បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនផលិតយានយន្តរបស់កូរ៉េខាងត្បូង Hyundai Motor Group បានប្រកាសបណ្តាក់ទុនសរុបជិត ២១ ពាន់លានដុល្លារដើម្បីធ្វើការវិនិយោគនៅក្នុងសហរដ្ឋអាម៉េរិក ដោយការវិនិយោគនេះរួមមាន ក្រុមហ៊ុន Hyundai Steel នឹងបើករោងចក្រផលិតដែកថ្មីមួយនៅរដ្ឋ Louisiana ដែលមានតម្លៃ ៥,៨ ពាន់លានដុល្លារអាម៉េរិក និងមានសមត្ថភាពផលិតដែកថែបបានជាង ២,៧ លានតោនក្នុងមួយឆ្នាំ ជួយបង្កើតការងារបានជាង ១ ៤០០ កន្លែង។
រោងចក្រដែកថែបនេះត្រូវបានរំពឹងថានឹងផ្គត់ផ្គង់ដែកដល់រោងចក្រផលិតរថយន្តនៅរដ្ឋ Alabama និង Georgia ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Hyundai ក៏មានគម្រោងវិនិយោគ ៩ ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០២៨ ដើម្បីបង្កើនសមត្ថភាពផលិតយានយន្ត ១,២ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក និង ៦ ពាន់លានដុល្លារ ដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនអាម៉េរិកលើការបើកបរដោយស្វ័យភាព មនុស្សយន្ត និងបញ្ញាសិប្បនិម្មិត។ ជាសរុប ការវិនិយោគរបស់ Hyundai នៅក្នុងសហរដ្ឋអាម៉េរិកមានតម្លៃជិត ២១ ពាន់លានដុល្លារ។
លើសពីនេះ Hyundai គ្រោងនឹងរៀបចំពិធីបើកសម្ពោធរោងចក្រផលិតរថយន្ត និងអាគុយថ្មីរបស់ខ្លួនមានតម្លៃ ៧,៥៩ ពាន់លានដុល្លារនៅរដ្ឋ Georgia នៅថ្ងៃពុធសប្ដាហ៍នេះ។ ក្រុមហ៊ុនផលិតរថយន្តមួយនេះមានរោងចក្រនៅ Alabama ខណៈដែលសាខាបុត្រសម្ព័ន្នរបស់ខ្លួន Kia មានរោងចក្រនៅ Georgia ។ រោងចក្រទាំងពីរនេះអាចផលិតរថយន្តបាន ៧០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ហើយរោងចក្រថ្មីនៅ Georgia នឹងមានសមត្ថភាពផលិតរថយន្ត ៣០០ ០០០ គ្រឿងបន្ថែមទៀតពេលបើកដំណើរការពេញលេញ។ លើសពីនេះ Hyundai មានគម្រោងទិញឧស្ម័នធម្មជាតិរាវ (LNG) មានតម្លៃ ៣ ពាន់លានដុល្លារដែលផលិតនៅសហរដ្ឋអាម៉េរិក។
ការប្រកាសអំពីការវិនិយោគនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump គំរាមដាក់ពន្ធសងសឹកទៅវិញទៅមកលើប្រទេសជាច្រើននៅថ្ងៃទី២ ខែមេសា ដែលអាចកំណត់គោលដៅលើកូរ៉េខាងត្បូងដែលមានអតិរេកពាណិជ្ជកម្មធំជាមួយសហរដ្ឋអាម៉េរិកផងដែរ។ កាលពីថ្ងៃចន្ទ Trump បាននិយាយថា ការវិនិយោគនេះពិតជាបង្ហាញយ៉ាងច្បាស់ថាពន្ធគយមានប្រសិទ្ធភាពយ៉ាង ហើយការដាក់ពន្ធបន្ថែមលើរថយន្តទំនងជាត្រូវបានប្រកាសនៅសប្តាហ៍នេះ។ ជាក់ស្តែង Trump បានដាក់ចេញនូវពន្ធគយ ២៥ ភាគរយរួចទៅហើយលើលោហធាតុទាំងអស់ដែលនាំចូលក្នុងអាម៉េរិក ដើម្បីបង្កើនការការពារសម្រាប់អ្នកផលិតដែក និងអាលុយមីញ៉ូមរបស់ប្រទេស៕