បរទេស៖ ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម នេះបើយោងតាមការរាយការណ៍ពី CNA។
ទីភ្នាក់ងារត្រួតពិនិត្យប្រេង និងឧស្ម័នធម្មជាតិរបស់ឥណ្ឌូណេស៊ី SKK Migas បានអះអាងថា ឥណ្ឌូណេស៊ី ចាប់ផ្តើមកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសសិង្ហបុរីចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីបង្វែរប្រភពផ្គត់ផ្គង់ទៅបំពេញតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែមទៀត។ ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នទៅសិង្ហបុរីចំនួន ៣១ លានហ្វីតគូបស្តង់ដារក្នុងមួយថ្ងៃ ដោយក្នុងនោះ ១៥ លានហ្វីតគូបពីតំបន់ Natuna និង ១៦ លានហ្វីតគូបទៀតពីកោះស៊ូម៉ាត្រា។ ឧស្ម័នពីតំបន់ទាំងនេះនឹងបង្វែរទិសដៅទៅបំពេញតម្រូវការថាមពលអគ្គិសនីក្នុងស្រុកវិញ ជាពិសេសនៅកោះបាតាំ, កោះប៊ីនតាន់, និង កោះស៊ូម៉ាត្រា។ វិធានការនេះធ្វើឡើងក្នុងគោលបំណងធានាស្ថិរភាពនៃការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុកសម្រាប់ការផលិតអគ្គិសនី ដោយបានផ្អែកលើមាត្រា ៨ កថាខណ្ឌទី ១ នៃច្បាប់ប្រេង និងឧស្ម័នរបស់ឥណ្ឌូណេស៊ី ហើយខ្លួននឹងតាមដានការវិវត្តនៃស្ថានការណ៍នេះជារៀងរាល់ថ្ងៃ។

វិធានការនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ីព្រមានថា ទីក្រុងហ្សាការតាចាប់ផ្តើមពិនិត្យឡើងវិញលើការនាំចេញថាមពលទៅកាន់ប្រទេសណាដែលមិនបានបង្ហាញការគោរពគ្រប់គ្រាន់ចំពោះខ្លួន។ ប្រធានាធិបតីលោក Prabowo Subianto អំពាវនាវឱ្យឥណ្ឌូណេស៊ីការពារធនធានធម្មជាតិរបស់ខ្លួន និងគិតប្រយោជន៍ជាតិជាចម្បង។ បច្ចុប្បន្ន ប្រមាណ ៣០ ភាគរយនៃការផលិតឧស្ម័នធម្មជាតិរបស់ឥណ្ឌូណេស៊ីត្រូវបាននាំចេញ ខណៈ ៧០ ភាគរយដែលនៅសល់ត្រូវបានប្រើប្រាស់ក្នុងស្រុក។ មតិយោបល់នាពេលថ្មីៗរបស់មន្ត្រីឥណ្ឌូណេស៊ីកើតឡើងចំពេលមានបញ្ហាផ្សែងអ័ព្ទឆ្លងដែនផងដែរ ដោយសិង្ហបុរីបង្កើនការពិនិត្យមើលយ៉ាងម៉ត់ចត់លើក្រុមហ៊ុនទាំងឡាយណាដែលជឿថាមានទំនាក់ទំនងនឹងអគ្គិភ័យនៅក្នុងឥណ្ឌូណេស៊ី។ សិង្ហបុរីប្រកាសពីផែនការបង្កើតក្រុមអ្នកជំនាញឯកទេស ដើម្បីស៊ើបអង្កេតក្រុមហ៊ុនដែលបង្ក ឬ រួមចំណែកដល់ការបង្កផ្សែងអ័ព្ទ ខណៈភ្នាក់ងារបរិស្ថានជាតិបានចេញលិខិតជូនដំណឹងទៅកាន់ក្រុមហ៊ុនចំនួន ២០ នៅក្នុងប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី ក្រោមច្បាប់ស្តីពីការបំពុលដោយផ្សែងអ័ព្ទឆ្លងដែន។ ថ្វីបើខាងឥណ្ឌូណេស៊ីមិនបានភ្ជាប់ទំនាក់ទំនងរវាងរឿងទាំងពីរនេះក្នុងការលើកឡើងក៏ដោយ ប៉ុន្តែអ្នកវិភាគមើលឃើញថា វាជាផ្នែកមួយនៃបរិយាកាសនយោបាយ និងទំនាក់ទំនងការទូតដែលមានភាពតានតឹងដាក់គ្នាក្នុងពេលតែមួយ។
ទន្ទឹមនឹងនេះ សិង្ហបុរីប្រើប្រាស់ឧស្ម័នធម្មជាតិប្រមាណ ៩៥ ភាគរយសម្រាប់ផលិតថាមពលអគ្គិសនី និងបាននាំចូលឧស្ម័នធម្មជាតិ Encapsulated តាមបំពង់ទីបពីឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ព្រមទាំងនាំចូលឧស្ម័នធម្មជាតិរាវ (LNG) តាមកប៉ាល់ពីអ្នកផ្គត់ផ្គង់អន្តរជាតិផ្សេងទៀត។ នៅក្នុងឆ្នាំ ២០២៥ ការនាំចូលឧស្ម័នធម្មជាតិតាមបំពង់បង្ហូរ (PNG) គ្របដណ្តប់ ៤៣ ភាគរយនៃការនាំចូលឧស្ម័នសរុបរបស់សិង្ហបុរី ខណៈដែល LNG ដឹកតាមកប៉ាល់គ្របដណ្តប់ ៥៧ ភាគរយ។ ក្នុងការឆ្លើយតបទៅនឹងវិធានការរបស់ឥណ្ឌូណេស៊ី អាជ្ញាធរទីផ្សារថាមពលសិង្ហបុរី (EMA) បញ្ជាក់ថា ការកាត់បន្ថយនេះមានទំហំតិចជាង ២ ភាគរយនៃតម្រូវការប្រចាំថ្ងៃសរុបប៉ុណ្ណោះ។ ភាគីសិង្ហបុរីបានត្រៀមផែនការបម្រុងរួចជាស្រេច ហើយក្រុមហ៊ុន Singapore GasCo ក៏មានសមត្ថភាពក្នុងការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) បន្ថែមតាមផ្លូវសមុទ្រមកជំនួសបានគ្រប់ពេលវេលា។ លើសពីនេះ សិង្ហបុរីក៏កំពុងសាងសង់ស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) ទីពីរ ដែលរំពឹងថានឹងបើកដំណើរការនៅចុងទសវត្សរ៍នេះ ដើម្បីបង្កើនសមត្ថភាពនាំចូលឧស្ម័នពីអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content