ភ្នំពេញ ៖ មួយរយៈពេលចុងក្រោយនេះគេសង្កេតឃើញថា បញ្ហានៃភាពប្រឈម និងវិបត្តិចំពោះអ្នកទិញផ្ទះបង់រំលស់ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍បានកើនឡើងកំដៅកាន់តែខ្លាំងឡើងៗ រហូតដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញមកអន្តរាគមន៍ស្នើឱ្យក្រុមហ៊ុនបញ្ឈប់រឹបអូសផ្ទះពីអតិថិជន ហើយងាកមករៀបចំឥណទានឡើងវិញដើម្បីសម្រួលដល់ការបង់ប្រាក់។ នៅថ្ងៃនេះ AMS នឹងលើកយកពីគុណវិបត្តិ និងគុណសម្បត្តិនៃការទិញផ្ទះបង់រំលស់ជាមួយបុរីផ្ទាល់ និងការប្រើប្រាស់កម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុសម្រាប់ទិញផ្ទះ ។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឱ្យដឹងថា ការទិញផ្ទះដោយបង់រំលោះផ្ទាល់ជាមួយបុរី ឬក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ គឺមានហានិភ័យខ្ពស់ណាស់បើធៀបជាមួយការទិញតាមរយៈកម្ចីពីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុស្របច្បាប់។ បញ្ហាប្រឈមនៃការទិញផ្ទះបង់រំលស់ជាមួយបុរីផ្ទាល់ គឺអតិថិជនមិនមានឈ្មោះជាម្ចាស់កម្មសិទ្ធិលើផ្ទះនោះទេ ដូចនេះក្រុមហ៊ុនអាចយកផ្ទះគេវិញបានគ្រប់ពេលវេលា ខណៈការប្រើប្រាស់កម្ចីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ អតិថិជនជាម្ចាស់កម្មសិទ្ធិលើផ្ទះដោយផ្ទាល់ ដូចនេះរាល់ការរឹបអូសផ្សេងៗត្រូវឆ្លងកាត់និតិវិធី និងសាលក្រមពីតុលាការ ដោយតម្រូវឱ្យមានការលក់ឡៃឡុង ហើយប្រគល់ប្រាក់នៅសល់ជូនអតិថិជនវិញ។
លោកបន្តថា ៖
“ការបង់រំលោះផ្ទាល់ជាមួយបុរី ឬក្រុមហ៊ុន មិនមានការសិក្សាពីសុខមាលភាពហិរញ្ញវត្ថុរបស់អតិថិជនទេ ខណៈកម្ចីតាមធនាគារ ឬមីក្រូហិរញ្ញវត្ថុមានការសិក្សាលម្អិតពីចំណូល និងលទ្ធភាពសងរបស់អតិថិជន។ ដូចនេះ ការទិញរំលស់ជាមួយម្ចាស់គម្រោងផ្ទាល់គឺអតិថិជនងាយនឹងធ្លាក់ចូលវិបត្តិហិរញ្ញវត្ថុ ឬឈានដល់បាត់បង់ផ្ទះតែម្តង ដូចដែលយើងឃើញក្នុងរយៈពេលថ្មីៗនេះ។”
ការទិញផ្ទះដោយប្រើសេវាកម្មកម្ចីរបស់ គ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ គឺអតិថិជនមានសមត្ថភាពពេញលេញ ក្នុងការជួយពិនិត្យលិខិតស្នាម ឬភាពស្របច្បាប់នៃផ្ទះ ឬអចលនទ្រព្យដែលអតិថិជនទិញ ។ ខណៈជារើយៗ គេសង្កេតឃើញគម្រោងមួយចំនួនមិនមានច្បាប់អាជីវកម្ម ឬមិនបានបំពេញលក្ខខណ្ឌស្របច្បាប់នៅឡើយ។ អតិថិជន នឹងមិនជួបបញ្ហាបែបនេះទេ បើគាត់ប្រើប្រាស់កម្ចីគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុ ។
លោក កាំង តុងងី បានឱ្យដឹងថា កម្ចីតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានយន្តការ និងការអនុវត្តច្បាប់ច្រើនក្នុងកិច្ចការពារអតិថិជន ហើយប្រសិនបើអតិថិជនមិនពេញចិត្តដំណោះស្រាយនានាដែលដាក់ចេញដោយគ្រឹះស្ថាន អតិថិជនអាចប្តឹងទៅកាន់សមាគម ឬធនាគារជាតិនៃកម្ពុជា ដើម្បីសុំអន្តរាគមន៍ ខណៈដែលកម្ចីធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានអត្រាការប្រាក់ល្អជាងការបង់ផ្ទាល់ជាមួយក្រុមហ៊ុន ឬបុរី។
លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានឱ្យដឹងថា បញ្ហាទិញផ្ទះបង់រំលស់ជាមួយបុរីនេះ បង់មួយខែៗរាប់រយដុល្លារ ប៉ុន្តែភាគច្រើនលើសលប់គឺជាការប្រាក់ប៉ុណ្ណោះ ជាក់ស្ដែង អតិថិជនទិញផ្ទះបង់រំលស់ម្នាក់ដែលបានទិញផ្ទះក្នុងតម្លៃជាង២០ម៉ឺនដុល្លារអាមេរិក រយៈពេលជិត៣ឆ្នាំ អស់ទឹកប្រាក់សរុប១០ម៉ឺនដុល្លារអាមេរិក តែបើគុណគូរប្រាក់ដើមដែលបានបង់ទៅនេះត្រឹមតែ៩ពាន់ដុល្លារអាមេរិកប៉ុណ្ណោះ ដោយជាង៩ម៉ឺនដុល្លារអាមេរិកទៀតគឺអត្រាការប្រាក់ប៉ុណ្ណោះ ។
លោកឧកញ៉ាបានបញ្ជាក់ថា ស្ថានភាពអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ អាចនៅមិនទាន់មានការអភិវឌ្ឍថ្មីៗនោះទេ។ ក្នុងរយៈពេលពី ៣ ទៅ៥ ឆ្នាំខាងមុខគឺជាពេលវេលាដោះស្រាយបញ្ហាដែលកើតឡើង ដូច្នេះក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំទៀត ទើបអាចមានការវិនិយោគថ្មីៗបន្តទៀត៕