ភ្នំពេញ ៖ ក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចទម្លាក់តម្លៃខ្លះដើម្បីជួយសម្រួលដល់ក្រុមហ៊ុនដឹកជញ្ជូនប្រភេទរថយន្តកុងតឺន័រមានលទ្ធភាពប្រើប្រាស់ផ្លូវនេះឲ្យមានភាពមមាញឹកដូចដំណាក់កាលប្រើប្រាស់សាកល្បង ខណៈការប្រើប្រាស់សាកល្បងជិតដល់ថ្ងៃបញ្ចប់ ពោលគឺនៅមិនដល់១សប្ដាហ៍ទៀតឡើយ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ថា ការសម្រេចបញ្ចុះតម្លៃខ្លះពីសំណាក់ក្រុមហ៊ុនធ្វើឡើងក្រោយកិច្ចប្រជុំមួយរវាងក្រសួងសាធារណៈការ និងក្រុមហ៊ុនចិន China Road and Bridge នាពេលថ្មីៗនេះ។
លោកបន្ត ៖
“យើងបានដឹកនាំប្រជុំជាមួយក្រុមហ៊ុនជជែកលើតម្លៃដែលកើតចេញពីបញ្ហាមួយចំនួនដូចជាៈ ការអូស ស្ទូត សន្ដោង ក្នុងករណីរថយន្តជួបឧប្បទ្ទហេតុអ្វីមួយ និងតម្លៃនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ក្រសួងបានចរចាឲ្យក្រុមហ៊ុនធ្វើការបញ្ចុះតម្លៃ ហើយជាលទ្ធផលក្រុមហ៊ុនក៏សម្រេចទម្លាក់ខ្លះ”

បើតាមលោក ហ៊ាង សុទ្ធាយុត្តិ នេះជានីតិវិធីក្រុមហ៊ុនកំណត់តម្លៃ រីឯក្រសួងមានភារៈកិច្ចពិនិត្យ និងគាំទ្រ ហើយការប្រកាសផ្សព្វផ្សាយពីតម្លៃប្រើប្រាស់ផ្លូវ និងតម្លៃអូស ស្ទូត សន្ដោង នឹងប្រកាសនាពេលឆាប់ៗក្រោយភាគីទាំងពីរសម្រេចលើតួលេខរួមនៃតម្លៃ។
គួរជម្រាបជូនថា ការគិតគូរពីតម្លៃការប្រើប្រាស់ផ្លូវល្បឿនលឿនកើតមានបន្ទាប់ពីវិស័យឯកជន និងពលរដ្ឋទូទៅស្ទាក់ស្ទើរប្រើប្រាស់ ព្រោះមិនទាន់មានលទ្ធភាពចំណាយលើថ្លៃប្រើប្រាស់។
លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានស្វាគមន៍ចំពោះការគិតគូររបស់ក្រសួងមកលើវិស័យដឹកជញ្ជូនឯកជន ហើយក្រុមហ៊ុនឯកជនកំពុងយកចិត្តទុកដាក់លើការត្រួតពិនិត្យគុណភាព និងបច្ចេកទេសយានយន្ត។
លោកថា ៖
“យើងត្រៀមប្រើប្រាស់ផ្លូវល្បឿនលឿនដោយសុវត្ថិភាទាំងអ្នកបើកបរ និងការគិតគូរលើការតកន្ទុយសន្ដោង ហើយយើងសង្ឃឹមថា រដ្ឋាភិបាលនឹងសម្របសម្រួលបញ្ចុះតម្លៃដឹកជញ្ជូនឲ្យសមស្រប ខណៈដែលរថយន្តកុងតឺន័រឆ្លងកាត់ផ្លូវល្បឿនលឿនទៅវិញទៅមកមានតម្លៃ១២០ដុល្លារ”
បើគ្មានការប្រែប្រួលទេ ការសាកល្បងផ្លូវល្បឿនលឿន នឹងត្រូវបិទបញ្ចប់នៅចុងខែតុលានេះ ហើយបន្ទាប់មកក៏ចូលដល់ការប្រើប្រាស់ដោយតម្រូវឲ្យបង់ថ្លៃ ជាមួយនឹងការប្រកាសដាក់ឲ្យប្រើប្រាស់នៅដើមខែវិច្ឆិកា។ ៣សប្ដាហ៍ក្រោយការដាក់ការសាកល្បងចរាចរណ៍ ផ្លូវហៃវ៉េនេះមានភាពមមាញឹកខ្លាំងដោយទទួលបានចំនួនយានយន្តជាលក្ខណៈទេសចរ ប្រមាណ៧០ភាគរយ និងប្រភេទរថយន្តដឹកទំនិញ៣០ភាគរយដោយក្នុងមួយថ្ងៃមានយានយន្តជិះកាត់រង្វង់ ១ម៉ឺនគ្រឿង និង១ម៉ឺន៥ពាន់គ្រឿងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ គិតជាសរុបចំនួនយានយន្តកើនឡើងដល់ជាង១៩ម៉ឺនគ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគិតត្រឹមថ្ងៃទី១៥ខែតុលា។

គួររំលឹកថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ហើយវាគឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា – ចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ មានប្រវែង១៨៧ គីឡូម៉ែត្របានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០១៩ ជាមួយនឹងតម្លៃ២ពាន់លានដុល្លារ។
កាលពីពេលកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ធ្លាប់បាននិយាយថា គម្រោងនេះបានបង្កើតការងារជាង ៣ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា ហើយវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស នៅពេលដែលវាបានបើកសម្រាប់ការធ្វើចរាចរណ៍ ៕ អត្ថបទដោយ ៖ អេង រាជនី

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content