ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

(កំពង់ធំ)៖ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូចនិងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅខេត្តកំពង់ធំ” ដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ, ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម, លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម និងថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបងប្អូនសហគ្រិន អាជីវករ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ៨០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ សហគ្រិនខ្មែរ, រដ្ឋបាលខេត្តកំពង់ធំ, ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលបានរៀបចំកម្មវិធីដ៏ សំខាន់នេះ ឡើង ដើម្បីជួយបង្កើនសមត្ថភាពរបស់អាជីវករ ពាណិជ្ជករ កសិករ ពិសេសសហគ្រិនវ័យក្មេង និងធុរកិច្ចថ្មីនៅក្នុងខេត្តកំពង់ធំ ឱ្យកាន់តែមានភាពប្រកួតប្រជែង អាចបង្កើតផលិតផលថ្មី និងតម្លៃបន្ថែមថ្មី ហើយអាចឈរជើងបាន និងរីកលូតលាស់ទៅថ្ងៃមុខ ដើម្បីធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំ ក្លាយជាចន្ទល់សេដ្ឋកិច្ចមួយរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា នេះគឺជា គោលដៅ និងជាចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញខេត្តកំពង់ធំក្លាយទៅ ជាមូលដ្ឋានផលិតកម្ម វិនិយោគ និងទេសចរណ៍ ដែលអាចបង្កើតការងារ មុខរបរ ប្រាក់ចំណូល និងលើកកម្ពស់ ជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានកត់សម្គាល់ផងដែរថា ថ្វីត្បិតខេត្តកំពង់ធំមានសក្តានុពលច្រើន មានផ្ទៃដីក៏ធំ ហើយចំនួនប្រជាជនក៏ច្រើនគួរសមពិតមែន ក៏ប៉ុន្តែកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ខេត្តកំពង់ធំ  ដូចជា ចំណូលប្រជាជនម្នាក់ធៀបនឹង ផសស មានសន្ទុះទាប ហើយអត្រានៃភាព ក្រីក្រខ្ពស់ក្នុងខណៈដែលចំនួនសហគ្រាសពាណិជ្ជកម្មនៅមានតិចនៅឡើយធៀបនឹងខេត្តដទៃ។ តួលេខនេះ គូសបញ្ជាក់ឱ្យឃើញថាបងប្អូនខេត្តកំពង់ធំយើងជាច្រើននៅប្រកបរបរធ្វើស្រែចម្ការជាលក្ខណៈគ្រួសារ នៅឡើយ និងពុំទាន់មានកម្រិតសហគ្រិនភាពច្រើននៅឡើយទេ។ ដូចនេះ យើងត្រូវលើកស្ទួយ សហគ្រិនភាព ដែលជាមេទ័ពក្នុងសេដ្ឋកិច្ចឱ្យបានច្រើន ដើម្បីជំរុញការអភិវឌ្ឍកំណើន និងការបង្កើតតម្លៃ បន្ថែមក្នុងសេដ្ឋកិច្ច សម្រាប់ធ្វើបែងចែកផ្លែផ្កានៃកំណើន ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលមានទស្សនវិជ្ជាចាត់ទុកវិស័យ ឯកជន រួមមានបងប្អូនកសិករ សិប្បករ អាជីវករទាំងអស់ ដែលកម្ពុជាយើងមានកម្លាំងពលកម្មប្រមាណ ១០លាននាក់ គឺជាអ្នកបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច។ ហើយកម្មវិធីនាថ្ងៃនេះ មានគោលដៅគាំទ្រ សហគ្រិនភាព ដើម្បីបណ្តុះ ទាំងអ្នកដែលមានទេពកោសល្យពីកំណើត និងទាំងអ្នកដែលចង់ចេះ ចង់ដឹង និងចង់ចាប់ផ្តើមអាជីវកម្ម ឱ្យក្លាយទៅជា “មេទ័ពសេដ្ឋកិច្ច”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់បន្ថែមថា សហគ្រិនភាពគឺជាទេពកោសល្យសំខាន់មួយ ទាមទារឱ្យមានចរិត អាកប្បកិរិយា ឥរិយាបថតស៊ូ ព្យាយាមចង់ចេះ ចង់ដឹង ចង់ធ្វើអាជីវកម្ម ប៉ុន្តែក៏ត្រូវពឹងផ្អែកលើឱកាស បរិស្ថានសង្គម បរិស្ថានសេដ្ឋកិច្ច ឬ ប្រព័ន្ធអេកូឡូស៊ីអំណោយផល ទើបសហគ្រិនទាំងនោះអាចងើបឡើងរួច។ ដូចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលឹកថា វិស័យសាធារណៈត្រូវដើរតួជាអ្នកតម្រង់ផ្លូវ គាំទ្រសហគ្រិន មិនខ្ទប់សក្តានុពលវិស័យឯកជន និងជាពិសេសកសាងលក្ខខណ្ឌឱ្យវិស័យឯកជនមាន ឱកាសងើបឈរខ្លាំងឡើង ទាំងក្នុងកត្តាគោលនយោបាយ អប់រំ ហិរញ្ញវត្ថុ ច្បាប់ទម្លាប់។ល។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងផងដែរថាក្នុងបរិការណ៍ដែល ពិភពលោក រួមទាំងភូមិសាស្ត្រនយោបាយ ជាភូមិសាស្ត្រសេដ្ឋកិច្ច បច្ចេកវិទ្យា បរិយាកាសបរិស្ថានផ្លាស់ប្តូរ ឥតឈប់ឈរ យើងត្រូវគិតគូរឡើងវិញអំពីការរៀបចំ ឬ ធ្វើបច្ចុប្បន្នកម្មក្របខ័ណ្ឌនៃការបណ្តុះមេទ័ព ឬបណ្តុះទ័ពស្រួចក្នុងវិស័យឯកជន ឱ្យទាន់សភាពការណ៍ ជាពិសេសសម្រាប់សហគ្រិនថ្មីៗ។ ក្រៅពីនេះ សង្គ្រាមឈ្លានពានរបស់ថៃបានគូសបញ្ជាក់ពីភាពចាំបាច់ និងភាពបន្ទាន់ថែមទៀត របស់ប្រទេសកម្ពុជា ក្នុងការចេះរៀនសូត្រពង្រឹងសមត្ថភាពផលិតដោយខ្លួនឯង ប្រកួតប្រជែងជាមួយគេជាពិសេសបន្ថយ ការនាំចូល បង្កើនការផលិត និងសេវាកម្ម។ ដូច្នេះ កម្មវិធីនេះក៏អាចចាត់ទុកថាជាការកសាងសមត្ថភាព ផលិតទំនិញក្នុងស្រុក ដើម្បីប្រើប្រាស់ខ្លួនឯងជំនួសការនាំចូលផង ហើយសម្រាប់បម្រើការនាំចេញទៅ ខាងក្រៅផង ព្រមទាំងជាការប្តូរផ្នត់គំនិតពីការពឹងផ្អែកឱ្យទៅជាការជួយឱ្យមានសមត្ថភាពរកចំណូលដោយ ខ្លួនឯង ដែលពាក្យសាមញ្ញថា “បង្រៀនឱ្យចេះរកត្រី ជាជាងឱ្យត្រី”។ នេះទើបជាការធ្វើសេដ្ឋកិច្ច ពិតប្រាកដរបស់ប្រទេស ហើយត្រូវអនុវត្តនៅគ្រប់ខេត្តទាំងអស់ ទើបយើងរឹងមាំបាន។

មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តាំផ្ញើដល់សិស្សានុសិស្សឱ្យមានក្តីសង្ឃឹម កុំឱ្យគិត ថាភាពក្រីក្រធ្វើឱ្យយើងធ្វើអ្វីមិនកើត ផ្ទុយទៅវិញត្រូវយកភាពក្រីក្រមកបង្កើតជាឆន្ទៈ និងឥរិយាបថ ដើម្បីឱ្យយើងក្លាយជាមនុស្សខ្លាំង និងបានណែនាំឱ្យសិស្សានុសិស្ស “ស្រមៃឱ្យធំ តែចាប់ផ្តើមពីកិច្ចការ តូចតាចជាមុន”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបង្ហាញនូវក្តីសង្ឃឹមថា សិស្សានុសិស្ស មួយចំនួនដែលចូលរួមក្នុងកម្មវិធីនេះនឹងអាចក្លាយទៅជាសហគ្រិនខ្មែរដ៏ចំណាននាពេលអនាគត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំង ក្រុមការងាររាជរដ្ឋាភិបាល គាំទ្រកម្មវិធីនេះឱ្យបានជោគជ័យ ដើម្បីជាជោគជ័យរបស់ប្រជាជនខេត្តកំពង់ធំ និងខេត្តកំពង់ធំទាំងមូល ហើយត្រូវចាត់ទុកការចូលរួមនេះ ជាការចូលរួមកសាងជាតិ និងពង្រឹងសមត្ថភាព កសាងជាតិរបស់យើងទៅថ្ងៃមុខឱ្យរុងរឿង។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់នូវម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ម៉ាក Honda ដែលឧបត្ថម្ភដោយក្រុមហ៊ុន NCX  តាមរយៈកិច្ចសហការគម្រោងរវាង សហគ្រិនខ្មែរ និងអង្គការ Grow Asia Partnership ជូនដល់កសិករចំនួន ៣ សហគមន៍ ក្នុងខេត្តកំពង់ធំ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

Leave a Reply

Your email address will not be published. Required fields are marked *