បរទេស៖ គ្រោះទឹកជំនន់នៅទីក្រុងបាងកកកំពុងបង្កសម្ពាធកាន់តែខ្លាំងលើសេដ្ឋកិច្ចថៃ ដោយប៉ះពាល់ដល់ប្រាក់ចំណូលរបស់អាជីវកម្មខ្នាតតូច កម្មករប្រចាំថ្ងៃ និងគ្រួសារដែលមានបំណុល ហើយបង្ខំឱ្យរដ្ឋាភិបាលបញ្ចេញថវិកាបន្ទាន់សម្រាប់ការសង្គ្រោះ។ នេះបើយោងតាមការរាយការណ៍របស់ Bloomberg។
ភ្លៀងធ្លាក់ជិតមួយសប្តាហ៍បានបង្កឱ្យមានទឹកជំនន់នៅតំបន់មួយចំនួនក្នុងទីក្រុងបាងកក និងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធរងការរំខានយ៉ាងខ្លាំង។ អ្នកលក់ដូរតាមដងផ្លូវ អ្នកបើកបរ និងកម្មករដែលទទួលប្រាក់ឈ្នួលប្រចាំថ្ងៃមួយចំនួនបានបាត់បង់ចំណូលស្ទើរតែទាំងស្រុង ដោយសារការធ្វើដំណើរ និងការប្រកបអាជីវកម្មត្រូវបានរំខាន។
ហាងអាហារដែលរងផលប៉ះពាល់ពីទឹកជំនន់បានរាយការណ៍ថា ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះរហូតដល់ ៨០ ភាគរយ ដោយសារអតិថិជន បុគ្គលិក និងអ្នកដឹកជញ្ជូនម្ហូបអាហារជួបការលំបាកក្នុងការធ្វើដំណើរទៅកាន់ទីតាំងអាជីវកម្ម។ ផលប៉ះពាល់នេះមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចថៃ ព្រោះទីក្រុងបាងកក និងខេត្តជុំវិញមានចំណែកប្រមាណពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។
វិស័យដឹកជញ្ជូន និងផលិតកម្មក៏ទទួលរងផលប៉ះពាល់ដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានកាត់បន្ថយជើងហោះហើរ និងផ្អាកការដឹកជញ្ជូនទំនិញ ខណៈក្រុមហ៊ុនផលិតរថយន្ត Honda Motor និង Toyota Motor បានផ្អាកសង្វាក់ផលិតកម្មមួយចំនួន។
សម្រាប់អាជីវកម្មខ្នាតតូច និងកម្មករដែលទទួលប្រាក់ឈ្នួលប្រចាំថ្ងៃ ការបាត់បង់ចំណូលក្នុងរយៈពេលខ្លីអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ព្រោះពួកគេត្រូវពឹងផ្អែកលើប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ការចំណាយ និងការសងបំណុល។
សាកលវិទ្យាល័យពាណិជ្ជកម្មថៃបានប៉ាន់ប្រមាណថា ទឹកជំនន់នៅបាងកក និងខេត្តមួយចំនួនទៀតអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចប្រមាណ ០,០៧ ភាគរយ ដែលស្មើនឹងការខាតបង់ទឹកប្រាក់រហូតដល់ ១២,៣ ពាន់លានបាត ឬប្រហែល ៣៦៦ លានដុល្លារអាម៉េរិក។
ការខាតបង់នេះអាចកើនឡើងទ្វេដង ប្រសិនបើទឹកជំនន់នៅតែបន្តអូសបន្លាយ និងរំខានដល់សកម្មភាពសេដ្ឋកិច្ចកាន់តែច្រើន។
លោក Tim Leelahaphan សេដ្ឋកិច្ចវិទូប្រចាំធនាគារ Standard Chartered បានលើកឡើងថា ការប៉ាន់ប្រមាណទាំងនេះមិនទាន់បង្ហាញពីទំហំខូចខាតពិតប្រាកដទាំងស្រុងនោះទេ ព្រោះការវាយតម្លៃភាគច្រើនផ្តោតលើការខាតបង់របស់ក្រុមហ៊ុនធំៗ និងវិស័យឧស្សាហកម្ម ប៉ុន្តែមិនទាន់ឆ្លុះបញ្ចាំងឱ្យបានពេញលេញពីផលប៉ះពាល់លើក្រុមមនុស្សងាយរងគ្រោះ និងគ្រួសារដែលមានចំណូលទាប។
លោកស្រី Chayawadee Chai-anant អនុអភិបាលធនាគារជាតិថៃ បានគូសបញ្ជាក់ថា អាជីវកម្មខ្នាតតូច និងក្រុមមនុស្សងាយរងគ្រោះអាចប្រឈមនឹងបន្ទុកបំណុលកាន់តែធ្ងន់ធ្ងរ។
ប្រទេសថៃត្រូវបានព្យាករថានឹងមានកំណើនសេដ្ឋកិច្ចប្រមាណពី ២ ភាគរយដល់ ២,៥ ភាគរយនៅឆ្នាំ ២០២៦។ ប្រទេសនេះក៏មានកម្រិតបំណុលគ្រួសារខ្ពស់មួយក្នុងចំណោមប្រទេសនៅអាស៊ី ដែលបង្កសម្ពាធលើការប្រើប្រាស់ក្នុងស្រុក និងធ្វើឱ្យគ្រួសារជាច្រើនមានលទ្ធភាពតិចតួចក្នុងការទប់ទល់នឹងការបាត់បង់ប្រាក់ចំណូល សូម្បីតែក្នុងរយៈពេលខ្លី។
សម្រាប់គ្រួសារដែលមានចំណូលទាប និងអ្នករកស៊ីប្រចាំថ្ងៃ ទឹកជំនន់ដែលអូសបន្លាយត្រឹមប៉ុន្មានថ្ងៃអាចកាត់ផ្តាច់ប្រភពចំណូលរបស់ពួកគេ ហើយធ្វើឱ្យពួកគេជួបការលំបាកក្នុងការទូទាត់បំណុល និងការចំណាយប្រចាំថ្ងៃ។ មនុស្សជាច្រើនក្នុងក្រុមនេះមានប្រាក់សន្សំតិចតួច ឬគ្មានប្រាក់សន្សំសម្រាប់ទប់ទល់នឹងការបាត់បង់ចំណូលភ្លាមៗ។
ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានអនុម័តកញ្ចប់ថវិកាបន្ទាន់ប្រមាណ ៤ ពាន់លានបាត ឬប្រហែល ១១៩ លានដុល្លារអាម៉េរិក សម្រាប់ជួយសង្គ្រោះពីទឹកជំនន់។
វិធានការនេះកើតឡើងនៅពេលហិរញ្ញវត្ថុសាធារណៈរបស់ថៃកំពុងប្រឈមសម្ពាធរួចទៅហើយ។ មុនពេលមានទឹកជំនន់ ថៃមានឱនភាពថវិកាប្រមាណ ៤ ភាគរយនៃ GDP ដែលមានន័យថា ការចំណាយរបស់រដ្ឋលើសចំណូល ខណៈបំណុលសាធារណៈត្រូវបានព្យាករថានឹងកើនឡើងជិតកម្រិតកំណត់ ៧០ ភាគរយនៃ GDP។
ស្ថានភាពនេះអាចកំណត់សមត្ថភាពរបស់រដ្ឋាភិបាលក្នុងការបញ្ចេញកញ្ចប់ថវិកាបន្ថែមសម្រាប់ជួយប្រជាពលរដ្ឋ ប្រសិនបើគ្រោះមហន្តរាយបន្តអូសបន្លាយ ឬកើតឡើងជាបន្តបន្ទាប់។
បន្ថែមពីនេះ ថៃមិនបានដាក់បញ្ចូលបញ្ហាអាកាសធាតុទៅក្នុងរបាយការណ៍ហានិភ័យសារពើពន្ធប្រចាំឆ្នាំរបស់ខ្លួនទេ ដែលត្រូវបានចាត់ទុកជាចំណុចខ្សោយមួយក្នុងការរៀបចំផែនការហិរញ្ញវត្ថុរបស់រដ្ឋ។ ការមិនរៀបចំថវិកាបម្រុងទុកសម្រាប់ហានិភ័យអាកាសធាតុអាចធ្វើឱ្យរដ្ឋាភិបាលត្រូវបញ្ចេញថវិកាបន្ទាន់នៅពេលគ្រោះមហន្តរាយកើតឡើង។
ការចំណាយលើការសង្គ្រោះ និងការស្ដារឡើងវិញអាចបង្កសម្ពាធបន្ថែមលើថវិការដ្ឋ នៅពេលប្រទេសក៏ត្រូវបង្កើនការចំណាយលើសុខាភិបាល និងសង្គមកិច្ច ដើម្បីឆ្លើយតបនឹងចំនួនប្រជាជនវ័យចំណាស់ដែលកំពុងកើនឡើង៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content