ភ្នំពេញ ៖ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខិតជិតមកដល់ហើយ ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទប្រចាំឆ្នាំកាន់តែពិសេស គឺ «សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។
នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៤ មានកម្មវិធីសំខាន់ៗចំនួន ៥ រួមមាន ពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល, ពិព័រ័ណ៍វិទ្យាសាស្ត្រ, វេទិកាពិភាក្សាស្ដីពីបច្ចេកវិទ្យា, ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម និងកម្មវិធីពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ។
តាមរយៈទិវាជាតិដ៏មានសារសំខាន់មួយនេះ មានគោលបំណងបំផុសចលនាឱ្យបណ្តាសហគ្រាសធុនតូច និងមធ្យម ចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនទាំងផលិតកម្ម និងផលិតភាពរបស់ខ្លួន។
គួរបញ្ជាក់ថា ស្ថិតនៅក្នុងបរិបទនៃសម័យកាលបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ឬបដិវត្តន៍ឧស្សាហកម្ម ៤.០ ចំណេះដឹងនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់អភិវឌ្ឍទៅលើមុខជំនួញ និងអាជីវកម្មផ្សេងៗ គឺពិតជាមានភាពចាំបាច់បំផុតដើម្បីអាចប្រាកដថាអាចធានាដល់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនមានដំណើរការរលូនប្រកបដោយភាពជោគជ័យ និងទទួលបានផលវិជ្ជមានជានិរន្តភាព ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងជំរុញឱ្យមានការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងការធ្វើអាជីវកម្មគំរូ ឬធុរកិច្ចប្រកបដោយបរិយាបន្ន។
សូមចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រ ស្វែងយល់ និងដាក់តាំងបង្ហាញផលិតផល ព្រមទាំងសេវាកម្មរបស់លោកអ្នក !
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ ០១២៤៨២ ១៧៨ | ០១៥ ៥៥៥ ៦៧៨ | ០៨៨ ៤៥៨ ៨៨៨៨