ភ្នំពេញ ៖ ប្លង់រឹង គឺសំដៅដល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ដូចជា ប្លង់ផ្ទះ ប្លង់ដី ជាដើម ហើយសព្វថ្ងៃនេះ មានម្ចាស់អចលនវត្ថុមួយចំនួនមានដីមានផ្ទះ តែមិនទាន់មានប្លង់រឹងដែលជាប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុនៅឡើយទេ ហើយពួកគាត់ក៏អាចមានហានិភ័យនៅពេលណាមួយជាមិនខាន។ ការដែលមានប្លង់រឹងគឺជាយន្តការពារដីធ្លី ឬផ្ទះសម្បែងបានមួយកម្រិត ដូច្នេះទើបអ្នកជំនាញលើកទឹកចិត្តឱ្យម្ចាស់ទ្រព្យដែលមានដីធ្លី និងផ្ទះសម្បែងទៅចុះបញ្ជី និងស្នើសុំធ្វើប្លង់រឹងឱ្យបានត្រឹមត្រូវ ។
ប្លង់រឹង ជាក្រដាសមួយសន្លឹកតែវាមានតម្លៃស្មើនឹងទ្រព្យរបស់អ្នក។ បច្ចុប្បន្ន ប្លង់រឹងត្រូវបានគេរចនាឡើងដោយមាន QR Code ងាយស្រួលក្នុងការឆែកមើលព័ត៌មានសម្គាល់ម្ចាស់អចលនវត្ថុ ដូច្នេះគ្មានអ្នកណាអាចបន្លំជាម្ចាស់អចលនវត្ថុនោះបាននោះទេ ។
អត្ថប្រយោជន៍ផ្សេងទៀតនៃក្រដាសមួយសន្លឹងដែលសម្គាល់ម្ចាស់អចលនវត្ថុនោះ គឺងាយស្រួលក្នុងការផ្ទេរសិទ្ធិទៅលើអចលនវត្ថុនោះ ហើយវាមានភាពងាយស្រួលក្នុងការទិញលក់ និងដាក់បន្ទុក ឬអាចហៅម្យ៉ាងទៀតថា ងាយស្រួលក្នុងការដាក់បញ្ចាំ ដើម្បីយកទុនមករកស៊ី ឬប្រកបរបរប្រចាំថ្ងៃក្នុងករណីខ្វះខាតទុន ។
មុនពេលចេញប្លង់រឹងជូនពលរដ្ឋ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានកាតព្វកិច្ចចាំបាច់ត្រូវដោះស្រាយលើរាល់វិវាទនៅក្នុងដំណើរការផ្តល់ប្លង់កម្មសិទ្ធិដែលកើតឡើងដោយសារភាពមិនច្បាស់លាស់ទាក់ទងនឹងព្រំប្រទល់ និងតំបន់ដែលមានភាពចម្រូងចម្រាសខាងកម្មសិទ្ធិដីធ្លី ។ គោលដៅចុងក្រោយរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គឺបង្កើតប្រព័ន្ធរដ្ឋបាលដីធ្លីដោយប្រសិទ្ធភាព និងភាពស្មោះត្រង់។
ចំពោះម្ចាស់ដីដែលមានប្លង់រឹងរួចហើយនេះមានន័យថា ក្បាលដីរបស់ពួកគេត្រូវបានវាស់វែងយ៉ាងច្បាស់ដោយមន្ត្រីសុរិយោដី ហើយព្រំដែនដីរបស់ពួកគេមានការព្រមព្រៀងគ្នា និងផ្តិតមេដៃបញ្ជាក់ដែលអាចបញ្ជាក់បន្ថែមលើសុវត្ថិភាពនៃកម្មសិទ្ធិលើអចលនទ្រព្យ។
ប្លង់រឹងអាចផ្តល់ភាពច្បាស់លាស់ដល់ម្ចាស់អចលនទ្រព្យលើគ្រប់ទិដ្ឋភាពទាំងអស់នៃអចលនទ្រព្យរបស់ពួកគេ ហើយនេះក៏ជាវិធីមួយដើម្បីការពារជម្លោះ ដូចជាជម្លោះព្រំដីរវាងម្ចាស់អចលនទ្រព្យម្នាក់ៗនាពេលអនាគត។ លើសពីនេះទៀតប្លង់រឹងប្រព័ន្ធគឺជាប័ណ្ណកម្មសិទ្ធិស្របច្បាប់១០០ភាគរយដែលម្ចាស់អចលនទ្រព្យត្រូវទទួលបាន ។

បច្ចុប្បន្ននេះ អ្នកដែលមានប្លង់រឹង ( LMAP ) មួយចំនួនបានរក្សាទុកនៅផ្ទះ ហើយបើសិនជាករណីបាត់បង់ដោយប្រការណាមួយ ម្ចាស់អចលនវត្ថុត្រូវរាយការណ៍ទៅសមត្ថកិច្ចបន្ទាន់ និងត្រូវស្នើសុំធ្វើថ្មី ។ ចំណែកម្ចាស់ទ្រព្យមួយចំនួនទៀត ដែលមានប្លង់រឹង គាត់អាចយកប្លង់រឹងទាំងនោះទៅបញ្ចាំ ឬដាក់នៅធនាគារហើយយកលុយមកវិនិយោគ ឬមកបង្កើតអាជីវកម្ម តែបើសិនជាអចលវត្ថុនោះមិនមានប្លង់រឹងត្រឹមត្រូវទេ ហើយគ្រាន់តែចង្អុលទីតាំងប្រាប់ទៅធនាគារដើម្បីស្នើសុំកម្ចីក៏ធនាគារមិនឱ្យនោះដែរ ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content