ភ្នំពេញ៖ ការនាំចេញស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៣ខែឆ្នាំ២០២៦កន្លងទៅនេះ មានទំហំទឹកប្រាក់ជាង ៥១៦លានដុល្លារអាម៉េរិក(៥១៦ ០៤០ ៤៤២.៥៨ ដុល្លារ) កើនឡើងជាង៥៤លានដុល្លារស្មើនឹងជាង១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលមានជាង៤៦១លានដុល្លារ ។ នេះបើយោងតាមស្ថិតិរបស់ក្រសួងពាណិជ្ជកម្ម។
ក្នុងចំណោមទំហំទឹកប្រាក់សរុបទាំងនេះ កម្ពុជាបាននាំចេញស្បែកជើងទៅសហរដ្ឋអាម៉េរិកច្រើនជាងគេ ដែលមានទំហំជាង ២៤១លានដុល្លារ កើនជិត៤៦ភាគរយ, នាំចេញទៅប្រទេសជប៉ុន ជាង៣៦លានដុល្លារថយចុះ១.៧២% , នាំចេញទៅប្រទេសអាល្លឺម៉ង់ ជាង ៣៣លានដុល្លារ ថយចុះជាង១៣%, នាំចេញទៅប្រទេសបារាំងជាង ២៣លានដុល្លារ កើនឡើងជិត១៦% , នាំចេញទៅចក្រភពអង់គ្លេសជាង ២០លានដុល្លារ ថយចុះជាង២៦% , នាំចេញទៅកាណាដាជាង ១៩លានដុល្លារ ថយចុះជាង៩% , នាំចេញទៅប្រទេសហុល្លង់ជាង ១៧លានដុល្លារកើនជិត៤២% , នាំចេញទៅប្រទេសអ៊ីតាលី ជាង ១៤លានដុល្លារ ថយចុះជាង៥% , នាំចេញទៅប្រទេសចិន ជាង ១៣លានដុល្លារ ថយជាង ២៣ភាគរយ និងនាំចេញទៅប្រទេសកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ជាង ១២លានដុល្លារ កើនឡើងជិត៥%។
តាមរយៈស្ថិតិនេះបានបង្ហាញថា៖ ការនាំចេញស្បែកជើងទៅអាមេរិក បារាំង ហុល្លង់ និងកូរ៉េ មានការកើនឡើង ចំណែកការនាំចេញទៅជប៉ុន អាល្លឺម៉ង់ អង់គ្លេស កាណាដា និងចិន គឺធ្លាក់ចុះ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ AMS Economy នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ថា ៖ ការនាំចេញស្បែកជើងពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ជាទូទៅ មានការកើនឡើងជាបន្តបន្ទាប់ ដោយឡែកចំពោះការថយចុះទីផ្សារនៅតាមបណ្តាប្រទេសនីមួយៗគឺអាស្រ័យលើឥរិយាបថរបស់អ្នកប្រើប្រាស់។
លោកលើកឡើងដូច្នេះថា ៖
«ចំពោះការប្រែប្រួលនៃការនាំចេញស្បែកជើងពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗនេះ អាស្រ័យលើអត្តចរិតរបស់អ្នកប្រើប្រាស់។ នេះយើងហៅថាឥរិយាបថរបស់អ្នកប្រើប្រាស់ ឆ្លើយតបជាមួយនឹងប្រភេទទំនិញ គាប់ជួនបរិបទសេដ្ឋកិច្ចមានការប្រែប្រួលទៀត ដូច្នេះ ការនាំចេញទៅកាន់បណ្ដាប្រទេសផ្សេងៗតាមប្រភេទមុខទំនិញនឹងមានការប្រែប្រួលដូចគ្នា»។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS Economy ថា ការនាំចេញកើនឡើងគួរឱ្យសម្គាល់នេះ ដោយសារកម្ពុជានៅតែរក្សាទីផ្សារល្អសម្រាប់នាំចេញស្បែកជើង ខណៈកម្ពុជាក៏បន្តទទួលបានការបញ្ចុះពន្ធបដិកាពីអាម៉េរិក ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ពីបណ្តាប្រទេសមួយចំនួន ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ RCEP ដែលជំរុញឱ្យការនាំចេញផលិតផលទាំងនេះមានកំណើនល្អ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះក៏បានបង្ហាញពីសុទិដ្ឋិនិយមផងដែរថា នៅឆ្នាំ២០២៦នេះ ការនាំចេញស្បែកជើង នឹងនៅតែរក្សានូវកំណើនល្អប្រសើរ បើទោះបីជាសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនប្រាកដប្រជាក៏ដោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានលើកឡើងនាពេលថ្មីៗនេះថា កម្ពុជានៅតែបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីផ្ដល់ការបញ្ចុះពន្ធគយបដិកាពី១៩%បន្ថែមទៀត ទៅលើវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលវិស័យទាំងនេះ អាចស្រូបទាញកម្លាំងពលកម្មបានច្រើន ជាពិសេស ស្ត្រី ដែលអាចលើកស្ទួយកម្រិតជីវភាពចាកចេញពីភាពក្រៅក្រ។
សូមបញ្ជាក់ដែរថា កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង និងសម្ភារធ្វើដំណើរ ក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ជាង ១៦ពាន់លានដុល្លារ កើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទឹកប្រាក់ប្រមាណជិត ១៤ពាន់លានដុល្លារ ក្នុងនោះការនាំចេញស្បែកជើងមានទឹកប្រាក់ជាង ២ពាន់លានដុល្លារ កើនឡើង ២៤.៥៣%៕





វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content