ភ្នំពេញ ៖ សំណង់អគារចាស់ទ្រុឌទ្រោម ០១ ក្នុងចំណោម ០៤ ដែលមានអាយុកាលយូរឆ្នាំ ជាអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតក្នុងភូមិ៩ ផ្លូវ១៤៤ កែង៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានក្រុមការងារជំនាញផ្នែកសំណង់ចាស់ទ្រុឌទ្រោម ចុះបាញ់ថ្នាំក្រហមតាមផ្ទះដែលព្រមទទួលយកដំណោះស្រាយរបស់ក្រសួង និងតម្លើងផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើង។

នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម រួមជាមួយលោកជំទាវ ភឹម រុនស៊ីណារតន៍ និងឯកឧត្តម ហ៊ុន ប៊ុនថាន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារសំណង់ចាស់ទ្រុឌទ្រោម បានដឹកនាំសម្របសម្រួលក្រុមការងារចុះបាញ់ថ្នាំក្រហមតាមផ្ទះដែលព្រមទទួលយកដំណោះស្រាយរបស់ក្រសួង និងតម្លើងផ្ទាំងសេចក្តីប្រកាសព័ត៌មានស្តីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះសំណង់អគារចាស់ អតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតក្នុងភូមិ៩ ផ្លូវ១៤៤ កែង៤៩ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានបញ្ជាក់ថា បន្ទាប់ពីផុតរយៈពេលកំណត់ ៣០ថ្ងៃ (ចាប់ពីថ្ងៃតម្លើងផ្លាក) ប្រសិនបើមិនអនុវត្តតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឱ្យបន្តស្នាក់នៅ ឬប្រើប្រាស់អគារនេះទៀតឡើយ ហើយនឹងធ្វើការហ៊ុំព័ទ្ធ ហាមចេញ-ចូលអគារ ដើម្បីធានាសុវត្ថិភាពសាធារណៈ។
បើតាមមន្រ្តីក្រសួងដែនដី សកម្មភាពនេះត្រូវបានអនុវត្តឡើងដោយផ្អែកលើ កង្វល់សំខាន់បំផុតផ្នែកសុវត្ថិភាព ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរស់នៅ ឬធ្វើដំណើរនៅក្បែរតំបន់អគារទាំងនោះ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី សាលាបដិវត្តន៍ មានទីតាំងនៅខណ្ឌដូនពេញ មានទំហំជាង ៧៨០ម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅ ៩គ្រួសារ។ ចំណែក អគារសាលាខេមរបុត្រ មានទីតាំងនៅសង្កាត់បឹងកេងកង មានផ្ទៃទំហំជាង ៧០០ម៉ែត្រការ៉េ ប្រជាពលរដ្ឋរស់នៅ ១១គ្រួសារ។ ដោយឡែកសំណង់ផ្ទះខុង ស៊ាងហ៊ី នៅខណ្ឌដូនពេញ មានទំហំ ១៦០ម៉ែត្រការ៉េ ប្រជាពលរដ្ឋរស់នៅ ៦គ្រួសារ និងសំណង់ផ្ទះ២ល្វែងហ្សិត ក្នុងខណ្ឌ៧មករា សង្កាត់អូឬស្សី ទំហំជាង ៣៩០ម៉ែត្រការ៉េ ស្មើនឹង ២៦បន្ទប់ មានប្រជាជនកំពុងរស់នៅ ២១គ្រួសារ ។
បើតាមលោកជំទាវ សេរី សូរិយា អគាចាស់ទាំងអស់នេះ មានអាយុកាលចន្លោះពី ៥០ឆ្នាំ ទៅ៧០ឆ្នាំ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលត្រូវតែវាយកម្ទេចចោល ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។
អនុរដ្ឋលេខាធិការក្រសួងដែនដីរូបនេះបានបញ្ជាក់ថា ក្រសួងបានចរចាសំណងជាមួយប្រជាពលរដ្ឋលើការវាយកម្ទេចអគារចាស់នេះ សម្រេចបានជោគជ័យប្រមាណជាង ៧០% ហើយ។ នេះមានន័យថា នៅសល់តែជាង ២០% ទៀតប៉ុណ្ណោះ ដែលអាជ្ញាធរ កំពុងបន្តការចរចាដោះស្រាយ ដើម្បីបញ្ចប់ដំណើរការនេះឲ្យបានឆាប់រហ័ស។
លោកបណ្ឌិត ប៉ា ច័ន្ទរឿង ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថា ការសម្រេចចិត្តរបស់អាជ្ញាធរក្នុងការវាយកម្ទេចអគារចាស់ទ្រុឌទ្រោម គឺជាចំណាត់ការសុវត្ថិភាពដល់ពលរដ្ឋ ហើយជារឿងត្រឹមត្រូវ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្គមរូបនេះ បានសង្កត់ធ្ងន់ថា លក្ខខណ្ឌចម្បងដែលមិនអាចខ្វះបាន គឺអាជ្ញាធរត្រូវធានាឱ្យមានតម្លាភាព និងយុត្តិធម៌ខ្ពស់បំផុតសម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ ដោយការផ្តល់សំណង ឬការដោះដូរជាមួយទីតាំងថ្មី ដែលអាចធានាឱ្យពួកគាត់មានលំនៅឋានសមរម្យ និងល្អប្រសើរជាងមុន៕








វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content