ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

​ភ្នំពេញ​៖ ​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មាន​ភាពមិន​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​ខណៈ​ការ​គ្រប់គ្រង​គុណភាព​ឥណទាន​ក៏​ជា​ចំណុច​សំខាន់​ក្នុង​ការ​រក្សា​ស្ថិរ​ភាព​រយៈពេល​វែង​។

​លោក​ កាំង​ តុងងី ​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​កត្តា​ទី​១ ​គឺ​ក្របខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ដែល​ត្រូវ​មាន​ភាព​បត់បែន ​និង​តឹង​រឹង​សមស្រប​ទៅ​នឹង​ស្ថានភាព​ទីផ្សារ ​ដើម្បី​ធានា​ឱ្យ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មាន​លក្ខណៈ​វិជ្ជាជីវៈ ​និង​អាច​ទទួល​បាន​ការ​គាំទ្រ​ ​និង​ទំនុកចិត្ត​ពី​ភាគី​ពាក់ព័ន្ធ​។

​លោក​បាន​សង្កេតឃើញ​ថា​ ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​មិន​ច្បាស់លាស់ ​និង​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​ចុងក្រោយ​ ​មាន​ចំណាត់ការ​មួយចំនួន​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​មួយចំនួន​ ​ដែល​អាច​បង្ក​បញ្ហា​ ​ឬ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ប្រជា​ពលរដ្ឋ​ ​និង​សាធារណជន​។ ​ក្នុង​ស្ថានភាព​នេះ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ក្នុងនាម​ជា​អាជ្ញាធរ​ត្រួតពិនិត្យ​ ​បាន​អនុវត្ត​ច្បាប់​មុនពេល​បញ្ហា​អាច​កាន់តែ​ធ្ងន់ធ្ងរ ​ដែល​លោក​ចាត់ទុក​ថា​ជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​រក្សា​ស្ថិរ​ភាព​វិស័យ​។

កត្តា​ទី​២ ​គឺ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន​។ ​លោក​ កាំង​ ​តុងងី ​បាន​បញ្ជាក់​ថា​ ​ប្រសិនបើ​ប្រជា​ពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​លើ​វិស័យ​នេះ​ ​ពួក​គេ​អាចនឹង​មិន​បន្ត​ប្រើប្រាស់​សេវា​របស់​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ទៀត​ទេ​។ ​ផ្ទុយ​ទៅវិញ​ ការ​បន្ត​ដាក់​ប្រាក់​បញ្ញើ​ ​ការ​ប្រើប្រាស់​ឥណទាន ​និង​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ៗ​របស់​អតិថិជន ​គឺ​ជា​កត្តា​ដែល​ជួយ​ពង្រឹង​វិស័យ​។

​ក​ត្តា​ទី​៣ ​គឺ​ស្ថានភាព​សេដ្ឋកិច្ច​ ​ព្រោះ​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ជា​ផ្នែក​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​។ ​នៅពេល​សេដ្ឋកិច្ច​មាន​ភាព​រឹងមាំ​ ​តម្រូវការ​ទីផ្សារ​ ការ​ប្រើប្រាស់​ឥណទាន​ ​ប្រាក់​បញ្ញើ​ ​និង​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ក៏​មាន​ការ​កើនឡើង​តាម​នោះ​ដែរ​។

​លោក​បាន​ឱ្យ​ដឹង​ថា​ ​ទោះបី​មាន​បញ្ហា​ប្រឈម​ពី​កត្តា​ខាង​ក្នុង​ ​និង​ខាង​ក្រៅ​ក៏​ដោយ​ ​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​មាន​កំណើន​ក្នុង​ឆ្នាំ​២០២៦ បើ​ទោះបី​ការ​ព្យាករណ៍​កំណើន​ត្រូវ​បាន​ទម្លាក់​មក​ទាប​ជាង​មុន​បន្តិច​ក៏​ដោយ​។ ​លោក​ចាត់ទុក​ថា​ ​ភាព​ធន់ ​និង​ភាព​រឹងមាំ​នៃ​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​គឺ​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​លំនឹង​ ​និង​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​។

​លោក​ កាំង​ តុងងី ​ក៏​បាន​លើកឡើង​ពី​ចំណុច​វិជ្ជមាន ​៣ ​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ក្នុង​រយៈពេល​ ១​ ទៅ​២ ​ឆ្នាំ​ចុងក្រោយ​។ ​ចំណុច​ទី​១ ​គឺ​ការ​កើនឡើង​នៃ​ប្រាក់​បញ្ញើ​ ​ដោយ​វិស័យ​ធនាគារ​ទទួល​បាន​ប្រាក់​បញ្ញើ​ពី​ប្រជា​ពលរដ្ឋ​លើស​ពី​ឥណទាន​ដែល​បាន​បញ្ចេញ​។

​ចំណុច​ទី​២ ​គឺ​ប្រាក់​ចំណេញ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។ ​ទោះបី​មាន​គ្រឹះស្ថាន​មួយចំនួន​មិន​ទទួល​បាន​ប្រាក់​ចំណេញ​ក៏​ដោយ​ ​ប៉ុន្តែ​បើ​មើល​ជា​រូបភាព​រួម ​វិស័យ​នៅតែ​រក្សា​បាន​ប្រាក់​ចំណេញ​។

​ចំណុច​ទី​៣ ​គឺ​បរិយាបន្ន​ហិរញ្ញវត្ថុ​ ​និង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​។ លោក​បាន​លើកឡើង​ថា​ ​ប្រជា​ពលរដ្ឋ​ស្ទើរតែ​ទាំងស្រុង​មាន​លទ្ធភាព​ទទួល​បាន​សេវា​ធនាគារ​ ​និង​ហិរញ្ញវត្ថុ ​រួម​មាន​ការ​ដាក់​ប្រាក់​បញ្ញើ​ ​ការ​ប្រើប្រាស់​ឥណទាន ​និង​សេវា​ទូទាត់​ប្រាក់​។

​ជាមួយគ្នា​នេះ​ របាយការណ៍​ប្រចាំ​ឆមាស​ទី​១ ​និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ​ឆ្នាំ​២០២៦ ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​បង្ហាញ​ថា​ ​ទោះ​ប្រព័ន្ធ​ធនាគារ​រង​សម្ពាធ​ពី​ភាព​មិន​ច្បាស់លាស់​ខាង​ក្រៅ​ ​ក៏​នៅតែ​រក្សា​បាន​ភាព​ធន់ ​តាមរយៈ​កំណើន​ឥណទាន ​និង​ប្រាក់​បញ្ញើ​ ​ភាព​រឹងមាំ​នៃ​ដើមទុន ​និង​កម្រិត​ខ្ពស់​នៃ​សន្ទនីយ​ភាព​។

​តាម​របាយការណ៍​ដដែល​ ​អត្រា​ឥណទាន​មិន​ដំណើរការ​ដុល​បាន​កើនឡើង​ដល់​ ៩​,​៦​%​ ​ខណៈ​អត្រា​ឥណទាន​មិន​ដំណើរការ​សុទ្ធ​នៅ​មាន​កម្រិត​ទាប ​ត្រឹម​ ​៣​,​៣​% ​ដែល​បង្ហាញ​ពី​លទ្ធភាព​គ្របដណ្តប់​របស់​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​ក្នុង​ការ​ស្រូបយក​ការ​ខាតបង់​ជាយ​ថា​ហេតុ​។

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ភាព​ធន់​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​មូលដ្ឋាន​ជំនឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​ធនាគារ​ ​ការ​ដាក់​ចេញ​បទប្បញ្ញត្តិ​ ​និង​វិធានការ​បុរេស​កម្ម​ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​ ការ​ត្រួតពិនិត្យ​ផ្អែក​លើ​ហានិភ័យ ​និង​ទស្សនវិស័យ​អនាគត ​ព្រមទាំង​ការ​ពង្រឹង​បណ្តាញ​សុវត្ថិ​ភាព​ហិរញ្ញវត្ថុ​ទាំង​ក្នុង​ក្របខណ្ឌ​ស្ថាប័ន​ ​និង​ថ្នាក់ជាតិ​។

គិត​ត្រឹម​រយៈពេល​ដែល​បាន​រាយការណ៍​ ​ទ្រព្យ​សកម្មសរុប​របស់​ប្រព័ន្ធ​ធនាគារ​មាន​កំណើន​ ២​,​៥​%​ ​ដល់​ ៣៩៩​,​៣​ ទ្រី​លាន​រៀល ​ឬ​ប្រមាណ​ ​៩​៩​,​៨ ពាន់​លាន​ដុល្លារ​។ ​ក្នុង​នោះ​ ​ឥណទាន​អតិថិជន​កើនឡើង​ ​៤​,​៦​%​ ​ដល់​ ២៥៦​,​៧​ ទ្រីលាន​រៀល ​ឬ​ ​៦៤​,​២ ពាន់​លាន​ដុល្លារ​ ​ខណៈ​ប្រាក់​បញ្ញើ​អតិថិជន​កើនឡើង​ ​៤​,​៤​%​ ​ដល់​ ​២៥៧​,​៤​ ទ្រីលាន​រៀល ​ឬ​ ​៦៤​,​៤​ ពាន់​លាន​ដុល្លារ​។ ​ដើមទុន​កើនឡើង​ ​៣​%​ ​ដល់​ ៤២​ ទ្រី​លាន​រៀល ​ឬ​ ​១០​,​៥​ ​ពាន់​លាន​ដុល្លារ​។

​សម្រាប់​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ​ទ្រព្យ​សកម្ម​កើនឡើង​ ​២​,​៤​%​ ​ដល់​ ៣៩៦​,​៦​ ទ្រី​លាន​រៀល ​ឬ​ ​៩៦​,​៧ ពាន់​លាន​ដុល្លារ​ ​ខណៈ​ឥណទាន​អតិថិជន​កើនឡើង​ ​៤​,​៤​%​ ​ដល់​ ២៤៤​,​៧​ ទ្រីលាន​រៀល ​ឬ​ ៦​១​,​២ ពាន់​លាន​ដុល្លារ​ ​តាមរយៈ​គណនី​ចំនួន​ ៣​,​៨ លាន​។

​ចំពោះ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ៣​១ ​ទ្រព្យ​សកម្មសរុប​មាន​ ១២​,​៧​ ទ្រី​លានរៀល ​ឬ​ ៣​,​២ ពាន់​លាន​ដុល្លារ​ ​ខណៈ​ឥណទាន​អតិថិជន​មាន​ ​១២​ ទ្រី​លាន​រៀល ​ឬ​ ៣ ​ពាន់​លាន​ដុល្លារ​ ​តាមរយៈ​គណនី​ចំនួន​ ៨៧៧​.​៧៦៨​។

​ឥណទាន​ត្រូវ​បាន​ផ្តល់​ទៅកាន់​វិស័យ​សំខាន់​ៗ​នៃ​សកម្មភាព​សេដ្ឋកិច្ច ​រួម​មាន​សកម្មភាព​គ្រួសារ​ជា​វិនិយោគិន ​និង​សកម្មភាព​ផលិត​ទំនិញ ​និង​ផ្តល់​សេវាកម្ម​ ៥​០​,​៦​%​ ​សកម្មភាព​សេវាកម្ម​ស្នាក់នៅ​ ​និង​អាហារ​ ១៣​,​៨​%​ ​អាជីវកម្ម​លក់​រាយ​ ​៧​,​២​%​ ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​៥​,​៩​%​ ​សំណង់​ ៤​,​៨​%​ ​កម្មន្ត​សាល​កម្ម​ ៤​,​៩​%​ ​ការ​ដឹកជញ្ជូន​ ​និង​ការ​ស្តុក​ទុក​ ​៣​,​១​%​ ​សកម្មភាព​អចលន​ទ្រព្យ​ ២​,​៦​%​ ​អាជីវកម្ម​លក់​ដុំ ០​,​៣​%​ ​និង​ឥណទាន​ផ្សេង​ៗ​ ៦​,​៨​%​។

​លោក​ រ័ត្ន​ ​សោភ័ណ ​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​បាន​ថ្លែង​ប្រាប់​ AMS ​ក្នុង​កិច្ច​សម្ភាស​ពិសេស​កាលពី​ខែ​សីហា​ថា​ ​បរិបទម៉ាក្រូសេដ្ឋកិច្ច​ ​និង​ភូមិសាស្ត្រ​នយោបាយ​ខាង​ក្រៅ​មិន​សូវ​អំណោយ​ផល​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ​ហើយ​វិស័យ​ធនាគារ​ក៏​ទទួល​រង​ផលប៉ះពាល់​ពី​កត្តា​ទាំងនេះ រួម​ជាមួយ​កត្តា​ផ្ទៃក្នុង​មួយចំនួន​ផងដែរ​។

​លោក​បាន​ចាត់ទុក​បរិបទ​នេះ​ជា​ឱកាស​សម្រាប់​វិស័យ​ធនាគារ​ពង្រឹង​ខ្លួន​ តាមរយៈ​ការ​ពិនិត្យ​ឡើង​វិញ​លើ​របៀប​ប្រតិបត្តិការ​ ការ​វាយតម្លៃ​ហានិភ័យ ការ​រៀបចំ​ខ្លួន​ ​និង​ការ​ពង្រឹង​សមត្ថភាព​ផ្ទៃក្នុង ​ដើម្បី​កសាង​ភាព​ធន់​សម្រាប់​រយៈពេល​វែង​។

​លោក​ រ័ត្ន​ ​សោភ័ណ ​ក៏​បាន​លើកឡើង​ថា​ ​វិស័យ​មួយចំនួន​នៅតែ​មាន​សក្ដានុពល​ខ្ពស់​ ​ដោយ​ក្នុង​នោះ​ថាមពល​ស្អាត ​និង​ថាមពល​កកើត​ឡើង​វិញ​ ​គឺជា​និន្នាការ​ដែល​មាន​អាទិភាព​ខ្ពស់​ ​ហើយ​កំណើន​ឥណទាន​ក្នុង​វិស័យ​នេះ​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​មាន​ជាង​ ៦​%​។

តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​រួមមាន​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​ ៦​១ ​ក្នុង​នោះ​ធនាគារ​ពាណិជ្ជ ​៥៨ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ​៣​។​ ​ប្រព័ន្ធ​នេះ​ក៏​មាន​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ ​១០៤ ​និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ ៨៨​។

​លោក​ រ័ត្ន​ ​សោ​ភ័ណ ​បាន​បញ្ជាក់​ថា ​ដើម្បី​រក្សា​ភាព​ធន់​ក្នុង​បរិបទ​សេដ្ឋកិច្ច​ដែល​កំពុង​ផ្លាស់ប្តូរ​ ​កម្ពុជា​ត្រូវ​បន្ត​គ្រប់គ្រង​គុណភាព​ឥណទាន ​ទាំង​ឥណទាន​ដែល​មាន​ស្រាប់ ​និង​ឥណទាន​ថ្មី ​ដោយ​ពង្រឹង​ការ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ ​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​អាជីវកម្ម​របស់​អតិថិជន ​និង​កាត់បន្ថយ​ការ​ផ្តល់​ឥណទាន​ទៅកាន់​វិស័យ​ដែល​កំពុង​ប្រឈម​បញ្ហា​។

ការ​ពង្រឹង​ការ​គ្រប់គ្រង​ហានិភ័យ ​និង​គុណភាព​ឥណទាន ​រួម​ជាមួយ​ការ​រក្សា​ទំនុកចិត្ត​របស់​សាធារណជន ​និង​ការ​ពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​ ​ត្រូវ​បាន​ចាត់ទុកជា​ចំណុច​សំខាន់​សម្រាប់​ឱ្យ​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​បន្ត​រក្សា​បាន​ភាព​ធន់​ក្នុង​រយៈពេល​វែង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association

ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី!​ សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ