ភ្នំពេញ ៖ ជាមួយនឹងការបើកប្រទេសកាន់តែទូលំទូលាយរបស់បណ្តាប្រទេសនានាលើសកលលោក សម្រាប់តែកម្ពុជា ចំនួនអ្នកទេសចរត្រូវបានរំពឹងថាមានការកើនឡើងក្នុងឆ្នាំ២០២៣នេះ ដោយក្នុងនោះទាំងអ្នកទេសចរ ទាំងវិនិយោគិនប្រមាណ ៤,៦លាននាក់នឹងធ្វើដំណើរតាមរយៈអាកាសយានដ្ឋានទាំង៣របស់កម្ពុជា ធៀបនឹងឆ្នាំ២០២២ មានត្រឹមតែជាង ២,២លាននាក់ប៉ុណ្ណោះ។

ការព្យាករណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ របស់គណៈកម្មការតាមដាន និងត្រួតពិនិត្យលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងការសាងសង់អាកាសយានដ្ឋានដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ។

ស្របទៅនឹងការព្យាករណ៍យ៉ាងសុទិដ្ឋិនិយមខាងលើនេះ កាលពីឆ្នាំ២០២២ គណៈកម្មការក៏បានជំរុញក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ក្នុងការវិនិយោគផ្សេងៗដើម្បីត្រៀមលក្ខណៈរួចរាល់របស់អាកាសយានដ្ឋានទាំងបី សំដៅធានាបាននូវសុវត្ថិភាព សន្តិសុខ និងសេវាកម្មប្រកបដោយផាសុកភាពក្នុងការបម្រើដល់អ្នកទេសចរដែលនឹងមកដល់កម្ពុជាជាបន្តបន្ទាប់នៅឆ្នាំ២០២៣នេះ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបង្ហាញពីសុទិដ្ឋិនិយមទៅនឹងការព្យាករខាងលើនេះ ជាមួយនឹងភាពជឿជាក់ថាភាពល្អប្រសើរនឹងមានច្រើនលើវិស័យទេសចរណ៍នៅកម្ពុជា ខណៈដែលនៅដើមឆ្នាំ២០២៣នេះ មានបណ្តាប្រទេសជាច្រើនបានបើកសេដ្ឋកិច្ច ក៏ដូចជាប្រទេសរបស់ខ្លួនឡើងវិញជាបណ្តើរ ជាពិសេសប្រទេសចិនដែលដកចេញនូវវិធានការសូន្យកូវីដ និងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនចេញក្រៅប្រទេសបាន។
លោកជំទាវបានមានប្រសាសន៍ថា ៖
“ឆ្នាំ២០២៣នេះអាចនិយាយបានថាជាឆ្នាំមាសរបស់កម្ពុជាដែលកាន់តែមានភាពល្អប្រសើរជាងឆ្នាំ២០២២ ទាំងទំហំសេដ្ឋកិច្ច ទាំងការទទួលបានកំណើនទេសចរអន្តរជាតិ ក៏ដូចជាអ្នកវិនិយោគផងដែរ ជាពិសេសនៅក្នុងឆ្នាំនេះកម្ពុជាមានមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់តាមរយៈការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងមានទេសចរអន្តរជាតិរាប់សិបម៉ឺននាក់ចូលមកទស្សនា”
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍រូបនេះបានសង្កត់ធ្ងន់ផងដែរថា ទោះជាយ៉ាងណាក៏ដោយ ខណៈដែលការព្យាកររំពឹងថានឹងទទួលបានកំណើនទេសចរអន្តរជាតិជាច្រើនចូលមកកម្ពុជា ប៉ុន្តែសម្រាប់អ្នកវិនិយោគនៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាបណ្តាសេវាករដែលផ្តល់សេវាកម្ម ក៏ត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់ ជាមួយនឹងការពង្រឹងគុណភាព ពង្រីកសេវាកម្មថ្មីបន្ថែមទៀតឱ្យបានច្រើន ជៀសវាងការផ្តល់ជូននូវផលិតផលទេសចរណ៍ ឬសេវាទេសចរណ៍ដែលមានភាពដដែលៗនោះទេ ដើម្បីធ្វើយ៉ាងណាអាចបង្កើនភាពទាក់ទាញ និងធ្វើឱ្យទេសចរអន្តរជាតិទាំងនោះបានមកកម្សាន្តនៅកម្ពុជាម្ដងហើយ ចង់មកម្ដងទៀត ឬជួយផ្សព្វផ្សាយពីភាពល្អឥតខ្ចោះរបស់កម្ពុជាទៅកាន់អន្តរជាតិយ៉ាងទូលាយ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content