ភ្នំពេញ៖ កម្ពុជានៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកសម្ពោធដាក់ដំណើរការ «មជ្ឍមណ្ឌលសេវានាំចេញ (Export Service Center) »ជាផ្លូវការ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីជួយសម្រួលដល់អាជីវកម្ម និងក្រុមហ៊ុននាំចេញនៅកម្ពុជា។
មជ្ឍមណ្ឌលសេវានាំចេញនឹងជួយសម្រួលដល់អាជីវកម្ម និងក្រុមហ៊ុននាំចេញនៅកម្ពុជា តាមរយៈការផ្តល់ព័ត៌មានទីផ្សារ វគ្គបណ្តុះបណ្តាលលើនីតិវិធី និងលក្ខខ័ណ្ឌពាក់ព័ន្ធសម្រាប់ការនាំចេញ ឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកទិញ និងអ្នកជំនាញពាណិជ្ជកម្ម សំដៅអាចបង្កើនសមត្ថភាពក្រុមហ៊ុននាំចេញរបស់កម្ពុជា។ ជាពិសេសជំរុញការនាំចេញផលិតផលសក្កានុពលនរបស់កម្ពុជា និងបង្កើនចំណែកទីផ្សារអន្តរជាតិផងដែរ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧកញ៉ា លោក គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ង” “ផ្នែកផលតិកម្មកែច្នៃសម្រាប់ការនាំចេញនិងកិច្ចសម្រួលពាណិជ្ជកម្ម” បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធ”មជ្ឍមណ្ឌលសេវានាំចេញ (Export Service Center)”នេះ។
មជ្ឍមណ្ឌលសេវានាំចេញ បានដាក់ចេញនូវបេសកកម្មរបស់ខ្លួនគឺដើម្បីពង្រឹងភាពប្រកួតប្រជែង ការនាំចេញជាសកលរបស់កម្ពុជា តាមរយៈការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ គាំទ្រដល់អាជីវកម្មនានានៅគ្រប់ដំណាក់កាលនៃការនាំចេញ។
ក្នុងគោលបំណងជំរុញការនាំចេញដែរនោះ ក្រសួងពាណិជ្ជកម្ម បានបង្កើតផ្សារខេមបូឌាត្រេដ (Cambodia Trade) ដែលជាចលករដ៏ខ្លាំងក្លាយមួយក្នុងការរុញច្រានផលិតផលខ្មែរចូលទីផ្សារអន្ដរជាតិ។ផ្សារខេមបូឌាត្រេដ ជាផ្សារអនឡាញ សម្រាប់សហគ្រាសធុនតូច និងមធ្យម អាចលក់ផលិតផលខ្មែរ ដែលមានសក្តានុពល ទាំងក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ព្រមទាំងការដាក់តាំងលក់ទំនិញ ក្នុងទីផ្សារដែលទូលំទូលាយ និងមិនមានព្រំដែន។
លោក ណុច កាណូ ប្រធានទីផ្សារ CambodiaTrade បានឱ្យដឹងថា៖ គោលបំណងនៃការបង្កើតផ្សារអនឡាញនេះគឺចង់ជួយសហគ្រាសខ្នាតតូច និងមធ្យមមានឱកាសឡើងមក Cambodia Trade ដើម្បីលក់ផលិតផលដល់អតិថិជនក្នុងប្រទេស និងក្រៅប្រទេស ជំរុញ និងបង្កើនសេដ្ឋកិច្ចដល់សហគ្រាសធុនតូច និងមធ្យម៕