ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអារម្ភកថាដ៏មានសារសំខាន់លើផែនការយុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលជាចំណែកមួយក្នុងគោលដៅបើកសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យឡើងវិញ។
នៅក្នុងអារម្ភកថារបស់សម្ដេចដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះបានបញ្ជាក់ថា អស់រយៈកាល ១៨ខែ កន្លងមកនេះ វិបត្តិនៃជំងឺកូវីដ-១៩ បាននាំមកនូវគ្រោះមហន្តរាយដល់ពិភពលោកទាំងមូល ក្នុងនោះវិស័យទេសចរណ៍សកលលោក ក៏ដូចជានៅកម្ពុជា បាន និងកំពុងទទួលរងឥទ្ធិពលអវិជ្ជមាន យ៉ាងធ្ងន់ធ្ងរ។ ការណ៍នេះបានជំរុញឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសនានាបានធ្វើការបិទ-បើកតំបន់ ឬប្រទេសទាំងមូលជាច្រើនលើកច្រើនសារ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំកំពុងត្រូវបានបន្តអនុវត្តដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅជំរុញការស្ដារសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ស្របតាមគន្លងប្រក្រតីភាពថ្មី។
ឈរលើទស្សនវិស័យនៃ “ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគ រាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និងជាក់ស្តែងនិយម ដោយមានផែនការច្បាស់លាស់ក្នុងការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញនូវ “ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់គោលដៅសំខាន់ៗ ដែលជាឯកសារគោលដ៏មានសារៈសំខាន់ ជាយុទ្ធសាស្ត្រសម្រាប់អនាគតវិស័យទេសចរណ៍កម្ពុជា។
ទន្ទឹមនេះ ភាពចាំបាច់ក្នុងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ចពេញលេញជាបណ្តើរៗឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមគន្លងប្រក្រតីភាពថ្មី ដោយហេតុថាស្ថានភាពទីផ្សាទេសចរណ៍នឹងមានភាពតូចចង្អៀត ជាមួយការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្ម ថ្លៃ ទំនុកចិត្តលើសុវត្ថិភាពនៃគោលដៅទេសចរណ៍, វិធានការក្នុងការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងការសម្រួលការធ្វើដំណើរ។ ចំណុចទាំងនេះគឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅដំណើរកម្សាន្តទេសចរណ៍ក្នុងបរិបទថ្មី។ ក្នុងន័យនេះ ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង នឹងក្លាយជាឯកសារយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ការបើកឱ្យដំណើរការឡើងវិញជាបណ្តើរៗនៃការទទួលភ្ញៀវទេសចរអន្តរជាតិ ដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈ ជាមួយកិច្ចខិតខំក្នុងការវិលត្រឡប់ឱ្យបានឆាប់ទៅរក«ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ការបើកទទួលទេសចរអន្តរជាតិឡើងវិញ នឹងត្រូវធ្វើឡើងតាមដំណាក់កាល ជាជំហានៗ ដោយផ្អែកលើវិធីសាស្ត្រជាក់លាក់ក្នុងការកំណត់តំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដែលជាអនុគមន៍នឹងអត្រានៃការចាក់វ៉ាក់សាំងអត្រាអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ និងកម្រិតមធ្យម និងអត្រាស្លាប់នៃអ្នកជំងឺកូវីដ-១៩ សមត្ថភាពឆ្លើយតប និងគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី និងការត្រៀមលក្ខណៈសម្បត្តិរបស់ឧស្សាហកម្មទេសចរណ៍កម្ពុជាស្របតាមគន្លងប្រក្រតីភាព។
ក្នុងស្មារតីនេះ ព្រះរាជាណាចក្រកម្ពុជានឹងបើកទទួលទេសចរណ៍វ៉ាក់សាំងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយចាប់ផ្តើមនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ រួមនឹងតំបន់តារាសាគរនៃខេត្តកោះកុង ហើយបន្ទាប់មកនៅខេត្តសៀមរាប នៅក្នុងខែមករា ឆ្នាំ២០២២។ ឈរលើស្មារតីប្រុងប្រយ័ត្ន ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រនេះ នឹងត្រូវមានការត្រួតពិនិត្យ តាមដាន វាយតម្លៃជាប់ជាប្រចាំ ស្របតាមការវិវត្តជាក់ស្តែងនៃសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងជំហាននីមួយៗ ផ្សារភ្ជាប់ជាមួយនឹងជម្រើសសម្រាប់ការបើក -បិទ ដោយផ្អែកលើការបែងចែកតំបន់, ការធ្វើអាទិភាវូបនីយកម្ម ជម្រើសសកម្មភាពទេសចរណ៍តាមអនុវិស័យ និងកត្តាពេលវេលាដែលដើរតួជាចន្ទល់យុទ្ធសាស្ត្រសំខាន់ក្នុងការផ្តល់លទ្ធភាពដល់ការគ្រប់គ្រងហានិភ័យ។
ឆ្លៀតឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងទេសចរណ៍ និងក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលបានរៀបចំឯកសារផែនការយុទ្ធសាស្ត្រដ៏សំខាន់នេះ ចំពេលវេលាដ៏ចាំបាច់ សម្រាប់វិស័យទេសចរណ៍ជាតិ ក្នុងដំណាក់កាលដ៏លំបាកនេះ។ ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន វិស័យឯកជន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ត្រូវប្រកាន់់ភ្ជាប់នូវឆន្ទៈទទួលខុសត្រូវខ្ពស់ ដោយផ្តល់អាទិភាពដល់ការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំងឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកដល់ការធានានិរន្តរភាព និងការស្ដារកំណើនសេដ្ឋកិច្ច៕



ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា

ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/10/2026
បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content