ភ្នំពេញ ៖ កម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។ គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺដើម្បីដាក់តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរ ក៏ដូចជាព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនកូរ៉េបានជ្រាបលម្អិត។
លោក លន សាបឿន ភារធារី និងទីប្រឹក្សាស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា៖ ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសេអ៊ូល នឹងជំរុញធុរជន វិនិយោគិនកូរ៉េ ទៅធ្វើធុរកិច្ច និងបណ្តាក់ទុននៅកម្ពុជា ក៏ដូចជាជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យមានការកើនឡើងជាបន្តបន្ទាប់នាពេលអនាគតខាងមុខ។

ទាក់ទងនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្មីៗនេះបានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងសម្រាប់បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងសេអ៊ូល។
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយ លោក លន សាបឿន ភារធារី និងទីប្រឹក្សាស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាពីអំពីគោលបំណងនៃបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ។

គួរំលឹកថា កន្លងទៅថ្មីៗនេះ កម្ពុជាក៏បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ដោយការបង្កើតនេះ ឆ្លើយតបទៅនឹងសំណូពររបស់បណ្តាអ្នកវិនិយោគកម្ពុជា-ជប៉ុន ក៏ដូចជា បណ្តាម្ចាស់សហគ្រាស និងក្រុមហ៊ុនផលិត និងកែច្នៃផលិតផលកម្ពុជា ដើម្បីស្វែងរកទីផ្សារនៅក្នុងប្រទេសជប៉ុន ហើយក៏ដើម្បីជាទីតាំងផ្តល់ភាពងាយស្រួលដល់បណ្តាធុរកិច្ចកិច្ចជប៉ុន ដែលមានបំណងចង់ស្វែងយល់ និងរកឱកាសបណ្តាក់ទុនជាដៃគូនៅកម្ពុជា៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content