បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា កំណើននៃកិច្ចព្រមព្រៀងអន្តរជាតិដែលមានបំណងចៀសឆ្ងាយពីប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មកំពុងកើនឡើងនាពេលថ្មីៗនេះ ដែលជាសញ្ញានៃការជំរុញឱ្យមានការបោះបង់ប្រាក់ដុល្លារជាសាកលដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក និងគោលនយោបាយហិរញ្ញវត្ថុខ្លាំងក្លារបស់ទីក្រុងវ៉ាស៊ីនតោន។

សារព័ត៌មានរ៉យទ័របានធ្វើការវិភាគ និងដាក់ចំណងជើងថា តើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនឹងគំរាមកំហែងដល់អំណាចនៃប្រាក់ដុល្លារដែរ ឬទេ?
ជាច្រើនទសវត្សរ៍ហើយ វ៉ាស៊ីនតោន បានប្រើប្រាស់រូបិយប័ណ្ណប្រាក់ដុល្លារជាអំណាចមួយដើម្បីរក្សាឧត្តមភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលរបស់ខ្លួន ខណៈពេលដែលដាក់កំហិតលើហិរញ្ញវត្ថុនៃប្រទេសប្រទេសជាច្រើនដែលខ្លួនយល់ថាជាការបំពានផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ សហរដ្ឋអាមេរិកមានចំណែកប្រហែល ២០ ភាគរយនៃទិន្នផលសេដ្ឋកិច្ចសរុបរបស់សកល ហើយជាងពាក់កណ្តាលទុនបម្រុងរូបិយប័ណ្ណពិភពលោកគឺគិតជាដុល្លារ រួមទាំងប្រតិបត្តិការឆ្លងកាត់ព្រំដែនភាគច្រើនត្រូវបានប្រើប្រាស់ជាមួយនឹងប្រាក់ដុល្លារផងដែរ។ មូលហេតុនេះជួយឱ្យប្រាក់ដុល្លាររក្សាតំណែងឈានមុខគេក្នុងចំណោមរូបិយប័ណ្ណបម្រុងផ្សេងៗទៀតរបស់ពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ ប្រាក់យ័នរបស់ចិន ដែលជាគូប្រជែងដ៏សំខាន់របស់ប្រាក់ដុល្លារកំពុងមានការកើនឡើងជាខ្លាំងក្នុងរយៈពេលថ្មីៗនេះ ដោយសារតែការកើនឡើងនៅក្នុងពាណិជ្ជកម្មអន្តរជាតិ រួមជាមួយនឹងការពង្រីកសេដ្ឋកិច្ចចិន។ ទន្ទឹមនឹងនេះ អ្នកសេដ្ឋកិច្ចបានកត់សម្គាល់ពីកង្វះតម្លាភាពនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសចិន ហើយប្រាក់យ័នមិនអាចបំប្លែងទៅជារូបិយប័ណ្ណសកលបានពេញលេញនោះទេ ខណៈដែលប្រាក់រូពីឥណ្ឌាក៏ត្រូវបានគេដាក់ឈ្មោះថាជាអ្នកប្រកួតប្រជែងនឹងប្រាក់ដុល្លារផងដែរ។ ចំពោះប្រាក់អឺរ៉ូ និងប្រាក់យ៉េនជប៉ុនវិញ ត្រូវបានវិភាគថាពួកគេមានស្ថិរភាព និងអនាគតយូរអង្វែង បើទោះបីជាមានបញ្ហាសេដ្ឋកិច្ចនៅក្នុងសហភាពអឺរ៉ុប និងក្នុងប្រទេសជប៉ុនក៏ដោយ។ ដូច្នោះហើយ អ្នកសេដ្ឋកិច្ចភាគច្រើនជឿថា ការជំនួសប្រាក់ដុល្លារភ្លាមៗដោយរូបិយប័ណ្ណផ្សេងមិនងាយនឹងកើតឡើងនោះទេ។
ស្របពេលនេះដែរ អ្នកវិភាគមួយចំនួនបាននិយាយថា ការដាក់ទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិកមិនធ្លាប់មានពីមុនមកបានបង្កកទុនបំរុងជាងពាក់កណ្តាលរបស់ទីក្រុងម៉ូស្គូ និងការកំណត់សមត្ថភាពរបស់ធនាគាររុស្ស៊ីក្នុងការធ្វើប្រតិបត្តិការតាមរយៈប្រព័ន្ធផ្ញើរប្រាក់ SWIFT ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសជាច្រើន ជាពិសេសប្រទេសដែលស្ថិតក្នុងវិធានការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកបានលើកឡើងពីការព្រួយបារម្ភថា វិធានការដែលដាក់លើរុស្ស៊ីទាំងនោះអាចនឹងប្រើប្រាស់ប្រឆាំងនឹងពួកគេនាពេលអនាគត ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃសេដ្ឋកិច្ចរបស់ពួកគេ។

យោងតាមប្រភពដដែលបានឱ្យដឹងថា ស្ថានភាពអំណាចនៃប្រាក់ដុល្លារអាមេរិកអាចប្រឈមនឹងការប្រកួតប្រជែងនៅពេលវេលា និងកាលៈទេសៈជាក់លាក់ណាមួយពីក្រុមប្រទេសកំពុងរីកចម្រើន BRICS ដែលប្លុកសេដ្ឋកិច្ចនេះរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ហើយកំណើនសេដ្ឋកិច្ចពួកគេបានវ៉ាដាច់ G7 រួចហើយនៅឆ្នាំនេះ។ លើសពីនេះផងដែរ ពួកគេកំពុងជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ និងការខិតខំប្រឹងប្រែងដើម្បីបង្កើតបណ្តាញទូទាត់រួមគ្នា ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច ជាពិសេសប្រាក់ដុល្លារ។
នាពេលថ្មីៗនេះ សេដ្ឋវិទូជាច្រើន និងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Janet Yellen បានព្រមានថា ទណ្ឌកម្មឯកតោភាគីដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោនទៅលើប្រទេសនានាជុំវិញពិភពលោកនឹងធ្វើឱ្យប៉ះពាល់ដល់អំណាចនៃប្រាក់ដុល្លារ។ លើសពីនេះផងដែរ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ក៏បាននិយាយផងដែរថា ប្រាក់ដុល្លារកំពុងបាត់បង់អំណាចកំពូលរបស់ខ្លួន។ នាពេលថ្មីៗនេះ ទីភ្នាក់ងារវាយតម្លៃអន្តរជាតិ Moody’s បាននិយាយថា ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ គឺជាបញ្ហាដែលអាចគំរាមកំហែងដល់អំណាចប្រាក់ដុល្លារ។ បច្ចុប្បន្ននេះ ស្ថានភាពរបស់ប្រាក់ដុល្លារនៅតែមានឥទ្ធិពលធំទាំងផ្នែកពាណិជ្ជកម្មអន្តរជាតិ និងការចំណាយរបស់រដ្ឋាភិបាល។ ដូច្នោះហើយ ការបាត់បង់តម្លៃប្រាក់ដុល្លារអាចបណ្តាលឱ្យមានការធ្លាក់ចុះជាបន្តបន្ទាប់នៃតម្រូវការសម្រាប់រូបិយប័ណ្ណវត្ថុ ដែលនឹងតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនរឹតបន្តឹងគោលនយោបានហិរញ្ញវត្ថុបន្ថែមទៀត។ បញ្ហាដែលនឹងកើតឡើងមានដូចជា ៖ លទ្ធភាពទទួលបានដើមទុនតិច ការចំណាយលើការខ្ចីប្រាក់ខ្ពស់ និងការធ្លាក់ចុះនៃតម្លៃទីផ្សារភាគហ៊ុន៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content