បរទេស៖ យោងតាមប្រភពពី Global Innovation បានលើកឡើងថា សុខភាពនៃវិស័យកសិកម្មនៅក្នុងប្រទេសនីហ្សេរីយ៉ាមានសារៈសំខាន់ចំពោះសុខុមាលភាពសេដ្ឋកិច្ចរបស់ប្រទេសដែលស្មើនឹង ២៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារប្រមាណ ៥៨ ភាគរយនៃកម្លាំងពលកម្មសកម្មរបស់ប្រទេស។

ទោះយ៉ាងណាក្តី វិស័យកសិកម្មប្រទេសនេះប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជា កត្តាបម្រែបម្រួលអាកាសធាតុ សេដ្ឋកិច្ចទាប កង្វះហិរញ្ញវត្ថុ ចំណេះដឹងខ្សោយផ្នែកការអនុវត្តកសិកម្មមានគុណភាព ទិន្នផលទាប សមត្ថភាពផ្ទុកមានកម្រិត និងការចូលទៅកាន់ទីផ្សារផ្លូវការមានភាពតូចចង្អៀត។ មិនត្រឹមតែប៉ុណ្ណោះ កសិករខ្នាតតូចជាច្រើននៅតែបន្តរស់នៅជាមួយនឹងចំណូលតិចជាង ២ ដុល្លារក្នុងមួយថ្ងៃ។ បន្ថែមពីនេះ វិស័យកសិកម្មរបស់ប្រទេសនីហ្សេរីយ៉ាងាយនឹងរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់ទិន្នផលដំណាំ និងបសុសត្វ។ ការប្រែប្រួលអាកាសធាតុបានប៉ះពាល់ដល់ដូចជា រារាំងការបង្កើនទិន្នផល ការអនុវត្តកសិកម្មមានភាពមិនស្ថិតស្ថេរ បង្កការគំរាមកំហែងដល់ជីវភាពកសិករ និងប៉ះពាក់ដល់ការផ្គត់ផ្គង់ស្បៀងអាហារ។ ដើម្បីកសាងភាពធន់របស់កសិករទៅនឹងបម្រែបម្រួលអាកាសធាតុ Babban Gona អនុវត្តដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ការធានារ៉ាប់រងទិន្នផលក្នុងករណីគ្រោះមហន្តរាយនៃអាកាសធាតុធ្ងន់ធ្ងរ។
ដើម្បីបង្កើនផលិតភាពរបស់កសិករ Babban Gona បានធ្វើការជាមួយកសិករទាំងនោះតាមរយៈវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងទូលំទូលាយ។ Babban Gona គឺជាក្រុមហ៊ុនកសិពាណិជ្ជកម្មដែលផ្តោតលើពោត។ គំរូអាជីវកម្មបរិយាបន្នប្រកបដោយភាពច្នៃប្រឌិត និងទូលំទូលាយរបស់ Babban Gona គឺការការកែលម្អជីវិតរបស់កសិករខ្នាតតូចប្រកបដោយនិរន្តរភាពតាមរយៈការផ្តល់សេវាកសិកម្មពីដើមរហូតដល់ចប់។ Babban Gona ដំណើរការនៅក្នុងតំបន់ក្រីក្របំផុតនៃប្រទេសនីហ្សេរីយ៉ា ដើម្បីផ្តល់ឱ្យកសិករនូវអ្វីដែលពួកគេត្រូវការដើម្បីរីកចម្រើនទាំងចំណេះដឹងផ្នែកដាំដុះ ការប្រមូលផល និងការផ្ទុកជាដើម។ ការបណ្តុះបណ្តាលទាំងនេះអាចឱ្យពួកគេបង្កើនទិន្នផល កាត់បន្ថយថ្លៃដើមផលិតកម្ម និងដំណាំរបស់ពួកគេទទួលបានតម្លៃខ្ពស់។ លើសពីនេះ ការចូលរួមពីដើមដល់ចប់របស់ Babban Gona ជាមួយកសិករបានអនុញ្ញាតឱ្យមានការប្រមូលទិន្នន័យ និងបង្កើនបរិមាណនៃទិន្នផលដ៏រឹងមាំ ។

ក្នុងនាមជាក្រុមហ៊ុនកសិពាណិជ្ជកម្មដែលផ្តោតលើពោត Babban Gona បានបណ្តុះបណ្តាលសមាជិកកសិករទាំងអស់របស់ខ្លួនអំពីបច្ចេកទេសកសិកម្មដ៏ល្អបំផុតមួយចំនួន ដើម្បីកែលម្អផលិតកម្មពោតរបស់កសិករ។ ក្រុមហ៊ុនមានភ្នាក់ងារជាច្រើននៅទូទាំងសហគមន៍តូចៗនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ដោយភ្នាក់ងារទាំងនោះមានឯកទេសក្នុងការបង្រៀនការរក្សាទឹក ការវិភាគដី ការដាំគ្រាប់ពូជ និងការដាំដុះប្រកបដោយនិរន្តរភាព។ នៅពេលដែលកសិករម្នាក់ចូលរួមជាមួយ Babban Gona គាត់នឹងមានសិទ្ធិទទួលបានវគ្គបណ្តុះបណ្តាលនេះដោយស្វ័យប្រវត្តិ។ ក្រុមការងាររបស់ Babban Gona បានធ្វើដំណើរពីភូមិមួយទៅភូមិដើម្បីជួយប្រជាជនតាមរបៀបដែល Babban Gona អាចជួយបាន។
នៅពេលដែលកសិករបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួម ពួកគេត្រូវបានឆ្លងកាត់ការធ្វើតេស្តចិត្តសាស្ត្រ ដែលពួកគេត្រូវបានវាយតម្លៃដោយផ្អែកលើជំនាញផលិតកម្មពោត បុគ្គលិកលក្ខណៈ សក្តានុពលការងារ និងសមត្ថភាពរបស់ពួកគេ។ អ្នកដែលឆ្លងកាត់បានជោគជ័យបានក្លាយជាសមាជិករបស់ Babban Gona។ សមាជិកកសិករត្រូវបានផ្តល់សិទ្ធិទទួលបានឥណទានសម្រាប់អាជីវកម្មរបស់ពួកគេ និងព័ត៌មានអំពីវិធីសាស្ត្រល្អបំផុតក្នុងទីផ្សារ ដើម្បីចែកចាយផលិតផលរបស់ពួកគេ។ Babban Gonaជួយកសិករឱ្យចាប់ផ្តើមគិតអំពីការប្រែក្លាយកសិដ្ឋានរបស់ពួកគេទៅជាអាជីវកម្មដ៏ធំមួយ ដើម្បីឱ្យពួកគេទទួលបានប្រាក់ចំណេញបន្ថែមទៀត និងទាកទាញការវិនិយោគ។
ជាលទ្ធផល កសិករនៅក្នុងខ្សែសង្វាក់តម្លៃ Babban Gona អាចបង្កើនប្រាក់ចំណូលរបស់ពួកគេបីដងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ កសិករទាំងនោះអាចបង្កើនប្រាក់ចំណូលសុទ្ធរបស់ពួកគេ ដោយសារការលើកទឹកចិត្តដែលផ្តល់ដោយក្រុមហ៊ុន។ កាលពីមុន កសិករអាចដាំគ្រាប់ពូជពោតមួយប៉ុណ្ណោះក្នុងមួយរន្ធ ប៉ុន្តែ Babban Gona បានបង្រៀនពួកគេអាចដាំបានច្រើនជាងមួយគ្រាប់ក្នុងមួយរន្ធ។ កសិកទាំងនោះធ្លាប់ប្រមូលផលពោតបានតែ ៤០ បាវប៉ុណ្ណោះក្នុងរដូវច្រូតកាត់ ប៉ុន្តែឥឡូវពួកគេអាចប្រមូលបានរហូតដល់ ២០០ បាវ។

ជាមួយនឹងឥទ្ធិពលសង្គម ក្រុមហ៊ុនបានពង្រីកទំនាក់ទំនងជាមួយនឹងកសិករក្រីក្រ និងគ្រួសារចំណូលទាបលើសពីកន្លះលាននាក់នៅក្នុងខ្សែសង្វាក់តម្លៃរបស់ខ្លួន។ កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុនបានណែនាំកម្មវិធីលក់រាយដែលផ្តល់សិទ្ធិអំណាចដល់ស្ត្រី ដោយមានការចូលរួមពីសហគ្រិនស្ត្រីចំនួន ១៨ ៥០០ នាក់ ដែលបណ្តុះបណ្តាលពីការលក់រាយនូវទំនិញប្រើប្រាស់ជាច្រើនប្រភេទ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចព្រមព្រៀងបំណុលក្រោមតម្លៃ ២,៥ លានដុល្លារប្រកបដោយភាពច្នៃប្រឌិតក្នុងឆ្នាំ ២០១៧ បានអនុញ្ញាតឱ្យ Babban Gona កែលម្អជីវភាពរបស់កសិករកាន់តែច្រើនប្រកបដោយនិរន្តរភាព។ លើសពីនេះ វាក៏រួមបញ្ចូលនូវការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដើម្បីបង្កើតផលចំណេញបន្ថែមទៀតសម្រាប់កសិករផងដែរ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content