ភ្នំពេញ ៖ បើទោះបីជាចំនួនភ្ញៀវទេសចរមានការកើនឡើងនាពេលបច្ចុប្បន្នក៏ដោយ ប៉ុន្តែកំណើននេះនៅមានកម្រិតនៅឡើយ ដូច្នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ថែមតាមរយៈការអនុគ្រោះពន្ធដល់វិស័យទេសចរណ៍សំដៅការគាំទ្រដល់ការងើបឡើងវិញនៃវិស័យនេះ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលស្តីពី «សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែមសម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា» នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ មានភាពល្អប្រសើរក៏ដោយ បញ្ហាប្រឈមមួយចំនួនរួមមាន សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងការកើនឡើងនៃអតិផរណាជាដើម បាន និងកំពុងបង្កនូវហានិភ័យថ្មី និងផ្តល់ផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលទាំងមូល។

ស្ថិតក្នុងបរិការណ៍នេះ ក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ក្នុងគោលបំណងបន្តគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ និងបន្តជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ជាក់ស្តែង កម្ពុជាបានចាកចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយភាពរឹងមាំដោយបានរក្សាអត្រាឆ្លងនៃជំងឺកូដ-១៩ ក្នុងកម្រិតអប្បបរមា។

ទន្ទឹមនេះ ក្រោយពីប្រទេសកម្ពុជាបានសម្រេចបើកពេញលេញឡើងវិញនូវគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច សកម្មភាពធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា ជាពិសេសវិស័យសំខាន់ៗរួមមាន វិស័យកាត់ដេរ វាយនភណ្ឌ និងវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានសន្ទុះងើបឡើងវិញយ៉ាងល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងខ្ពស់នៃការប្រើប្រាស់ និងការនាំចេញ។
ដោយឡែក សម្រាប់វិស័យទេសចរណ៍ ទោះបីជាចំនួនភ្ញៀវទេសចរមានការកើនឡើងក៏ដោយ ប៉ុន្តែកំណើននេះនៅមានកម្រិតនៅឡើយជាមួយនឹងបរិការណ៍បច្ចុប្បន្នដែលកំពុងនៅប្រឈមនឹងកត្តាហានិភ័យសង្គម-សេដ្ឋកិច្ចមួយចំនួនផ្សេងទៀត ដែលបន្តផ្តល់ផលប៉ះពាល់ដល់និរន្តរភាពសម្រាប់ប្រតិបត្តិការជាច្រើននៅក្នុងវិស័យទេសចរណ៍ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។
ក្នុងស្មារតីនេះ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការនានាដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យស្របតាមនិន្នាការថ្មីៗ ជាពិសេសបន្តជំរុញលំនឹងអាជីវកម្ម ធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលមានភាពចាំបាច់នៅក្នុងការដាក់ចេញនូវវិធានការបន្ថែម សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងកាលៈទេសៈដ៏លំបាកនេះ។
ក្នុងន័យនេះ ក្រោមកិច្ចសហការយ៉ាងទូលំទូលាយជាមួយវិស័យឯកជន និងក្រសួងស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ថែមជូន វិស័យទេសចរណ៍ ដូចខាងក្រោម ៖
១. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត គឺពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២២។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនេះ។
២. លើកលែងពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។ អាជីវកម្ម ទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២យ៉ាងយឺតបំផុតឱ្យបានមុនដំណាច់ខែមីនា ឆ្នាំ២០២៣។
៣. បន្តជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហិរញ្ញប្បទានពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់ ។
ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវសេចក្តីណែនាំនេះទៅតាមសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល, តំបន់ និងក្នុងប្រទេស ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដូចជាការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសកលក្នុងបរិបទថ្មីៗ មកលើវិស័យសំខាន់ៗ ក្នុងទិសដៅធ្វើ បច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលចំពោះមុខ និងរយៈពេលមធ្យមឱ្យត្រឡប់ទៅកំណើនសក្តានុពល សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន ក្រោមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content