បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក និងចិន នេះបើយោងតាមការរាយការណ៍ពី DW។
បច្ចុប្បន្ននេះ សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងមួយចំនួន និងកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាជាមួយសមាជិកអាស៊ានចំនួន ៦ ក្នុងចំណោម ១១ ប្រទេស ហើយក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសិង្ហបុរី និងវៀតណាម បានអនុវត្តរួចទៅហើយ ខណៈដែលកិច្ចព្រមព្រៀងជាមួយនឹងឥណ្ឌូណេស៊ីគ្រោងនឹងចុះហត្ថលេខាក្នុងខែតុលា ហើយចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៧។ ដោយឡែក កិច្ចចរចាជាមួយថៃដែលចាប់ផ្តើមឡើងវិញក្នុងឆ្នាំ២០២៣ និងកំពុងស្ថិតក្នុងជុំចរចាលើកទី៩ ខណៈដែលម៉ាឡេស៊ីទើបបន្តការចរចាឡើងវិញនៅដើមឆ្នាំ២០២៥ ដោយគេរំពឹងថា ការចរចារជាមួយនឹងប្រទេសទាំងពីរនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំនេះ ឬ ដើមឆ្នាំ២០២៧។ កាលពីដើមសប្តាហ៍នេះ សហភាពអឺរ៉ុប និងហ្វីលីពីន ទើបព្រមព្រៀងគ្នាជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំកិច្ចចរចាបន្ថែមទៀតមុនពេលឈានដល់ការសម្រេចជាផ្លូវការ។
លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន បានលើកឡើងថា ការចូលរួមរបស់សហភាពអឺរ៉ុបជាមួយអាស៊ានលើពាណិជ្ជកម្ម និងការវិនិយោគស្ថិតក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ យោងតាមទិន្នន័យរបស់សហភាពអឺរ៉ុប បានឲ្យដឹងថា ពាណិជ្ជកម្មទំនិញរវាងសហភាពអឺរ៉ុប និងអាស៊ាន បានឈានដល់ ២៧៤,៩ ពាន់លានអឺរ៉ូ (៣១៣,៧ ពាន់លានដុល្លារអាម៉េរិក) ក្នុងឆ្នាំមុន២០២៥ កើនឡើងប្រហែល ៦ ភាគរយធៀបឆ្នាំ២០២៤។ នៅខាងក្រៅទ្វីបអឺរ៉ុប អាស៊ានគឺជាដៃគូពាណិជ្ជកម្មទំនិញធំទី៣ របស់សហភាពអឺរ៉ុបដោយឈរនៅពីក្រោយតែអាម៉េរិក និងចិនប៉ុណ្ណោះ។
សហភាពអឺរ៉ុបកំពុងពង្រីកបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាសាកល ខណៈដែលកំពុងស្វែងរកការពង្រីកទីផ្សារថ្មីៗ និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានភាពធន់ជាងមុន។ តំបន់អាស៊ីអាគ្នេយ៍គឺជាស្នូលនៃខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឈីបពាក់កណ្តាលចម្លង គ្រឿងអេឡិចត្រូនិក រថយន្តអគ្គិសនី និងអាគុយ ខណៈដែលការវិនិយោគកំពុងហូរចូលទៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ថាមពលកកើតឡើងវិញ និងសេវាកម្មឌីជីថល។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា សមាជិកទាំង ១១ របស់អាស៊ានមានទំហំសេដ្ឋកិច្ចសរុប ៤,៥ ទ្រីលានលានដុល្លារ និងមានអត្រាកំណើនសេដ្ឋកិច្ចលើសពី ៤.៥ ភាគរយក្នុងមួយឆ្នាំ។ ស្របពេលដែលក្រុមហ៊ុនអន្តរជាតិធំៗកំពុងព្យាយាមពង្រីក និងបែងចែកមូលដ្ឋានផលិតកម្មរបស់ខ្លួនឱ្យក្រៅពីចិន ទីផ្សារអាស៊ានក្លាយជាជម្រើសដ៏ទាក់ទាញ និងមានសុវត្ថិភាពជាងមុន។
លោក Alfred Gerstl អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅសាកលវិទ្យាល័យ Vienna បានលើកឡើងថា ការផ្លាស់ប្តូរផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចក៏កំពុងពន្លឿនកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរផងដែរ ដោយសារអាម៉េរិកកំពុងមានគោលនយោបាយពាណិជ្ជកម្មការពារនិយម និងមិនទៀងទាត់។ លើសពីនេះ សហភាពអឺរ៉ុបកំពុងចង់កាត់បន្ថយការពឹងផ្អែកលើចិន ដែលធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍កាន់តែមានសារៈសំខាន់ខ្លាំងឡើង។ ភាពជាដៃគូដ៏រឹងមាំជាមួយបណ្តាប្រទេសអឺរ៉ុបក៏ផ្តល់ផលចំណេញដល់រដ្ឋាភិបាលអាស៊ីអាគ្នេយ៍ផងដែរ ដោយសារពួកគេព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទូលំទូលាយនេះជាយូរមកហើយ ជាជាងការពឹងផ្អែកខ្លាំងពេកទៅលើតែមហាអំណាចអាម៉េរិក និងចិន។
ទោះជាយ៉ាងណាក្តី កិច្ចព្រមព្រៀងថ្នាក់តំបន់រវាងសហភាពអឺរ៉ុប-អាស៊ានពិបាកនឹងឈានដល់ផ្លូវជោគជ័យ ដោយសារតំបន់ទាំងពីរចរចារតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ប៉ុន្តែការចរចាទាំងនោះបានជាប់គាំងដោយសារតែភាពខុសគ្នាដ៏ធំសម្បើមរវាងសេដ្ឋកិច្ចអាស៊ាន និងការខ្វែងគំនិតគ្នាលើវិសាលភាពនៃកិច្ចព្រមព្រៀង។ ការចរចាត្រូវបានផ្អាកដោយមានការយល់ព្រមជាឯកច្ឆន្ទពីសំណាក់ភាគីទាំងពីរក្នុងឆ្នាំ ២០០៩ ហើយក្រោយមក ទីក្រុងប្រ៊ូសែលប្តូរទៅចរចាកិច្ចព្រមព្រៀងទ្វេភាគីជាមួយសមាជិកអាស៊ាននីមួយៗវិញ។ ជាក់ស្តែង ភាពលំបាកនេះនៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ ដោយសារមានតែសិង្ហបុរីមួយប៉ុណ្ណោះស្ថិតក្នុងចំណោមសេដ្ឋកិច្ចមានស្ដុកស្ដម្ភបំផុតនៅលើពិភពលោក ខណៈដែលសមាជិកមួយចំនួនកំពុងអភិវឌ្ឍន៍ និងខ្លះទៀតមានការអភិវឌ្ឍន៍តិចតួចបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ការបំពេញឱ្យត្រូវតាមស្តង់ដារដ៏ខ្ពស់របស់សហភាពអឺរ៉ុបទៅលើសង្គម ការងារ និងបរិស្ថាន គឺជារឿងពិបាកមួយសម្រាប់សមាជិកអាស៊ានដែលមានការអភិវឌ្ឍតិចតួច៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content