ខាតបង់ពេលវេលា ផ្ដោតអារម្មណ៍លើការងារ និងការសិក្សា ទី២ បញ្ហាសុខមាលភាពសាធារណៈ គឺក្នុងរយៈពេលមធ្យមធ្វើឱ្យប៉ះពាល់សុខភាពអ្នកជក់ផ្ទាល់ និងទី៣ ផលប៉ះពាល់រយៈពេលវែង គឺសុខភាពនឹងចុះទ្រុឌទ្រោម ក្លាយទៅជាជំងឺរ៉ាំរ៉ៃខាតដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមទាំងមូលត្រូវចំណាយទៅលើការព្យាបាលជំងឺ ឬស្ដារនូវសុខភាពពួកគេឡើងវិញជាដើម។
តាមរយៈអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន រាជរដ្ឋាភិបាល បានចេញសេចក្ដីណែនាំមួយកាលពីឆ្នាំ២០១៤ ដោយឱ្យអាជ្ញាធរមានសមត្ថកិច្ច ហាមឃាត់ការនាំចូល ចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក ឬ Vape និងស៊ីសា យ៉ាងតឹងរ៉ឹង រហូតដល់ក្រសួងអប់រំ និងក្រសួងសុខាភិបាល បានព្រមានពីហានិភ័យនៃការជក់ ហើយបានចេញសេចក្ដីណែនាំឱ្យទប់ស្កាត់ និងបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់នៅតាមគ្រឹះស្ថានអប់រំ និងស្ថាប័នរដ្ឋនានា។ ប៉ុន្ដែគេនៅសង្កេតឃើញមានការលួចចរាចរ និងសកម្មភាពជក់វេប និងស៊ីសា ដែលជាប្រភេទបារីអេឡិចត្រូនិកបង្កប់នូវសារធាតុញៀននេះនៅតែកើតមាន ជាពិសេសទៅលើយុវវ័យ៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content