បរទេស៖គិតមកដល់ព្រឹកថ្ងៃអង្គារនេះក្រុមអ្នកប្រតិបត្តិការជួយសង្គ្រោះរបស់ប្រទេសតួគីបានបន្តធ្វើការងារតាំងតែពីយប់ថ្ងៃចន្ទដើម្បីរុករកសាកសព និងជីវិតមនុស្សដែលអាចនៅរស់ក្រោមគំនរអគារបាក់បែកដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៨ រិចទ័រតាំងតែពីព្រលឹមថ្ងៃចន្ទ។

តួលេខចុងក្រោយដែលទទួលបានដោយ BBC បានឲ្យដឹងថាមនុស្សដែលស្លាប់បាត់បង់ជីវិតទាំងនៅភាគខាងត្បួងនៃប្រទេសតួគី និងភាគខាងជើងស៊ីរីជាតំបន់ព្រំដែនរវាងគ្នានោះមានចំនួនកើនឡើងទៅដល់ជាង ៤ ៣០០នាក់ហើយ ហើយជឿជាក់ថាចំនួននេះនឹងនៅតែមានការបន្តកើនឡើងបន្ថែមទៀតខណៈអ្នករងរបួសធ្ងន់ និងស្រាលមានទៅដល់ជាង ១៤០ ០០០នាក់។
ទោះបីជាមិនទាន់អាចធ្វើការវាស់វែងនូវការខាតបង់ជាក់ស្តែងនៅឡើយ ប៉ុន្តែគេជឿជាក់ថាអគាររាប់ពាន់ខ្នងបានដួលរលំ និងខូចខាត ហើយវាកំពុងធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសតួគីកាន់តែធ្ងន់ធ្ងរថែមទៀត។
នៅលើទីផ្សារហ៊ុននាថ្ងៃចន្ទម្សិលមិញនេះ លុយ Lira របស់តួគីបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានខណៈដែលលុយដុល្លារកំពុងមានកម្លាំងខ្លាំងផងព្រមទាំងបញ្ហាវិបត្តិភូមិសាស្ត្រនយោបាយផងនិងអតិផរណាផងកំពុងបានធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសបន្តមានសំពាធកាន់តែខ្លាំងក្លា។
គួរឲ្យដឹងដែរមកដល់ពេលនេះសហគមន៍អន្តរជាតិបានប្រកាសក្នុងការជួយគាំទ្រជំនួយមនុស្សធម៌ជូនប្រទេសតួគីផងដែរ ដោយក្នុងនោះប្រធានាធិបតីលោក Recep Tayyip Erdogan បានបញ្ជាក់ថាប្រទេសចំនួនប្រមាណជា៤៥នឹងចាប់ផ្តើមបញ្ជូនជំនួយមកកាន់ប្រទេសតួគី។
តួគីត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានសកម្មភាពគ្រោះរញ្ជួយដីច្រើនជាងគេបំផុតមួយរបស់ពិភពលោក។កាលពីឆ្នាំ១៩៩៩ តួគីធ្លាប់ជួបគ្រោះរញ្ជួយដីដ៏អាក្រក់មួយដែលបានធ្វើឲ្យមនុស្សបាត់បង់ជីវិតមានទៅដល់ ១៧ ០០០នាក់ហើយកាលពីឆ្នាំ១៩៣៩ម្តងដែរ និងបានសម្លាប់មនុស្សប្រមាណជា ៣៣ ០០០នាក់៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content