បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍៍ថា គណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់អាម៉េរិក (FCC) គ្រោងនឹងអនុម័តច្បាប់ ដើម្បីរារាំងក្រុមហ៊ុននានាពីការភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រមកកាន់សហរដ្ឋអាម៉េរិកដែលមានរួមបញ្ចូលបច្ចេកវិទ្យារបស់ចិន។

លោក Brendan Carr ប្រធាន FCC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖
«យើងបានឃើញហេដ្ឋារចនាសម្ព័ន្ធខ្សែកាបក្រោមបាតសមុទ្រត្រូវបានគំរាមកំហែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពីសំណាក់បរទេស ជាពិសេសប្រទេសចិន។ ដូច្នេះហើយ FCC កំពុងចាត់វិធានការដើម្បីការពារខ្សែកាបក្រោមបាតសមុទ្ររបស់យើង ប្រឆាំងនឹងការធ្វើជាកម្មសិទ្ធិរបស់បរទេស និងការចូលប្រើប្រាស់របស់បរទេស»។
ទន្ទឹមនឹងនេះ FCC អាចនឹងអត្ថាធិប្បាយបន្ថែមទៀតលើវិធានការ ដើម្បីការពារសុវត្ថិភាពខ្សែកាបក្រោមបាតសមុទ្រប្រឆាំងនឹងការចូលរបស់បរទេស។ ករណីកាត់ផ្តាច់ខ្សែកាបក្រោមបាតសមុទ្រចំនួនពីរនៅសមុទ្របាល់ទិកបានជំរុញឱ្យមានការស៊ើបអង្កេតកាន់តែខ្លាំងឡើង ដោយកាលពីឆ្នាំ២០២៣ តៃវ៉ាន់ បានចោទប្រកាន់កប៉ាល់ចិនពីរគ្រឿងថា ពួកគេបានកាត់ខ្សែចំនួនពីរ ដែលផ្តល់សេវាគាំទ្រអ៊ីនធឺណិតនៅលើកោះ Matsu។ លើសពីនេះ ការវាយប្រហាររបស់ Houthi នៅសមុទ្រក្រហមត្រូវទទួលខុសត្រូវចំពោះការកាត់ខ្សែកាបក្រោមបាតសមុទ្រចំនួន៣ ដែលផ្តល់សេវាអ៊ីនធឺណិតទៅកាន់អឺរ៉ុប និងអាស៊ី។

អាម៉េរិកបានសម្តែងការព្រួយបារម្ភជាច្រើនឆ្នាំអំពីតួនាទីរបស់ចិនក្នុងការគ្រប់គ្រងចរាចរណ៍បណ្តាញ និងលទ្ធភាពនៃសកម្មភាពចារកម្ម។ លើសពីនេះ អាម៉េរិកព្រួយបារម្ភអំពីសុវត្ថិភាពទិន្នន័យនៃបណ្តាញខ្សែកាបក្រោមបាតសមុទ្រជាង ៤០០ ខ្សែដែលគ្រប់គ្រងចរាចរណ៍អ៊ីនធឺណិតអន្តរជាតិប្រមាណជា ៩៩%។
ចាប់តាំងពីឆ្នាំ២០២០ រហូតមក និយតករអាម៉េរិកបានលុបចោលខ្សែកាបបាតសមុទ្រចំនួន ៤ ដែលភ្ជាប់អាម៉េរិកជាមួយហុងកុង។ កាលពីឆ្នាំមុន FCC លើកឡើងថា ដោយសារការកើនឡើងនៃភាពព្រួយបារម្ភផ្នែកសុវត្ថិភាព ខ្លួនបានពិចារណាលើច្បាប់ថ្មីសម្រាប់គ្រប់គ្រងខ្សែកាបក្រោមបាតសមុទ្រ ដែលជាផ្នែកមួយនៃការពិនិត្យឡើងវិញនូវបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងចរាចរណ៍អ៊ីនធឺណិតស្ទើរតែទាំងអស់របស់ពិភពលោក។ បន្ថែមពីនេះ FCC ពិចារណាលើការារាំងនៃការប្រើប្រាស់សេវាកម្ម ឬ ធាតុនៅក្នុងខ្សែកាបក្រោមសមុទ្ររបស់ពីក្រុមហ៊ុនចិនមួយចំនួនដូចជាក្រុមហ៊ុន Huawei, ZTE, China Telecom និង China Mobile ដោយលើកឡើងពីហេតុផលថាបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់អាម៉េរិក៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content