បរទេស៖ ប្រជាធិបតេយ្យនៅសហរដ្ឋអាម៉េរិកកំពុងជួបប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំង ដោយសូចនាករជិតពាក់កណ្តាលក្នុងចំណោម ៣០ សូចនាករ បានធ្លាក់ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៥០ ឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានអន្តរជាតិដើម្បីប្រជាធិបតេយ្យ និងជំនួយការបោះឆ្នោត ឬ International IDEA។
របាយការណ៍ខាងលើត្រូវបានដកស្រង់មកចេញផ្សាយបន្តដោយកាសែតរុស្ស៊ី RT ហើយបានរាយការណ៍ថា អង្គការអន្តររដ្ឋាភិបាលនេះបានព្រមានពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាម៉េរិក ដែលមិនត្រឹមតែប៉ះពាល់ដល់នីតិរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាជំរុញឱ្យមានអស្ថិរភាព និងជម្លោះភូមិសាស្ត្រនយោបាយនៅលើពិភពលោកផងដែរ។
International IDEA ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត បានកត់សម្គាល់ថា សូចនាករជិតពាក់កណ្តាលក្នុងចំណោម ៣០ សូចនាករ ដែលប្រើសម្រាប់វាយតម្លៃសុខុមាលភាពប្រជាធិបតេយ្យនៅសហរដ្ឋអាម៉េរិក បានធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីវិទ្យាស្ថានចាប់ផ្តើមកត់ត្រាទិន្នន័យក្នុងឆ្នាំ ១៩៧៥។
ក្រុមអ្នកស្រាវជ្រាវបានគូសបញ្ជាក់ពីវិស័យសំខាន់ៗដែលបានធ្លាក់ចុះរវាងឆ្នាំ ២០២០ និង ២០២៥ រួមមានការទទួលបានយុត្តិធម៌ សមភាពសេដ្ឋកិច្ច សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ប្រសិទ្ធភាពរបស់សភា និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។
របាយការណ៍បានភ្ជាប់ការធ្លាក់ចុះនាពេលថ្មីៗនេះទៅនឹងការប្រមូលផ្តុំអំណាចទៅក្នុងស្ថាប័នប្រធានាធិបតី ក្នុងអាណត្តិទីពីររបស់ប្រធានាធិបតី Donald Trump ប៉ុន្តែបានកត់សម្គាល់ថា និន្នាការនៃការសឹករិចរិលមួយចំនួនបានចាប់ផ្តើមមុនអាណត្តិរបស់លោក។
ក្រុមអ្នកវិភាគបានលើកឡើងពីវិធានការនីតិបញ្ញត្តិក្នុងស្រុក រួមទាំងច្បាប់ Beautiful Bill ដែលត្រូវបានអនុម័តនៅខែកក្កដា ឆ្នាំ ២០២៥ និងបានកាត់បន្ថយជំនួយរដ្ឋាភិបាលសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប ថាជាកត្តាសំខាន់មួយដែលជំរុញឱ្យមានអស្ថិរភាពផ្ទៃក្នុងបន្ថែមទៀត។
ការសិក្សានេះក៏បានភ្ជាប់ការធ្លាក់ចុះនៃតុល្យភាពអំណាចប្រជាធិបតេយ្យក្នុងស្រុកទៅនឹងការផ្លាស់ប្តូរនយោបាយការបរទេស។ យោងតាម International IDEA យុទ្ធសាស្ត្ររបស់រដ្ឋបាលនេះ ដែលសំដៅពង្រឹងឧត្តមភាពតំបន់នៅអឌ្ឍគោលខាងលិច បានប្រើប្រាស់សម្ពាធសេដ្ឋកិច្ច ការគំរាមកំហែងអន្តរាគមន៍យោធាប្រឆាំងនឹងប្រទេសជិតខាង និងការជ្រៀតជ្រែកការបោះឆ្នោតនៅក្នុងប្រទេសដូចជា អាហ្សង់ទីន កូឡុំប៊ី និងហុងឌុយរ៉ាស។
សកម្មភាពដែលត្រូវបានលើកឡើងជាឧទាហរណ៍ រួមមានប្រតិបត្តិការយោធានៅវេណេស៊ុយអេឡា ដែលបានឈានដល់ការចាប់ខ្លួនប្រធានាធិបតី Nicolas Maduro។
ក្រៅពីអាម៉េរិកឡាទីន អង្គការនេះក៏បានរិះគន់សកម្មភាពយោធាឯកតោភាគីនៅបរទេស ដោយចង្អុលបង្ហាញជាពិសេសអំពីជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅខែកុម្ភៈ ដោយគ្មានការអនុញ្ញាតជាមុនពីសភា ឬអនុលោមតាមក្របខ័ណ្ឌសន្តិសុខរួមរបស់អង្គការសហប្រជាជាតិ។
របាយការណ៍បានអះអាងថា ការបំផ្លាញនីតិរដ្ឋក្នុងស្រុកមានទំនាក់ទំនងផ្ទាល់ទៅនឹងការមើលរំលងបទដ្ឋានអន្តរជាតិស្តីពីការដោះស្រាយជម្លោះដោយសន្តិវិធី៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content