បរទេស៖ បណ្តាញផ្លូវដែកដ៏ធំរបស់ប្រទេសចិន បានដឹកជញ្ជូនអ្នកដំណើររហូតដល់ ៤,១៣ ពាន់លានដង ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៦ ដែលជាកំណត់ត្រាថ្មី និងកើនឡើង ៤,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះបង្ហាញពីសន្ទុះនៃតម្រូវការធ្វើដំណើរទាំងក្នុងស្រុក និងឆ្លងដែនរបស់ប្រទេសចិន។
យោងតាមតួលេខដែលកាសែត Novinata បានដកស្រង់មកចុះផ្សាយ ចាប់ពីខែមករា ដល់ខែតុលា បណ្តាញផ្លូវដែកចិនបានដំណើរការរថភ្លើងដឹកអ្នកដំណើរជាមធ្យមចំនួន ១១ ៦៧០ ជើងក្នុងមួយថ្ងៃ កើនឡើង ៥ ភាគរយ បើធៀបនឹងឆ្នាំមុន។
ចំនួនអ្នកដំណើរប្រចាំថ្ងៃបានឡើងដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី១ ខែតុលា ដែលជាថ្ងៃចាប់ផ្តើមនៃថ្ងៃឈប់សម្រាកបុណ្យជាតិចិន ដោយមានអ្នកដំណើររហូតដល់ ២៥,២ លានដង តាមរយៈរថភ្លើងចំនួន ១៤ ៨៨៥ ជើង។
ក្រៅពីសេវាដឹកជញ្ជូនអ្នកដំណើរទូទៅ ក្រុមហ៊ុនផ្លូវដែកចិន (China Railways) ក៏បានពង្រីកសេវារថភ្លើងពិសេស ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ វប្បធម៌ និងការអប់រំផងដែរ។ ក្នុងរយៈពេល ១០ ខែនេះ ប្រតិបត្តិករបានរៀបចំរថភ្លើងទេសចរណ៍ពិសេសចំនួន ៣ ២៣៦ ជើង និងរថភ្លើងពិសេសចំនួន ១ ០៨៤ ជើងទៀត សម្រាប់បម្រើដល់ការប្រគំតន្ត្រី ព្រឹត្តិការណ៍កីឡា ពិព័រណ៍ និងដំណើរទស្សនកិច្ចសិក្សា។
ជាមួយគ្នានេះ ការតភ្ជាប់ផ្លូវដែកសម្រាប់ការធ្វើដំណើរអន្តរជាតិ និងក្នុងតំបន់ ក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។ ចំនួនអ្នកដំណើរឆ្លងដែនតាមខ្សែរថភ្លើងល្បឿនលឿន ក្វាងចូវ-សិនជិន-ហុងកុង បានកើនឡើង ១១ ភាគរយ ដល់ ២៩,២៣ លានដង។ ចំណែកខ្សែរថភ្លើងចិន-ឡាវ មានកំណើនអ្នកដំណើរឆ្លងដែន ៣៣ ភាគរយ ដោយដឹកជញ្ជូនអ្នកដំណើរបានចំនួន ២៨៩ ០០០ ដង។
ជារួម ចំនួនការធ្វើដំណើររបស់ជនបរទេសតាមបណ្តាញផ្លូវដែកចិន បានកើនឡើង ៣២,៩ ភាគរយ ដល់ ២២,៥២ លានដង ដែលបង្ហាញពីការកើនឡើងនៃការតភ្ជាប់ការធ្វើដំណើររវាងចិន និងបណ្តាប្រទេសផ្សេងៗ។
កំណើននៃការដឹកជញ្ជូនអ្នកដំណើរនេះ ក៏ឆ្លុះបញ្ចាំងពីការវិនិយោគជាបន្តបន្ទាប់របស់ចិនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផងដែរ។ គិតត្រឹមដំណាច់ឆ្នាំ ២០២៥ ប្រវែងបណ្តាញផ្លូវដែកដែលដំណើរការនៅទូទាំងប្រទេសចិន បានកើនដល់ ១៦៥ ០០០ គីឡូម៉ែត្រ ក្នុងនោះផ្លូវរថភ្លើងល្បឿនលឿនមានប្រវែងជាង ៥០ ០០០ គីឡូម៉ែត្រ។
សម្រាប់គោលដៅរយៈពេលវែងដល់ឆ្នាំ ២០៣៥ ចិនមានផែនការពង្រីកប្រវែងបណ្តាញផ្លូវរថភ្លើងល្បឿនលឿនឱ្យដល់ ៧០ ០០០ គីឡូម៉ែត្រ ដោយរួមមានខ្សែផ្លូវសំខាន់ៗចំនួន ៨ ខ្សែតភ្ជាប់ពីជើងទៅត្បូង និង ៨ ខ្សែទៀតពីកើតទៅលិច៕





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content