រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ៖ វិស័យស្រូវអង្ករទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលបន្ថែម ៥ឆ្នាំពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ នៅក្នុងយុទ្ធសាស្ត្រនៃការលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចធ្វើការលើកលែងពន្ធលើប្រាក់ចំណូលបន្ថែមចំនួន ៥ឆ្នាំបន្តទៀត ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់រោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញអង្ករ។

ថ្លែងក្នុងឱកាសបើកកម្មវិធីមហាសន្និបាត និងការបោះឆ្នោតជ្រើសតាំងប្រធាន និងក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី៤ សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា វិស័យស្រូវ​អង្ករ គឺជាវិស័យដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យមានការវិនិយោគបន្ថែម និងការពង្រីកទីផ្សារទៅកាន់អន្តរជាតិ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ៖

“ក្នុងឆ្នាំ២០​២២ នេះក្រសួងពាណិជ្ជកម្ម បានខិតខំជួយដល់វិស័យស្រូវអង្ករកម្ពុជា ដោយបានធ្វើការស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឱ្យបានបន្តនូវការជួយដល់វិស័យស្រូវអង្ករ លើការលើកទឹកចិត្តផ្នែកពន្ធដារលើការលើកលែងពន្ធលើប្រាក់ចំណូលចំនួន ៥ឆ្នាំបន្តទៀត ដល់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលបានផុតអាយុកាលនៃការលើកលែងពន្ធតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដែរថា រាជរដ្ឋាភិបាលតែងតែគិតគូរ លើភាពប្រកួតប្រជែងដល់វិស័យស្រូវអង្ករកម្ពុជា ដោយផ្តល់អាទិភាពគ្រប់យ៉ាង រួមទាំងការផ្តល់នូវការលើកលែងពន្ធ គ្រប់ប្រភេទតាំងពីឆ្នាំ២០​១១ រហូតដល់បច្ចុប្បន្ន រួមជាមួយ ពន្ធ និងអាករផ្សេងៗ ដូចជាអាករលើតម្លៃបន្ថែម និងពន្ធកាត់ទុក ចំពោះសហគ្រាសគាំទ្រ និងសេវាកម្មនានា ដែលបម្រើដល់ផលិតកម្មស្រូវ និងការនាំចេញអង្ករ ដូចជា ការលើកលែងទាំងស្រុងនូវថ្លៃសេវា ថ្លៃចំណាយលើការស្នើរសុំបែបបទនាំចេញគយ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមផងដែរ។

ជាក់ស្ដែង ក្រសួងពាណិជ្ជកម្ម បានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ ក្នុងការជួយដល់វិស័យនេះ ឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង ដោយកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំឱ្យមានការសិក្សាយ៉ាងស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ស្តីពីថ្លៃដើមពីការផលិតរហូតដល់នាំចេញអង្ករទៅកាន់ទីផ្សារ ដែលការងារនេះទទួលបានកិច្ចសហប្រតិបត្តិការ និងជួយផ្នែកហិរញ្ញវត្ថុពីកម្មវិធីខ្សែច្រវ៉ាក់កសិកម្មកម្ពុជា អូស្ត្រាលី (CAVAC) ដែលការសិក្សានេះ គឺជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់រៀបចំយុទ្ធសាស្ត្រ និងផែនការលើកទឹកចិត្តនានា សម្រាប់ធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាយើងកាន់តែមានភាពប្រកួតប្រជែង។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ការខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃដែលមានប្រភពវត្ថុធាតុដើមពីអង្ករ បានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖

“យើងក៏សម្រេចបាននូវការរីកចម្រើនលើការនាំចេញទៅកាន់ទីផ្សារ ទីផ្សារប្រទេសចិន ដែលគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៥០% នៅក្នុងឆ្នាំ២០២១ និងជឿជាក់ថា ឆ្នាំ២០២២នេះ នឹងបន្តកើនឡើងថែមទៀត ដោយសារយើងមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ ចំនួន៤០ម៉ឺនតោន ដែលនឹងជួយបើកផ្លូវឱ្យការនាំចេញបានយ៉ាងរលូន”

ជាក់ស្តែងបានអនុវត្តន៍សម្រាប់រយៈពេល ១០ខែ គឺកើនបាន ១០.៦៧% ដែលមានបរិមាណសរុបចំនួន ៥០៩ ២៤៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះប្រទេសចិនគ្រប់ដណ្តប់លើការនាំចេញសរុបចំនួនជាង ៤៥% ស្របពេលដែលទីផ្សារនាំចេញទៅសហគមន៍អឺរ៉ុប កំពុងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មបាន និងកំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀត សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយដែលកម្ពុជារំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបច្ចុ​ប្បន្នទីផ្សារតំបន់នេះ មានកម្រិតតិចតួច ដែលរំពឹងថាជួយបង្កើនថែមទៀត ក្នុងការនាំចេញអង្ករកម្ពុជា ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មិនត្រឹមតែគិតគូរលើការនាំចេញស្រូវអង្ករតែមួយជ្រុងទេ ក្រសួងបានខិតខំជួយដល់កសិករខ្នាតតូចឱ្យរៀបចំខ្លួនឱ្យបានកាន់តែប្រសើរឡើង ជាពិសេស ការជួយជំរុញឱ្យមានកិច្ចសន្យាកសិកម្ម រវាងកសិករខ្នាតតូច ជាមួយរោងម៉ាស៊ីនកិនស្រូវ ដែលការងារធ្វើឡើងតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលទទួលបានការគាំទ្រហិរញ្ញវត្ថុ ដោយរាជរដ្ឋាភិបាល និង IFAD ។

ឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ដែលបានជួយជ្រោមជ្រែង ក្នុងការជួយសម្របសម្រួលសហព័ន្ធស្រូវអង្ករកម្ពុជា និងផ្តល់កិច្ចសហប្រតិបត្តិការ ដើម្បីឱ្យការងារអាចប្រព្រឹត្តិទៅដោយរលូន និងផ្តល់ អាទិភាពខ្ពស់ដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការជំរុញការនាំចេញ ក្រសួងកសិកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយដល់ការបន្តលើកលែងពន្ធចំនួន៥ឆ្នាំ បន្តទៀត ដល់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ