បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា ក្រុមហ៊ុនប្រេង Saudi Aramco ដែលជាក្រុមហ៊ុនប្រេងដ៏ធំបំផុតរបស់ពិភពលោក និងមានតម្លៃធំបំផុតទីពីរក្នុងពិភពលោករកបានប្រាក់ចំណេញច្រើនជាង ១៦១ ពាន់លានដុល្លារកាលពីអំឡុងឆ្នាំ២០២២ កន្លងទៅនេះ។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រុមហ៊ុនប្រេងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត Saudi Aramco បានប្រកាសថា ប្រាក់ចំណេញរបស់ខ្លួនកើនឡើងជិត ៥០ ភាគរយ ឬ កើនឡើងពី ១១០ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដល់ ១៦១,១ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២ ។ ស្របពេលនោះដែរ ក្រុមហ៊ុនបានឃើញតម្រូវការសម្រាប់ផលិតផលរបស់ខ្លួន និងតម្លៃប្រេងពិភពលោកកើនឡើងយ៉ាងខ្លាំង ដោយសារមានការរឹតបន្តឹងទូទាំងពិភពលោកលើការនាំចូលប្រេង និងហ្គាសរបស់រុស្ស៊ី។
នាយកប្រតិបត្តិរបស់ Aramco លោក Amin H. Nasser បាននិយាយថា ៖ Aramco បានបញ្ចេញនូវកំណត់ត្រាលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២២ ខណៈដែលតម្លៃប្រេងបានឡើងថ្លៃដោយសារតែតម្រូវការកើនឡើងនៅជុំវិញពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ការផលិតប្រេងឆៅរបស់ខ្លួនមានប្រហែល ១១,៥ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២២ ហើយខ្លួនក៏សង្ឃឹមថានឹងបង្កើនកម្រិតផលិតកម្មដល់ ១៣ លានបារ៉ែលក្នុងមួយថ្ងៃនាឆ្នាំ២០២៧ ។ នៅក្នុងឆ្នាំ២០២៣ នេះផងដែរ Aramco បានចំណាយប្រាក់ជាង ៣៧ ពាន់លានដុល្លារដើម្បីបង្កើនសមត្ថភាពផលិតកម្មប្រេង និងហ្គាសរបស់ខ្លួនបន្តពីឆ្នាំ២០២២ រួមទាំងបន្តពង្រឹងលើបច្ចេកវិទ្យាកាបូនទាបដើម្បីសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នផងដែរ។ លើសពីនេះផងដែរ ក្រុមហ៊ុននេះគ្រោងនឹងបង្កើនប្រាក់ចំណែកទៅម្ចាស់ភាគហ៊ុនដែលធំបំផុត គឺរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដល់ ១៩,៥ ពាន់លានដុល្លារសម្រាប់ត្រីមាសទី ៤ នៃឆ្នាំ២០២២។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនប្រេងផ្សេងៗទៀតរួមមាន ExxonMobil, BP និង Shell ក៏ទទួលបានប្រាក់ចំណេញខ្ពស់ផងដែរសម្រាប់ឆ្នាំ ២០២២ ដោយសារតម្លៃប្រេង និងហ្គាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុតកាលពីកំឡុងពេលនោះ។ ក្រុមហ៊ុនទាំងនោះទទួលបានប្រាក់ចំណូលទាំងអស់ ៥៥,៧ ពាន់លានដុល្លារ ៤០ ពាន់លានដុល្លារ និងប្រហែល ២៨ ពាន់លានដុល្លាររៀងៗគ្នា។ ស្របពេលដែលតម្លៃប្រេង និង ហ្គាសឡើងថ្លៃ ក្រុមហ៊ុនទាំងនេះទទួលបានប្រាក់ចំណេញជាច្រើន ដោយសារវិបត្តិសេដ្ឋកិច្ចសកលបានជំរុញការឡើងថ្លៃតម្លៃរស់នៅសកល និង តម្លៃថាមពលដែលបណ្តាលមកពីសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ ការកើនឡើងនៃតម្រូវការពីប្រទេសចិន និងប្រទេសដទៃទៀតក៏ជាមូលហេតុដែលធ្វើឱ្យក្រុមហ៊ុនទាំងនោះទទួលបានផលចំណេញផងដែរ។
យោងទៅតាមប្រភពពី BBC បានលើកឡើងផងដែរថា ក្រុមហ៊ុនប្រេងធំៗទាំងនោះកំពុងប្រមូលប្រាក់ចំណេញយ៉ាងច្រើន ខណៈពេលដែលមនុស្សជុំវិញពិភពលោកកំពុងប្រឈមនឹងបញ្ហាក្នុងការទូទាត់វិក្កយបត្រថាមពល និងសម្រាប់ប្រើប្រាស់ជាមួយយានយន្តរបស់ពួកគេ។ បន្ទាប់ពីប្រទេសលោកខាងលិចបានព្យាយាមរឹតបន្តឹងការនាំចូលថាមពលពីប្រទេសរុស្ស៊ី គឺប្រទេសទាំងនោះចាំបាច់ត្រូវទិញថាមពលពីកន្លែងផ្សេងដែលលក់ថ្លៃជាង។ បច្ចុប្បន្ននេះតម្លៃប្រេងមិនមានភាពច្បាស់លាស់ ខណៈសេដ្ឋកិច្ចចិនបានបើកឡើងវិញបន្ទាប់ពីការបិទប្រទេសដោយសារកូវីដ-១៩ ដែលធ្វើឲ្យតម្រូវការកាន់តែកើនឡើង។ កាលពីខែមីនាឆ្នាំមុន តម្លៃប្រេងធ្លាប់ឡើងដល់កំពូលជាង ១២៧ ដុល្លារដែលធ្វើឲ្យប្រទេសទូទាំងសកលលោកជួបផលវិបាកជាច្រើន ដោយសារប្រេង និង ហ្គាសធម្មជាតិមានសារៈសំខាន់ចំពោះស្ទើរតែគ្រប់ទិដ្ឋភាពនៃជីវិតសម័យទំនើបនេះ។ មួយវិញទៀត ប្រេងត្រូវបានប្រើសម្រាប់ផលិតសាំង និងម៉ាស៊ូត ហើយហ្គាសធម្មជាតិត្រូវបានប្រើសម្រាប់កំដៅ និងចម្អិនអាហារ។ ថាមពលទាំងពីរនេះក៏ត្រូវបានប្រើប្រាស់ក្នុងវិស័យកសិកម្ម ការផលិតអគ្គិសនី និងដំណើរការឧស្សាហកម្មផ្សេងទៀត។ ដូច្នេះហើយ នៅពេលដែលតម្លៃប្រេងឡើងថ្លៃដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឲ្យក្រុមហ៊ុនទាំងនេះទទួលបានផលចំណេញច្រើនពីការលក់ប្រេង និងហ្គាស ពីព្រោះជាពិសេសប្រទេសលោកខាងលិចចាំបាច់ត្រូវទិញថាមពលពីពួកគេ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content