ភ្នំពេញ៖ គម្រោងស្ពានដីឥដ្ឋ-ថ្មគរ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ និងមានអត្ថន័យបំផុតសម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣)ត្រង់ចំណុចផ្លូវជាតលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ស្ពានដីឥដ្ឋ-ថ្មគរ ជាប្រភេទស្ពានបេតុងប្រវែង ១.៦០០ម៉ែត្រ,ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានប្រវែង ២.១០០ម៉ែត្រ,ទទឹង២៦ម៉ែត្រ ក្រាលAC កម្រាស់១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange)ចំនួន១កន្លែងនិងផ្លូវក្រោមស្ពាន(Underpass)ចំនួន ២កន្លែង។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ មកទល់ពេលនេះ ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ កំពុងដំណើរការយ៉ាងមមាញឹក រួមទាំងការងាររណបមួយចំនួនទៀតដើម្បីធានាការសាងសង់តាមផែនការដែលបានគ្រោងទុក។ ឥឡូវនេះកំពុងដំណើរការខួងចាក់គ្រឹះដើម្បីសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ខណៈសំណង់ស្ពានដែកបណ្តោះអាសន្នបានត្រូវសាងសង់ជំនួសឱ្យការប្រើប្រាស់សាឡង់។
គួជម្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ភាគខាងលិច ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯមនៃភូមិសាស្ត្រខេត្តកណ្តាល គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៨។
ស្ពានឆ្លងកាត់ទន្លេមេគង្គមួយនេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ទទួលបន្ទុកសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)៕