ភ្នំពេញ ៖ កាណាឌីយ៉ា អ៊ីមផេក ហ្វាន់ ឬក៏ «Canadia Impact Fund Co.» (CIFC) ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលគ្រប់គ្រងក្រុមហ៊ុនធុរកិច្ចថ្មីសកម្មច្រើនជាងគេនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគជាមួយ DOCONCHAIN។ DOCONCHAIN គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងកំពុងប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីន ដោយផ្តល់សេវាកម្មជួយដល់ធុរកិច្ច និងស្ថាប័នសាធារណៈ ក្នុងការចុះហត្ថលេខា ធ្វើសាក្សីបញ្ជាក់ឯកសារ (notarization) ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងបញ្ជាក់សុពលភាពនៃឯកសារឌីជីថល។ ការវិនិយោគនេះនឹងជួយគាំទ្រដល់ការពង្រីកខ្លួនរបស់ DOCONCHAIN នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបើកឱកាសឱ្យក្រុមហ៊ុននេះស្វែងរកលទ្ធភាពអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៤ ខែវិច្ឆិកា ក្នុងព្រឹត្តិការណ៍ ហ្រ្វង់កូតិច (FrancoTech) ដែលរៀបចំឡើងនៅកោះពេជ្រ អមជាមួយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី (Francophonie) លើកទី ២០។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ប្រធានក្រុមប្រឹក្សាភិបាលនៃ Canadia Impact Fund និងលោក Olivier Bariou នាយកប្រតិបត្តិនៃ DOCONCHAIN ព្រមទាំងមានវត្តមានរបស់លោកស្រី Julie Huguet នាយិកានៃ Mission French Tech ផងដែរ។

ការធ្វើឱ្យឯកសារឌីជីថលកាន់តែងាយស្រួលផ្ទៀងផ្ទាត់
DOCONCHAIN អនុញ្ញាតឱ្យស្ថាប័ននានាធ្វើការចុះហត្ថលេខាលើឯកសារឌីជីថល ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារទាំងនោះ និងរកឃើញរាល់ការកែប្រែផ្សេងៗ។ បច្ចេកវិទ្យារបស់ខ្លួនកត់ត្រារាល់សកម្មភាពទាំងអស់នៅលើបណ្តាញប្លុកឆេនឯកជន (private blockchain) ហើយអាចប្រើប្រាស់បានតាមរយៈវេទិកាផ្ទាល់របស់ DOCONCHAIN ឬអាចដាក់បញ្ចូលទៅក្នុងប្រព័ន្ធអាជីវកម្ម និងប្រព័ន្ធរដ្ឋាភិបាលដែលមានស្រាប់។ នៅក្នុងប្រទេសហ្វីលីពីន ប្រព័ន្ធនេះគាំទ្រដល់ប្រព័ន្ធផ្តល់លិខិតអនុញ្ញាតអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ទីក្រុង San Juan ដែលបានដាក់ឱ្យដំណើរការនៅក្នុងខែមករា ឆ្នាំ ២០២៦។ លើសពីនេះ DOCONCHAIN បានសហការជាមួយក្រុមហ៊ុន Sprout Solutions ដែលជាអ្នកផ្តល់បច្ចេកវិទ្យាផ្នែកធនធានមនុស្ស (HR) ដើម្បីដាក់បញ្ចូលមុខងារចុះហត្ថលេខាឌីជីថល និងការផ្ទៀងផ្ទាត់ឯកសារទៅក្នុងប្រព័ន្ធរបស់ Sprout។ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមហ៊ុន Sprout បានរាយការណ៍ថាខ្លួនកំពុងផ្តល់សេវាកម្មដល់អតិថិជនជាក្រុមហ៊ុនជាង ២០០០ និងអ្នកប្រើប្រាស់សកម្មចំនួន ១៨០០០០ នាក់។

លោក Olivier Bariou ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃ DOCONCHAIN បានមានប្រសាសន៍ថា៖ «យើងបានឃើញថា អាជីវកម្ម និងស្ថាប័នសាធារណៈនានាត្រូវចំណាយពេលវេលាច្រើនប៉ុណ្ណាទៅលើការគ្រប់គ្រងឯកសារ។ យើងចង់ស្វែងយល់ថាតើបច្ចេកវិទ្យារបស់យើងអាចផ្តល់ប្រយោជន៍អ្វីខ្លះនៅក្នុងប្រទេសកម្ពុជា និងមើលថាតើយើងអាចបង្កើតអ្វីខ្លះរួមគ្នាជាមួយដៃគូក្នុងស្រុក»។

ឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន ប្រធានក្រុមប្រឹក្សាភិបាល Canadia Impact Fund បានមានប្រសាសន៍ថា៖ «អ្វីដែលធ្វើឱ្យយើងចាប់អារម្មណ៍លើ DOCONCHAIN នោះគឺបច្ចេកវិទ្យារបស់ខ្លួនត្រូវបានគេប្រើប្រាស់រួចហើយ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង។ យើងជឿជាក់ថា ដំណោះស្រាយប្រភេទនេះមានលទ្ធភាពសម្រាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅពេលដែលអាជីវកម្ម និងសេវាសាធារណៈកាន់តែច្រើនកំពុងផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល»។
តាមរយៈការវិនិយោគលើ DOCONCHAIN ក្រុមហ៊ុន CIFC មានគោលបំណងគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ឯកសារឌីជីថលដែលមានសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា ដោយជួយឱ្យអាជីវកម្ម និងស្ថាប័នសាធារណៈអាចបង្កើនប្រសិទ្ធភាព កាត់បន្ថយបន្ទុកផ្នែករដ្ឋបាល និងពង្រឹងទំនុកចិត្តលើប្រតិបត្តិការឌីជីថល។ ការវិនិយោគនេះក៏ឆ្លុះបញ្ចាំងផងដែរអំពីការបន្តគាំទ្ររបស់ CIFC ចំពោះក្រុមហ៊ុនបច្ចេកវិទ្យា ដែលកំពុងដោះស្រាយបញ្ហាប្រឈមជាក់ស្តែងក្នុងវិស័យអាជីវកម្ម។





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content