បរទេស ៖ នៅក្នុងឯកសារដែលទទួលបានពីនិយ័តករគ្រប់គ្រងការប្រើប្រាស់រថយន្តអគ្គិសនីរបស់ប្រទេសកាណាដាកាលពីពេលថ្មីៗនេះបានបង្ហាញថា ក្រុមហ៊ុនដែលជាអ្នកផលិតរថយន្តអគ្គិសនីចិន BYD បានដាក់ពាក្យស្នើសុំពិនិត្យមើលលទ្ធភាពក្នុងការចូលមកបម្រើសេវារថយន្តដឹកជញ្ជូននៅក្នុងប្រទេសមួយនេះ។
ដំណឹងនេះត្រូវបានធ្វើឡើងនៅក្នុងពេលជាមួយគ្នាដែលរដ្ឋាភិបាលទីក្រុងអូតាវ៉ា បាន និងកំពុងតែធ្វើការពិចារណាទៅលើការដាក់ច្បាប់រឹតបន្តឹង និងបង្កើនពន្ធសម្រាប់រាល់រថយន្តអគិ្គសនីដែលនាំចូលពីប្រទេសចិន ក្រោយការស្នើសុំដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
លោកខាងលិចបានចោទប្រកាន់ថា រថយន្តអគិ្គសនីទាំងអស់របស់ចិន សុទ្ធតែទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុពីសំណាក់រដ្ខាភិបាលទីក្រុងប៉េកាំង ដែលកត្តានេះបាននាំឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃប្រកួតប្រជែងទីផ្សារជាមួយនឹងក្រុមហ៊ុនអ្នកផលិតរថយន្តក្នុងស្រុករបស់ពួកគេ។
ជាមួយនឹងកិច្ចសំណើរបស់ចិនខាងលើនេះ គេជឿជាក់ថា ប្រសិនបើមិនមានការត្រួតពិនិត្យ និងពិគ្រោះយោបល់ឱ្យបានល្អិតល្អន់នោះទេ វានឹងអាចនាំឱ្យមានការកើនឡើងនៃចំនួនការនាំចូលដែលនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការវិនិយោគរថយន្ត EV ដែលបានគ្រោងទុក និងការផ្លាស់ប្តូរនៃវិស័យរថយន្តរបស់កាណាដាជាមិនខាន។ ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះនៅមិនទាន់មានការប្រកាសច្បាស់នៅឡើយទេថា តំណាងដែលពាក់ព័ន្ធរួមមានទាំង BYD Canada បានជួបជាមួយនឹងតំណាងរបស់រដ្ឋាភិបាលកាណាដាហើយឬយ៉ាងណានោះទេ។
គួរឲ្យដឹងដែរថា កាលពីឆ្នាំ២០២៣កន្លងទៅនេះ BYD បានទទួលជោគជ័យទៅលើប្រតិបត្តិការនៃលក់របស់ខ្លួនលើសកំណត់ត្រាប្រចាំឆ្នាំដល់ទៅខ្ទង់លានគ្រឿងរហូតបានក្លាយជាក្រុមហ៊ុនលំដាប់លេខ១ក្នុងនាមជាអ្នកផ្គត់ផ្គង់រថយន្តថាមពលថ្មី (NEV) នៅលើពិភពលោក៕