ភ្នំពេញ ៖ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ដើម្បីរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពសង្គម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចិរភាព។ ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Jürg Montani ប្រធានគណៈប្រតិភូប្រចាំតំបន់នៃ ICRC កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

នៅក្នុងជំនួបប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គមនេះ ភាគីទាំងពីរបានលើកឡើងនូវចំណុចសំខាន់ៗដែលជាគ្រឹះនៃការជំរុញសេដ្ឋកិច្ច និងស្ថិរភាពសង្គម រួមមានការគាំទ្រសេដ្ឋកិច្ចតាមរយៈសុខុមាលភាព។ ICRC បាន និងកំពុងបន្តអនុវត្តគម្រោងសំខាន់ៗ ដែលជាគ្រឹះក្នុងការគាំទ្រដល់កម្លាំងពលកម្ម និងបរិយាបន្នសង្គម រួមមាន កម្មវិធីស្តារលទ្ធភាពពលកម្មកាយសម្បទានៅក្នុងខេត្តបាត់ដំបង (ជួយដល់ជនពិការឱ្យមានឱកាសចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចឡើងវិញ) និងកម្មវិធីថែទាំសុខភាពនៅក្នុងពន្ធនាគារ។
ចំណុចគន្លឹះនៃកិច្ចសហប្រតិបត្តិការជានិរន្តរភាព គឺជាការពង្រឹងយន្តការឆ្លើយតបរហ័សចំពោះវិបត្តិផ្សេងៗ និងការលើកកម្ពស់ច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ដែលជាកត្តាចាំបាច់ក្នុងការធានានូវបរិយាកាសមានស្ថិរភាព និងសុវត្ថិភាពសម្រាប់ការវិនិយោគ
ជាមួយគ្នានេះ ការសម្របសម្រួលទំនាស់ព្រំដែន កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីកន្លងមករបស់ ICRC ក្នុងការសម្របសម្រួលកិច្ចការមនុស្សធម៌ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ រួមទាំងការដោះលែងវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ដែលការណ៍នេះបានរួមចំណែកស្តារស្ថិរភាពនៅតំបន់ព្រំដែន ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់។
ការបន្តភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និង ICRC មិនត្រឹមតែឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករដ៏សំខាន់ក្នុងការកសាងបណ្តាញសុវត្ថិភាពសង្គម ធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាព ដែលជាគោលដៅចម្បងនៃយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា។
សូមជម្រាបថា កម្មវិធីសេដ្ឋកិច្ចខ្នាតតូច និងការបង្កើតប្រាក់ចំណូល (Micro Economic Initiatives – MEI) ស្របនឹងយុទ្ធសាស្ត្រសេដ្ឋកិច្ច ICRC មិនត្រឹមតែព្យាបាលរូបរាងកាយនោះទេ ប៉ុន្តែបានជំរុញឱ្យមានសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការផ្ដល់មូលនិធិ ឬកញ្ចប់ថវិកាខ្នាតតូច ជួយឱ្យជនមានពិការភាព និងគ្រួសារ អាចបង្កើតអាជីវកម្មផ្ទាល់ខ្លួន (ដូចជា ការបើកហាងលក់ដូរខ្នាតតូច ការចិញ្ចឹមសត្វ ឬមុខរបរហត្ថកម្មជាដើម។ ដូច្នេះ បើគ្មានការគាំទ្រពី ICRC ជនមានពិការភាពជិត ៧០០ ០០០ នាក់នៅកម្ពុជា អាចប្រឈមនឹងការបាត់បង់ឱកាសសេដ្ឋកិច្ច ដែលធ្វើឱ្យរដ្ឋ និងគ្រួសារត្រូវចំណាយថវិការាប់លានដុល្លារលើការចិញ្ចឹមបីបាច់ និងការថែទាំ។
សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ ICRC ដែលមិនត្រឹមតែជួយក្នុងទិដ្ឋភាពមនុស្សធម៌ និងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអភិវឌ្ឍន៍ដ៏មានតម្លៃ ក្នុងការជួយជំរុញស្ថិរភាព និងការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំទៅថ្ងៃអនាគត៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content