ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីពេលថ្មីៗនេះបានលើកទឹកចិត្តដល់ប្រជាសហគមន៍ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ធ្វើកសិកម្មបែបទំនើបកម្ម ស្របតាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ និងទទួលបានតម្លៃខ្ពស់ ដោយក្រសួងជាអ្នករកទីផ្សារជូន។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ប្រជាសហគមន៍សំបូរមានជ័យក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំថា ការធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេសមានសារៈសំខាន់ខ្លាំងណាស់ ហើយសហគមន៍កសិកម្មទំនើបតម្រូវឱ្យប្រជាកសិករចូលរួមផលិតរួមគ្នា គ្រប់គ្រងរួមគ្នា ដើម្បីងាយស្រួលផ្គត់ផ្គង់លើទីផ្សារ និងផ្តល់ផលចំណេញបានច្រើន។ ប្រជាសហគមន៍ និងប្រជាកសិករផ្សេងៗទៀត គួរតែស្ម័គ្រចិត្តរួមគ្នាចូលរួមក្នុងកម្មវិធីគោលនយោបាយកសិកម្មបែបទំនើបនេះឱ្យបានច្រើនដើម្បីអាចទទួលបានផលវិជ្ជមានខ្ពស់។
ឯកឧត្តមមានប្រសាសន៍បន្តថា ៖
«បើប្រជាសហគមន៍ដែលធ្វើកសិកម្មបែបទំនើប ហើយត្រូវការដើមទុនធ្វើអាជីវកម្ម ក្រសួងមានគម្រោងហិរញ្ញវត្ថុដែលផ្តល់ការគាំទ្រចាប់ពីការកសាងផែនការអាជីវកម្ម ការផ្តល់ប្រាក់កម្ចី ការគាំទ្រ ផ្តល់ជាអំណោយមូលធុន ។ បើគម្រោងវិនិយោគជាប់ នឹងទទួលបានអំណោយចំនួន៤០ភាគរយ នៃដើមទុនវិនិយោគសរុប និងការជួយគាំទ្រស្វែងរកទីផ្សារជាដើម»។
ចំពោះដើមទុនវិនិយោគនេះ ឯកឧត្តមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុសារណៈយោគយល់គ្នាមួយជាមួយធនាគារវីង ដោយធនាគារវីងបានតម្កល់លុយ៥លានដុល្លារ ទុកនៅក្រសួងសម្រាប់ផ្តល់កម្ចីជូនប្រជាសហគមន៍ និងកសិករក្នុងអត្រាការប្រាក់ទាបចន្លោះពី៧ ទៅ៨ភាគរយក្នុងមួយឆ្នាំ ហើយកម្ចីនេះ មិនតម្រូវឱ្យដាក់វត្ថុបញ្ចាំអ្វីនោះទេ។
បើតាមលោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើបនឹងជួយដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់កសិករដូចជាការចំណាយទុន និងបំណុល ទិន្នផលនិងទីផ្សារ។
ឯកឧត្តម រដ្ឋលេខាធិការ បានឱ្យដឹងទៀតថា៖ សហគមន៍កសិកម្មទំនើប ក៏នឹងនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនកសិករដូចជា ទី១)បង្កើនផលិតភាពរបស់ដីស្រែ, ទី២)កាត់បន្ថយថ្លៃដើមផលិតស្រូវ, ទី៣)ងាយស្រួលចូលទីផ្សារនិងទទួលបានតម្លៃសមរម្យ, ទី៤) កាត់បន្ថយបន្ទុករបស់កសិករក្នុងការធ្វើស្រែ និងមានឱកាសរកចំណូលបន្ថែមពីប្រភពផ្សេងទៀត និងទី៥)បង្កើនប្រាក់ចំណូលដល់កសិករ និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករ៕