បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជប៉ុន និងទម្លាក់ពន្ធលើការនាំចូលពីជប៉ុនពី ២៥% មកត្រឹម ១៥% ប៉ុណ្ណោះ ។

កាលពីថ្ងៃអង្គារ Trump បានបង្ហោះនៅលើ Truth Social ថា អាម៉េរិកទើបតែបានបញ្ចប់កិច្ចព្រមព្រៀងដ៏ធំមួយដែលមិនធ្លាប់មានជាមួយប្រទេសជប៉ុន។ នៅក្នុងផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ពន្ធនៃទំនិញជប៉ុនដែលនាំចេញទៅអាម៉េរិកត្រូវបានទម្លាក់ពី ២៥% មកត្រឹម ១៥% ហើយជប៉ុននឹងវិនិយោគទឹកប្រាក់ចំនួន ៥៥០ ពាន់លានដុល្លារទៅក្នុងទឹកដីអាម៉េរិកផងដែរ ដោយអាម៉េរិកនឹងទទួលបានប្រាក់ចំណេញ ៩០%។ លើសពីនេះ កិច្ចព្រមព្រៀងនេះនឹងបង្កើតការងាររាប់សែនកន្លែងដែលមិនធ្លាប់មាន ដោយ Trump ចាត់ទុកថាវាគឺជាពេលវេលាដ៏រំភើបមួយសម្រាប់អាម៉េរិក ជាពិសេសការបន្តមានទំនាក់ទំនងល្អជាមួយជប៉ុន។ លើសពីនេះ ជប៉ុននឹងបើកចំហរសម្រាប់ការជួញដូរលើរថយន្ត ឡានដឹកទំនិញ អង្ករ និងផលិតផលកសិកម្មមួយចំនួនក្នុងចំណោមទំនិញផ្សេងៗទៀត។ គួរបញ្ជាក់ដែរថា Trump បានដាក់ពន្ធ ២៥% លើការនាំចូលពីជប៉ុនកាលពីដើមខែនេះ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា។
មិនត្រឹមតែប៉ុណ្ណោះ ទូរទស្សន៍របស់ជប៉ុន NHK រាយការណ៍ថា អាម៉េរិកបានយល់ព្រមកាត់បន្ថយពន្ធបន្ថែមលើរថយន្តជប៉ុនពី ២៥% មកត្រឹម ១២,៥% ផងដែរ។ ជាលទ្ធផល រថយន្តនាំចូលពីជប៉ុននឹងជាប់ពន្ធ ១៥% ដោយសារបូកបន្ថែមពីលើពន្ធមានស្រាប់ ២,៥%។ បន្ទាប់ពីការប្រកាសរបស់ Trump ភាគហ៊ុនរថយន្តរបស់ជប៉ុនបានកើនឡើងរួមមាន ភាគហ៊ុនតូយ៉ូតាបានកើនឡើងជិត ១០%, ក្រុមហ៊ុន Nissan កើនឡើង ៦,៥%, និងក្រុមហ៊ុន Honda ៨,១៥%។

នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កំពុងពិនិត្យមើលព័ត៌មានលម្អិតបន្ថែមទៀតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មមុនពេលធ្វើអត្ថាធិប្បាយ។ យ៉ាងណាក៏ដោយ បន្ទាប់ពីការប្រកាសរបស់ Trump លោក Ishiba បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូថា ៖
«ចំពោះលទ្ធផលនៃការចរចា ខ្ញុំមិនទាន់អាចនិយាយបាននោះទេ រហូតទាល់តែយើងពិនិត្យយ៉ាងយកចិត្តទុកដាក់នូវព័ត៌មានលម្អិតនៃការចរចា និងកិច្ចព្រមព្រៀង។ ក្នុងនាមជារដ្ឋាភិបាល យើងគិតថា កិច្ចព្រមព្រៀងនឹងការពារផលប្រយោជន៍ជាតិ»។
គួរកត់សម្គាល់ថា ការប្រកាសរបស់ Trump បានកើតឡើងបន្ទាប់ពីបេសកជនពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Ryosei Akazawa ជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់អាម៉េរិកនៅទីក្រុងវ៉ាស៊ីនតោន។ កាសែត Yomiuri បានរាយការណ៍ផងដែរថា នាយករដ្ឋមន្ត្រីជប៉ុន Ishiba មានបំណងទៅបំពេញទស្សនកិច្ចនៅអាម៉េរិកក្នុងខែនេះ ដើម្បីជួបជាមួយ Trump ប្រសិនបើមានការរីកចំរើនក្នុងការចរចាពាណិជ្ជកម្ម។ យ៉ាងណាមិញ Ishiba កំពុងប្រឈមមុខនឹងការប្រឆាំងកាន់តែច្រើនឡើងនៅក្នុងគណបក្សរបស់គាត់ ជុំវិញការសម្រេចចិត្តក្នុងការបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ខណៈដែលគាត់បរាជ័យពីការបោះឆ្នោតយ៉ាងធ្ងន់ធ្ងរក៏ដោយ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content