សៀមរាប ៖ វ៉ានីឡា គឺជារុក្ខជាតិមួយប្រភេទដែលស្ថិតក្នុងអម្បូរកេសរកូល ព្រមទាំងជារុក្ខជាតិដែលមានតម្រូវការខ្លាំង។ វ៉ានីឡា ត្រូវបានគេប្រើប្រាស់នៅក្នុងវិស័យម្ហូបអាហារ ព្រមទាំងគ្រឿងសំអាង ដែលមានប្រភពចេញពីប្រទេសលោកខាងលិច ដូច្នេះហើយសម្រាប់កម្ពុជាគឺជារឿងមួយថ្មីក្នុងការចាប់ផ្ដើមសាកល្បងដាំដំណាំនេះ។
វ៉ានីឡា ត្រូវបានគេស្គាល់ថាជាដំណាំគ្រឿងទេសដែលមានតម្លៃថ្លៃចំណាត់ថ្នាក់ទី២ នៅលើពិភពលោកបន្ទាប់ពីសសៃផ្កា Saffron ។ ថ្វីត្បិតថា វាជារឿងមួយថ្មីបន្តិចសម្រាប់កម្ពុជា ប៉ុន្តែល័ក្ខខណ្ឌអាកាសធាតុក្នុងប្រទេស ត្រូវបានអ្នកជំនាញសិក្សាឃើញថាស័ក្ដិសមនឹងដាំដំណាំប្រភេទនេះ គ្រាន់តែត្រូវការពង្រឹងបច្ចេកទេសបន្ថែមប៉ុណ្ណោះ។
មិនខុសគ្នាប៉ុន្មានពីប្រភេទកេសរកូលឯទៀត វ៉ានីឡា ក៏រាប់ទុកជាប្រភេទរុក្ខជាតិដែលពិបាកដាំ និងទាមទារការសិក្សាស្រាវជ្រាវច្រើនទៅលើលក្ខខណ្ឌជីវសាស្ត្រ និងបច្ចេកទេសក្នុងការដាំ។ ម្យ៉ាងទៀត វាក៏ទាមទារកម្លាំងពលកម្មច្រើនក្នុងការមើលថែ និងប្រមូលផលផងដែរ។ សម្រាប់ជាជំហានដំបូង ក្រសួងបរិស្ថានបានរៀបចំនាំចូលយកពូជដែលមានតម្រូវការខ្លាំងលើទីផ្សារ មកដាំនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលេន។ គិតមកទល់ពេលនេះ វ៉ានីឡាទាំងនោះមានអាយុពីរឆ្នាំហើយ ហើយបើតាមអ្នកជំនាញគឺគេត្រូវការរយៈពេល ២ទៅ៣ឆ្នាំ ដើម្បីអាចប្រមូលផលវាបាន។
លោក ចន្ធី សុមេត្តា ប្រធានការិយាល័យជីវសុវត្ថិភាពនៃនាយកដ្ឋានជីវចម្រុះបានឱ្យដឹងថា ការដាំវ៉ានីឡានៅពេលនេះគឺជាការសាកល្បងដ៏ធំមួយ ហើយប្រសិនបើការសាកល្បងនេះទទួលបាន ជោគជ័យ ដំណាំនេះនឹងអាចក្លាយជាដំណាំលើកស្ទួយជីវភាពដ៏សំខាន់សម្រាប់កម្ពុជា។
លោកបន្តថា ៖
“សម្រាប់រយៈពេល២ឆ្នាំមកនេះ វ៉ានីឡាយើងលូតលាស់បានល្អ និងមានសុខភាពល្អ ហើយអ្នកជំនាញដែលគាត់មកមើលផ្ទាល់ គាត់ថាយើងអាចទទួលបានផ្លែនៅឆ្នាំក្រោយ”
សួនវ៉ានីឡាដែលមានទំហំ ១០ម៉ែត្រ គុណនឹង ៤៥ម៉ែត្រនេះ កំពុងតែលូតលាស់យ៉ាងល្អ ដោយទទួលបានការមើលថែយ៉ាងដិតដល់ពីសំណាក់មន្ត្រីឧទ្យានុរក្សនៅក្នុងមជ្ឈមណ្ឌល ហើយវាត្រូវ បានគេរំពឹងថានឹងអាចរកចំណូលបានប្រមាណ ៥ពាន់ដុល្លារក្នុងមួយឆ្នាំ។
បើតាមការបញ្ជាក់របស់លោក ចន្ធី សុមេត្តា ដដែល ដំណាំវ៉ានីឡាអាចផ្ដល់ទិន្នផលយូរអង្វែង គឺពី ១២ ទៅ ១៤ឆ្នាំ ដោយគ្រាន់តែត្រូវរង់ចាំ ២ ទៅ៣ឆ្នាំនៃការដាំដំបូងប៉ុណ្ណោះ ម្លោះហើយបានជាក្រសួងដាក់ការខិតខំប្រឹងប្រែង ធ្វើឱ្យការដាំសាកល្បងនេះទទួលបានជោគជ័យ។
លោក ចន្ធី សុមេត្តា បន្តថា៖
“ផ្លែវ៉ានីឡា យើងអាចលក់បានក្នុងមួយគីឡូ ៥០០ ទៅ ៧០០ ដុល្លារទៅតាមប្រភេទរបស់វា ហើយគ្រាន់តែ២ផ្លែក៏អាចមានតម្លៃ ១០ ទៅ ១៥ដុល្លារដែរ”
យ៉ាងណាមិញ បើសិនជាទទួលបានជោគជ័យ មជ្ឈមណ្ឌលអាចនឹងពង្រីកការដាំរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូល ហើយគ្រោងនឹងចែកជូនពូជទៅតាមសហគមន៍ដែលមានតំបន់ការពារ ធម្មជាតិ ដើម្បីបង្កើតការងារដល់ពួកគេផងដែរ៕ អត្ថបទដោយ ៖ កែវ បុស្បា




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content