បរទេស៖ ឥណ្ឌា និងនូវែលសេឡង់ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម ការអប់រំ និងការចល័តកម្លាំងពលកម្មជំនាញ។ នេះបើយោងតាមការរាយការណ៍ពី Asia News Network។
កាលពីថ្ងៃចន្ទ ឥណ្ឌា និងនូវែលសេឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសន្យាថានឹងលុបបំបាត់ពន្ធទាំងស្រុងលើការនាំចេញរបស់ឥណ្ឌា និងការអនុញ្ញាតឱ្យអ្នកជំនាញ និងនិស្សិតឥណ្ឌាចូលទៅនូវែលសេឡង់ទូលំទូលាយជាងមុន។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal និងរដ្ឋមន្ត្រីពាណិជ្ជកម្មនូវែលសេឡង់ លោក Todd McClay។
នូវែលសេឡង់នឹងអនុវត្តពន្ធ ០ ភាគរយលើទំនិញរបស់ឥណ្ឌាជាង ៩៥ ភាគរយ ចូលមកក្នុងទីផ្សាររបស់ខ្លួន ចំណែកឯឥណ្ឌាយល់ព្រមលុបចោលពន្ធភ្លាមៗលើការនាំចូលវត្ថុធាតុដើម ដែលចាំបាច់ពីនូវែលសេឡង់ រួមមាន ឈើមូល រោមសត្វ ស្បែកសត្វឆៅ ធ្យូងថ្ម ដែក និងអាលុយមីញ៉ូម ហើយទំនិញមួយចំនួនផ្សេងទៀត ត្រូវបានអនុវត្តក្នុងអត្រាពន្ធទាបជាងមុន។
កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចចុងក្រោយក្នុងរយៈពេលត្រឹមតែ ៩ ខែ ដោយចាប់ផ្តើមពិភាក្សាគ្នាពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នានៃពាណិជ្ជកម្ម ការប្តេជ្ញាចិត្តក្នុងការវិនិយោគ និងការចល័តទេពកោសល្យ។
មិនត្រឹមតែប៉ុណ្ណោះ នូវែលសេឡង់រំពឹងថា នឹងជំរុញការវិនិយោគចំនួន ២០ ពាន់លានដុល្លារទៅកាន់ប្រទេសឥណ្ឌាក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ ស្រដៀងគ្នាទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗជាមួយដៃគូអឺរ៉ុប។ លក្ខណៈពិសេសមួយទៀតនោះ គឺការចល័តកម្លាំងពលកម្មជំនាញ។ នេះគឺជាលើកដំបូងដែលនូវែលសេឡង់ចុះហត្ថលេខាលើឧបសម្ព័ន្ធមួយស្តីពីការចល័តជាមួយប្រទេសមួយផ្សេងទៀត។
និស្សិតឥណ្ឌាដែលកំពុងសិក្សានៅនូវែលសេឡង់ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការរហូតដល់ ២០ ម៉ោងក្នុងមួយសប្តាហ៍ និងការទទួលបានទិដ្ឋាការការងារមានរយៈពេលយូរជាងមុន។ កិច្ចព្រមព្រៀងនេះ ក៏បានផ្តល់ទិដ្ឋាការចំនួន ៥ ០០០ នាក់ជារៀងរាល់ឆ្នាំ សម្រាប់អ្នកជំនាញឥណ្ឌានៅទូទាំងវិស័យដូចជា ព័ត៌មានវិទ្យា (IT), សុខាភិបាល, វិស្វកម្ម, ការអប់រំ និងសំណង់។ លើសពីនេះ យុវជនឥណ្ឌា ១ ០០០ នាក់នឹងមានសិទ្ធិទទួលបានទិដ្ឋាការស្នាក់នៅរហូតដល់ ១២ ខែក្រោមក្រោមកម្មវិធី Working Holiday Visa។
ក្រៅពីនេះ នូវែលសេឡង់បន្ទាបពន្ធពី ៥ ភាគរយត្រឹម ០ ភាគរយ លើការនាំចូលផលិតផលស្បែក និងស្បែកជើងពីឥណ្ឌា។ ស្របពេលដែលឥណ្ឌាកំពុងកំណត់គោលដៅលើវិស័យនេះឱ្យឈានដល់ទំហំ ៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ឥណ្ឌានឹងមានលទ្ធភាពទទួលបានវត្ថុធាតុដើមពីនូវែលសេឡង់កាន់តែប្រសើរជាងមុន និងពង្រីកឱកាសនាំចេញទូលាយជាមុនផងដែរ។
នូវែលសេឡង់គឺជាប្រភពដ៏សម្បូរបែបនៃស្បែកសត្វឆៅដែលជាវត្ថុធាតុដើម ខណៈដែលឥណ្ឌាមានសមត្ថភាពខ្ពស់ក្នុងការផលិត ហើយការរួមបញ្ចូលគ្នានេះនឹងជួយឱ្យខ្សែសង្វាក់ផលិតកម្មកាន់តែរឹងមាំ។ លើសពីនេះ វិស័យឱសថ និងឧបករណ៍វេជ្ជសាស្រ្ដរបស់ឥណ្ឌាក៏ត្រូវបានអនុញ្ញាតចូលទៅកាន់ទីផ្សារនូវែលសេឡង់កាន់តែងាយស្រួលជាងមុន ជាមួយនឹងការអនុម័តផ្នែកច្បាប់លឿនជាងមុន តាមរយៈការទទួលស្គាល់លើរបាយការណ៍ត្រួតពិនិត្យកម្រិតអន្តរជាតិ។ កិច្ចព្រមព្រៀងនេះក៏ទទួលស្គាល់លើសេវាកម្មសុខភាពបែបបុរាណ និងឱសថបុរាណ AYUSH របស់ឥណ្ឌាផងដែរ៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content